នៅ​ថ្ងៃ​តែ​មួយ អ្នកចាត់ការ​ក្លឹប ២ ប្រចាំ​លីគ​កំពូល​អឺរ៉ុប ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ​ព្រម​គ្នា

អ្នកចាត់ការ​របស់​ក្លឹប Watford និង Monaco ត្រូវ​បាន​ក្លឹប​បណ្តេញ​ចេញ​ពី​តំណែង​ព្រម​គ្នា​នៅ​ថ្ងៃ​តែ​មួយ​កាល​ពី​យប់​ម្សិល​មិញ ក្រោយ​មិន​អាច​ពាំនាំ​ផ្លែផ្កា​ជោគជ័យ​មក​ជួយ​ក្រុម​នៅ​រដូវ​កាល ២០១៩/២០។

នៅ Watford គឺ​អ្នកចាត់ការ​លោក Nigel Pearson បាន​ដឹកនាំ​ឲ្យ​ក្រុម​ឈ្នះ ៨ ស្មើ ១០ ចាញ់ ១៨ រុញ​ឲ្យ​លំដាប់​ពិន្ទុ​ប្រកៀកប្រកិត​នឹង​តំបន់​គ្រោះថ្នាក់​ត្រូវ​កាត់​ឈ្មោះ​ចេញ​ពី​ការ​ប្រកួត PL រដូវ​កាល​ក្រោយ។ នៅ ២ ជុំ​សេសសល់​ក្លឹប​បាន​ប្រកាស​ហើយ គឺ​លើក​ឲ្យ​ជំនួយការ​របស់​លោក​មក​ដឹកនាំ​ជំនួស​បណ្តោះ​អាសន្ន​សិន ហើយ​នឹង​មាន​ការ​បញ្ជាក់​ផ្លូវការ​ពី​ដំណឹង​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ។

ក្រឡេក​ទៅ​មើល Monaco ដែល​រដូវ​កាល ២០១៩/២០ នៅ Ligue 1 ខ្ទាត​ដល់​លេខ ៩ ក៏​បាន​រុញ​ឲ្យ​កៅអី​អ្នកចាត់ការ​លោក Robert Moreno ត្រូវ​បាត់បង់​ដូច​គ្នា ក្រោយ​ពី​បាន​កាន់​តំណែង​អស់​រយៈ​ពេល ៧ ខែ។ តាម​ការ​បញ្ជាក់​គឺ​លោក Niko Kovac អតីត​គ្រូ​ចាស់​នៅ Bayern Munich បាន​ចូល​មក​កាន់​តំណែង​ជំនួស៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT