កីឡាករ ២ រូប​ខូចចិត្ត​ខ្លាំង​បំផុត ក្រោយ​លឺ​ដំណឹង​ថា Ballon d’Or ត្រូវ​រំសាយ​ឆ្នាំ​នេះ

នៅ​យប់​ថ្ងៃ​ទី ២០ ​កក្កដា ស្ថាប័ន​សារព័ត៌មាន France Football បាន​ប្រកាស​នូវ​ដំណឹង​ភ្ញាក់ផ្អើល​មួយ ជុំវិញ​ការ​រំសាយ​ចោល​នូវ​ព្រឹត្តិការណ៍​ Ballon d’Or ឆ្នាំ ២០២០ ក្រោម​ហេតុផល​ដែល​បាល់ទាត់​ត្រូវ​បាន​ផ្អាក​អំឡុង​ស្ថានភាព​រីករាលដាល​នៃ​ជំងឺ COVID-19 រុញ​ឲ្យ​ការ​វាយ​តម្លៃ​លើ​កីឡាករ​អាច​មិនស្មើភាពគ្នា។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ជា​ពិសេស​គឺ​កីឡាករ​ផ្ទាល់​តែ​ម្តង ដែល​ខ្លះ​បាន​ខិតខំ​ពេញ​មួយ​រដូវ​កាល ហើយ​ទទួល​បាន​ផ្លែផ្កា​លើស​ពី​ការ​រំពឹង​ទុក។ តួ​យ៉ាង​ដូច​ជា Robert Lewandowski និង Karim Benzema។

ជឿ​ថា​ការ​យល់​ឃើញ​នេះ ក៏​មិន​ខុស​ពី​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ទូទៅ ដែល​បាន​មើល​ឃើញ​ពី​លទ្ធផល​ជោគជ័យ​ជា​ទី​គាប់ចិត្ត ជា​ពិសេស​គឺ Lewandowski តែ​ម្តង។ សម្រាប់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ ​តាំង​ពី​ដំបូង​ឡើយ​មាន​ភាគរយ​ខ្ពស់​ជឿ​ថា អាច​នឹង​ឈ្នះ​ពាន Ballon d’Or នៅ​ចុង​ឆ្នាំ នោះ​ក៏​ដោយសារ​តែ​ជ័យជម្នះ​របស់ Bayern Munich ជាមួយ​ពាន​ Bundesliga និង DFB-Pokal ហើយ​សាមី​ខ្លួន​ផ្ទាល់​ក៏​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ប្រចាំ​តំបន់​អឺរ៉ុប ធ្វើ​បាន​ដល់​ទៅ ៥១ គ្រាប់​ឯ​ណោះ​គិត​ត្រឹម​ថ្ងៃ​ទី ២១ ​កក្កដា។ សឹង​ ៩០ ភាគរយ​ហើយ​ដែល Lewandowski អាច​នឹង​ឈ្នះ​ពាន Ballon d’Or ហើយ​ប្រសិន Bayern លើក​ពាន UCL ថែម​ទៀត នោះ​ហើយ​ជា ១០ ភាគរយ​បន្ថែម​លើ​ការ​រំពឹង​ទុក។

ក្រឡេក​ទៅ​មើល Karim Benzema គឺជា​ចំណែក​ដ៏​សំខាន់​ជួយ​ឲ្យ Real Madrid ​លើក​ពាន LaLiga រដូវ​កាល ២០១៩/២០ ក្រោម​ការ​ប្រកួតប្រជែង​​នៅ​ចុង​រដូវ​កាល​ជាមួយ​នឹង Barcelona។

និយាយ​ពី​ការ​រក​គ្រាប់​បាល់ Benzema ឈរ​ជា Top Scorer លំដាប់​ទី ២ នៅ LaLiga ក្រោយ​រក​បាន ២១ គ្រាប់។ ប៉ុន្តែ​ឱកាស​ដែល​អាច​រុញ​ឲ្យ​កីឡាករ​បារាំង​ឈ្នះ​ Ballon d’Or បាន​នោះ គឺ​នៅ​សេសសល់​ក្តី​សង្ឃឹម​ពឹង​ផ្អែក​លើ​ការ​ប្រកួត​ជើង​ទី ២ របស់ Real Madrid ទល់​នឹង Manchester City។

សរុប​មក​វិញ ការ​សម្រេច​របស់​ស្ថាប័ន France Football ក៏​បាន​ប្រកាស​រួចរាល់​ហើយ បែប​នេះ​ក៏​គ្មាន​ការ​ប្រកែក​ផ្លាស់ប្តូរ​អ្វី​នោះ​ដែរ និង​មួយ​ផ្សេង​ទៀត​ដូច​បាន​បញ្ជាក់​ពី​ខាង​លើ​ នៅ​ក្របខ័ណ្ឌ​ខ្លះ​ក៏​មិន​មាន​ការ​ប្រកួត​ពេញលេញ​ដូច​រាល់​ឆ្នាំ​ថែម​ទៀត អ៊ីចឹង​ការ​វាយ​តម្លៃ​ទៅ​លើ​កីឡាករ​ណា​មួយ ក៏​ពិបាក​ដូច​គ្នា។

នាយក​ជាន់​ខ្ពស់​របស់ France Football បាន​និយាយ​ថា៖ “ការ​សម្រេច​ចិត្ត​បែប​ណា​នោះ គឺ​វា​មិន​ធ្វើ​ឲ្យ​យើង​មាន​ភាព​រីករាយ​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ចង់​ធានា​នូវ​ភាព​មាន​ទំនួល​ខុសត្រូវ ក៏​ដូច​ជា​បង្ហាញ​ពី​ភាព​គួរ​ឲ្យ​ទុក​ចិត្ត ដើម្បី​ឲ្យ​ពាន​រង្វាន់​មួយ​នេះ​មាន​អត្ថន័យ​ល្អ​ឥត​ខ្ចោះ​គ្រប់​ពេលវេលា​ទាំង​អស់”៕

ប្រភព៖ Eurosport​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT