Rivaldo៖ “ពាន Ballon d’Or រំសាយ​ចោល​ឆ្នាំ​នេះ​ត្រូវ​ហើយ តែ​ស្តាយ​ជំនួស Lewandowski”

អតីត​កីឡាករ​ជើង​ចាស់​របស់ Barcelona លោក Rivaldo បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ស្ថាប័ន France Football ពាក់ព័ន្ធ​ការ​រំសាយ​ចោល​នូវ​ព្រឹត្តិការណ៍​ប្រកាស​អ្នក​ឈ្នះ​ពាន Ballon d’Or ឆ្នាំ ២០២០ ក្រោម​ហេតុផល​បាល់ទាត់​ត្រូវ​បាន​ផ្អាក​រយៈ​ពេល​ខ្លី។

Rivaldo ដែល​ធ្លាប់​ជា​អ្នក​ឈ្នះ​ពាន​នេះ កាល​ពី​ឆ្នាំ​ ១៩៩៩ ក៏​បាន​ឆ្លៀត​បង្ហាញ​ការ​សោកស្តាយ​សម្រាប់ Robert Lewandowski ផង​ដែរ ដែល​អាច​ថា​ជា​បេក្ខភាព​ដ៏​សក្តិសម​មួយ។

ប្រាប់ Betfair បុរស​សញ្ជាតិ​ប្រេស៊ីល​និយាយ៖ “វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ការ​ដែល​មិន​ប្រគល់​ពាន Ballon d’Or ឆ្នាំ​នេះ ​ព្រោះ​វា​ជា​រដូវ​កាល​ដ៏​ប្លែក​មួយ​នៅ​លីគ​អឺរ៉ុប ដោយ​មាន​ការ​ប្រកួត​ជា​ច្រើន​លេង​បិទ​ទ្វារ ហើយ​កីឡាករ​ខ្លះ​ដូច​ជា​នៅ Ligue 1 ក៏​បញ្ចប់​រដូវ​កាល​មិន​ពេញលេញ​ថែម​ទៀត”។

លោក​បន្ថែម​ថា៖ “តែ​ក៏​មាន​កីឡាករ​មួយ​ចំនួន​អាច​មាន​អារម្មណ៍​តូចចិត្ត ដូច​ជា Lewandowski របស់ Bayern Munich តែ​ម្តង ដោយ​កីឡាករ​ប៉ូឡូញ​បាន​ឈ្នះ​ពាន Bundesliga ៨ រដូវ​កាល​ជាប់​គ្នា ហើយ​នៅ​បន្ត​ឈរ​លើ​វិថី​នៅ Champions League អាច​ថា​ជា​ពេល​ដ៏​ល្អ​របស់​គេ​ក្នុង​ការ​តតាំង Lionel Messi និង Cristiano Ronaldo សម្រាប់​ពាន​នេះ”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT