កីឡាករ ៤ រូប​ដែល Real Madrid អាច​នឹង​លក់​ចេញ ដើម្បី​សម្រាល​ដល់​បន្ទុក​ចំណាយ

នៅ​អំឡុង​ផ្ទុះ​ការ​រាតត្បាត​ COVID-19 ក្លឹប Real Madrid បាន​ខាតបង់​ចំណូល​ប្រមាណ ២០០ លាន​អឺរ៉ូ បែប​នេះ​ការ​មក​ដល់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ អាច​នឹង​ជា​ពេល​សមគួរ​ដែល​ក្លឹប​អេស្ប៉ាញ​ធ្វើ​ការ​លក់​ចេញ​កីឡាករ ក្នុង​គោលដៅ​សម្រាល​បន្ទុក​ចំណាយ​ខ្លះ។

អ្វី​ដែល​ក្លឹប​នៅ​តែ​ចាយ​ធំ ក្នុង​វិបត្តិ COVID-19 នោះ​គឺ​ថ្លៃ​ពលកម្ម​សម្រាប់​កីឡាករ ហើយ​បច្ចុប្បន្ន​នៅ Real Madrid ក៏​មាន​កីឡាករ​គរ​ជើង​គ្នា​ច្រើន​ទៀត ហើយ​បើ​រាប់​ទាំង​ចាស់​ថ្មី និង​កីឡាករ​ជាប់​លក្ខខណ្ឌ​ខ្ចី​ជើង​ទៀត​នោះ គឺ​សរុប​មាន ៣៧ នាក់។

តាម​ប្រភព​ពី Marca បាន​ឲ្យ​​ដឹង​ថា កីឡាករ ៤ រូប​ដែល​មាន​ភាគរយ​ខ្ពស់​អាច​នឹង​ត្រូវ Real លក់​ចេញ​មាន​ដូច​ជា James Rodriguez, Gareth Bale, Mariano Diaz និង Luka Jovic។

សម្រាប់ Bale ជា​ទំហំ​ចំណាយ​ប្រចាំ​ឆ្នាំ​ខ្ពស់​បំផុត ដោយ​ប្រាក់​ពលកម្ម​របស់​គេ​គឺ​ទទួល​បាន​ដល់​ទៅ ១៧ លាន​អឺរ៉ូ ស្រប​ពេល​ដែល James ក្លឹប​ត្រូវ​ចាយ ៨ លាន​អឺរ៉ូ។ ឈ្មោះ​ទាំង​បួន​ដូច​បញ្ជាក់​ខាង​លើ សុទ្ធ​សឹង​ជា​កីឡាករ​ដែល​មិន​សូវ​មាន​ចំណែក​ជួយ​ក្លឹប​នោះ​ទេ ណា​មួយ​មិន​ស្ថិត​ក្នុង​ជម្រើស​ដំបូង​សម្រាប់​លោក Zinedine Zidane ផង។

James អាច​នឹង​ត្រូវ​ចាកចេញ​ទៅ​កាន់​ក្លឹប Benfica, Inter, AC Milan ឬ Man Utd ដែល​នេះ​សុទ្ធ​សឹង​ជា​ក្លឹប​ធ្លាប់​ល្ហៀងៗ​ចង់​បាន​កីឡាករ​កូឡុំប៊ី ស្រប​ពេល​ដែល Bale ពិត​ណាស់​ដែល​មាន​ក្លឹប​ផ្សេង​ចង់​បាន តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ពិបាក​ក្នុង​ការ​ចរចា​លើ​ថ្លៃ​ពលកម្ម​ដ៏​ច្រើន​លើសលប់​នោះ​តែ​ម្តង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT