គិតត្រឹមថ្ងៃនេះ ពោលគឺរយៈពេល ០៩ថ្ងៃហើយ ដែលក្រុមយុវជនបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី មុនចូលរួមប្រកួតពាន AFF U-16 នៅឥណ្ឌូនេស៊ី ។
ការត្រៀមខ្លួនក្នុងឆ្នាំនេះហាក់ដូចជាបានល្អ និងមានគុណភាពសម្រាប់ក្រុមជម្រើសជាតិយុវជន ដែលដឹកនាំដោយលោក Lee Tae Hoon ឆ្នាំទីពីរនេះ ។
អំឡុងពេលហ្វឹកហាត់នៅម៉ាឡេស៊ី U-16 កម្ពុជា បានប្រកួតមិត្តភាព ២លើកហើយ ពោលគឺទល់នឹងនិងជម្រើសជាតិ U-16 ម៉ាឡេស៊ី ដែលចាញ់ ៤-០ និង ទល់នឹងក្រុម UiTM U-19 ដែលស្មើគ្នា ០-០ កន្លងមក។
ក្រៅពីការហ្វឹកហាត់ និងប្រកួតមិត្តភាព ពួកគេក៏ទទួលបាននូវការការពិនិត្យសុខភាព តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅទីនោះផងដែរ ។
សូមបញ្ជាក់ថា ឆ្នាំដំបូងដែលលោក Lee Tae Hoon ដឹកនាំក្រុមជម្រើសជាតិ U-16 នេះ គឺកាលពីឆ្នាំ ២០១៧ ដែលកាលនោះគេប្រើប្រាស់កីឡាករត្រឹមអាយុ U-15 ប៉ុណ្ណោះ ហើយកម្ពុជា មិនបានឆ្លងវគ្គជម្រុះពូលនោះទេ ថ្វីបើកីឡាករ សៀង ចន្ធា ទទួលបានឈ្មោះជាកីឡាករ Top Scorers ប្រចាំកម្មវិធី។
បែបនេះក្តី មិនមានវត្តមាន យុវជនមកពីក្រុមសាលាបាល់ទាត់ជាតិបាទី U-18 រូបនេះឡើយ ក្នុងការប្រកួតឆ្នាំនេះ ដោយ ចន្ធា ត្រូវការពេលវេលាសម្រាករក្សាកម្លាំងឡើងវិញសិន ។ នេះបើតាមការឲ្យដឹងពីគ្រូបង្វឹកផ្ទាល់តែម្តង ។
គួររំលឹកថា ពានរង្វាន់ AFF U-16 Championship 2018 នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ថ្ងៃទី ១១ ខែ សីហា ដោយក្នុងនោះផងដែរ កម្ពុជា ស្ថិតនៅក្នុងពូល A ៕