ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធបើកសិក្ខាសាលាប្រមូលធាតុចូលដើម្បីតាក់តែងសេចក្តីព្រាងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា

ដើម្បីធានាបាននូវការបំពេញបេសកកម្មក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ និងឧត្តមភាព ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលារយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣-២៤ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីប្រមូលធាតុចូល នៃការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌បានមានប្រសាសន៍ថា នាឆ្នាំ២០២៣ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាលើកដំបូងជាប្រវត្តិសាស្ត្រ ហើយក្នុងនាមជាសមាជិកស្ថាបនិកតាំងពីឆ្នាំ១៩៥៩ មក យើងមិនមានឱកាសល្អដូចជាពេលនេះឡើយ។ បេសកកម្មដ៏ឧត្តុង្គឧត្តមនេះពិតជាធ្ងន់ធ្ងរ និងមានតម្លៃបំផុតសម្រាប់កម្ពុជាក្នុងការបញ្ចេញសមត្ថភាព និងរួមគ្នាដើម្បីស្តារកិត្យានុភាពរបស់ប្រទេសជាតិយើងឡើងវិញនៅលើឆាកអន្តរជាតិ។

ឯកឧត្តមបន្តថា ដូច្នេះដើម្បីធានាបាននូវឧត្តមភាព យើងត្រូវការរៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ហើយច្បាប់នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣ ហើយក៏ជាការពង្រឹងនូវការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡារបស់យើងឲ្យកាន់តែមានលក្ខណៈនីតិរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឲ្យច្បាប់នេះបានចេញជាស្ថាពរ ក្រសួងបានសម្រេចបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នៃក្រសួងអប់រំយុវជននិងកីឡា ដោយមានសមាជិក២០រូប។ គណៈកម្មការនេះមានភារកិច្ច សិក្សាស្រាវជ្រាវច្បាប់កីឡាផ្សេងៗក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ សិក្សាអំពីតួនាទីភារកិច្ចទំនួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាចងក្រងតាក់តែងធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ស្នើសុំយោបល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាដើម្បីស្វែងរកធាតុចូលក្នុងការតាក់តែងច្បាប់នេះ សិក្សាលើគម្រោងចំណាយក្នុងកិច្ចការងារសិក្សាស្រាវជ្រាវចងក្រងច្បាប់ អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ គណៈកម្មការនេះមានសិទ្ធិបន្ថែមសមាជិក តាមការចាំបាច់។

គួរបញ្ជាក់ដែរថា សិក្ខាសាលាប្រមូលធាតុចូល នៃការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា មានសិក្ខាកាមចំនួន៥០រូប មកពីក្រសួងអប់រំយុវជននិងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដោយអគ្គលេខាធិការឯកឧត្តម វ៉ាត់ ចំរើន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតំណាងដោយអគ្គលេខាធិការ ឯកឧត្តម យី វាសនា និងសហព័ន្ធកីឡាជាតិនានា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT