ភ្លាត់​មាត់​ឬ​ជា​ដំណឹង​ច្បាស់ការ? Sane ថា Havertz នឹង​ទៅ​ចូលរួម​នៅ Chelsea ពិតមែន

Leroy Sane បាន​បង្ហើប​នូវ​ដំណឹង​ភ្ញាក់ផ្អើល​មួយ ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ថា Kai Havertz នឹង​ចាកចេញ​ពី Bayer Leverkusen ហើយ​ទៅ​ចូលរួម​នៅ​ក្លឹប​តោ​ខៀវ Chelsea ដូច​ចចាមអារ៉ាម​កំពុង​ផ្ទុះ​ពិត​មែន។

Havertz និង Sane ជា​មិត្ត​រួម​សញ្ជាតិ​អាល្លឺម៉ង់​រួម​គ្នា ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​លេង​រួម​ក្លឹប​ជាមួយ​គ្នា​កន្លង​មក​ឡើយ។

និយាយ​អំឡុង​ការ​បង្ហាញ​ខ្លួន​ផ្លូវការ នាម​ជា​កីឡាករ​របស់ Bayern ខ្សែ​ប្រយុទ្ធ Sane ថា៖ “វា​ជា​រឿង​ល្អ​សម្រាប់ Chelsea ដែល​ចុះ​ហត្ថលេខា​យក​បាន​កីឡាករ​អាល្លឺម៉ង់​ដ៏​ពោរពេញ​ដោយ​ទេពកោសល្យ ២ រូប មាន Timo Werner និង Kai Havertz នៅ​រដូវ​ក្តៅ​នេះ”។

បញ្ជាក់​ថា Havertz នា​រដូវ​កាល ២០១៩/២០ រក​បាន ១៧ ​គ្រាប់​និង Assist ៧ លើក​ឲ្យ​ក្លឹប Leverkusen ហើយ​គេ​បាន​ស្ថិត​ក្រោម​រ៉ាដា​ចង់​បាន​របស់ Chelsea រយៈ​ពេល​ច្រើន​ខែ​មក​ហើយ។ ប្រសិន​ជា​ការ​ពិត​នោះ​គេ​នឹង​ក្លាយ​ជា​ការ​ចុះ​ហត្ថលេខា​ធំ​បំផុត​ទី ៣ របស់ Chelsea បន្ទាប់​ពី Werner និង Ziyech៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT