Ole ​មិន​ទាន់​ច្បាស់​ថា​ដាក់ De Gea លេង​យប់​នេះ​ឬ​អត់​នោះ​ទេ​

​លោក ​Ole Gunnar Solskjaer ​មិន​អាច​បញ្ជាក់​នៅ​ពេល​នេះ​បាន​នោះ​ទេ ​ថា​អ្នក​ចាំទី David de Gea ​នឹង​មាន​វត្តមាន​លេង​នៅ​យប់​នេះ ​ទល់ West Ham ​ឬ​អត់​នោះ។

​De Gea ​បាន​ភ្លាត់​២​គ្រាប់ ​ដែល​ធ្វើ​ឱ្យ​ក្រុម Man Utd ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Chelsea ​ក្នុង​លទ្ធផល ៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កន្លង​ទៅ​នេះ។ ​ការ​បង្ក​កំហុស​ជា​ញឹកញាប់​នេះ បាន​ធ្វើ​ឱ្យ​ទំនុក​ចិត្ត​លើ​រូបគេ​ពី​សំណាក់​លោក Ole ​ក៏​ថមថយ​ចុះ​ខ្លាំង​ផង​ដែរ។ ជាក់​ស្ដែង​នៅ​យប់​នេះ ​អ្នក​ចាត់ការ Man Utd ​មិន​អាច​ប្រាកដ​ថា​អ្នក​ចាំទី​អេស្ប៉ាញ ​នឹង​អាច​បាន​លេង​ឬ​អត់​នោះ​ទេ។

ការ​ប្រកួត​នៅ​យប់​នេះ គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​បិសាច​ក្រហម ​ពោល​គឺ​បើ​ពួកគេ​អាច​ឈ្នះ West Ham ​បាន នោះ​នឹង​មាន​ឱកាស​ឡើង​ទៅ​ចូល​តំបន់ Top4 ​បាន​សម្រេច​ហើយ។ ​បច្ចុប្បន្ន​នេះ ​ពួកគេ​នៅ​លេខ​៥​ក្នុង​តារាង ​មាន​៦២​ពិន្ទុ ​តែ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ។ ខណៈ​ដែល​ក្រុម Leicester City ​មាន​៦២​ពិន្ទុ​ដែរ ​តែ​លើស​១​ប្រកួត ​ឈរ​នៅ​លេខ​៤។ Chelsea ​នៅ​លេខ​៣ ​មាន​តែ​៦៣​ពិន្ទុ​ប៉ុណ្ណោះ ​ហើយ​តោ​ខៀវ ត្រូវប៉ះ Liverpool ​នៅ​រាត្រី​នេះ​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT