Eden Hazard បានចាត់ទុករដូវកាលនេះ ជារដូវកាលអន់បំផុតក្នុងអាជីពបាល់ទាត់របស់ខ្លួន បើទោះជាក្រុម Real Madrid អាចលើកពាន La Liga បានហើយក៏ដោយ។
កីឡាករបែលហ្សិកខាងលើនេះ ត្រូវបានក្រុម Real Madrid ទិញយកពីក្រុម Chelsea កាលពីរដូវកាលមុន ក្នុងតម្លៃខ្លួនជាង១០០លានផោន។ តែវត្តមានរបស់គេក្នុងរដូវកាលដំបូងនេះ ហាក់ដូចជាមិនល្អឡើយ។ បញ្ហារបួសបានកើតមានរហូតសម្រាប់រូបគេ ដែលធ្វើឱ្យឱកាសបង្ហាញសមត្ថភាពមិនទៀងទាត់ដូចកាលនៅលេងឱ្យក្រុមតោខៀវឡើយ។
ជាមួយរឿងលេងមិនល្អនិងបានតិចនេះដែរ សាមីខ្លួន Hazard បាននិយាយថា៖ “ឆ្នាំនេះយើងបានឈ្នះពានលីគកំពូល ប៉ុន្តែសម្រាប់ខ្ញុំ វាជារដូវកាលអន់បំផុតក្នុងអាជីពបើគិតទៅលើទម្រង់លេងផ្ទាល់ខ្លួន។ តែយ៉ាងណាយើងធ្វើបានល្អជាក្រុម ក្រោមការដឹកនាំរបស់ Zidane រហូតទទួលបានផល។ យើងទាំងអស់គ្នាជឿជាក់លើគាត់ ហើយគាត់ក៏ជឿជាក់លើយើង។ នេះជាហេតុធ្វើឱ្យយើងទទួលបានជោគជ័យ”៕ប្រភព Marca