Barca បាន​ខ្សឹប​ប្រាប់​កីឡាករ​ម្នាក់​ហើយ ថា​រូប​គេ​នឹង​ត្រូវ​លក់​ចេញ​រដូវ​ក្តៅ​នេះ

តាម​របាយការណ៍​ពី Sport បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ​កណ្តាល​របស់​ក្លឹប Barcelona គឺ​កីឡាករ Samuel Umtiti បាន​ទទួល​ដំណឹង​ពី​ក្លឹប​រួច​ជា​ស្រេច​ហើយ អំពី​ផែនការណ៍​ត្រៀម​លក់​រូប​គេ​ចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ។

ហេតុផល​បើក​ចំហ​ដូច​អ្នក​គាំទ្រ​បាល់ទាត់​ជា​ច្រើន​ឃើញ​ស្រាប់ នោះ​ក៏​ដោយសារ​តែ​បញ្ហា​របួស​ញាំញី​សម្រាប់​អតីត​ខ្សែ​ការពារ​ផ្ទេរ​ចេញ​ពី Lyon រូប​នេះ រុញ​ឲ្យ​ទម្រង់​លេង​របស់​គេ​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង។

មិន​ច្បាស់​ថា​នឹង​ផ្ទេរ​ចេញ​ទៅ​កាន់​ក្លឹប​ណា​មួយ​ឡើយ តែ​តាម​ប្រភព​ដដែល​គឺ​កីឡាករ​បារាំង​នឹង​ត្រូវ​លក់​ទៅ​កាន់​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី។ តាម​ TransferMarkt ហាងឆេង​ថ្លៃ​ខ្លួន​បច្ចុប្បន្ន​របស់​គេ​ថ្លៃ​ប្រមាណ ៣២ លាន​អឺរ៉ូ។

Barcelona នឹង​បង្វែរ​ផ្តោត​សំខាន់​ទៅ​លើ​កីឡាករ​ Lenglet ក៏​ដូច​ជា Araujo ឲ្យ​មក​ចូលរួម​នៅ​ឈុត​ធំ​ពេញលេញ​វិញ ដោយ​អ្នក​ទាំង​ពីរ​នេះ​ក៏​ជា​ក្តី​សង្ឃឹម​ដ៏​សំខាន់​ត្រៀម​សម្រាប់​ជំនួស​ Gerard Pique ដែល​មាន​អាយុ​រាង​ជ្រេ​ហើយ​ផង​នោះ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT