ក្នុង​មួយ​ប្រកួត តើ​អាជ្ញាកណ្ដាល​អាច​លើក​កាត​ក្រហម​បាន​ប៉ុន្មាន​សន្លឹក?

រាល់​ការ​បង្ក​កំហុស​លើ​ទីលាន​ប្រកួត​ពី​សំណាក់​កីឡាករ​និង​អ្នកចាត់ការ គឺ​អាជ្ញាកណ្តាល​មាន​សិទ្ធ​ក្នុង​ការ​ពិន័យ​តាម​រយៈ​ការ​លើក​កាត​លឿង ឬ​កាត​ក្រហម​ចំពោះ​កំហុស​ធ្ងន់ធ្ងរ។

ផ្សា​ភ្ជាប់​នឹង​រឿង​នេះ ក៏​រុញ​ឲ្យ​កើត​មាន​ចម្ងល់​ពី​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចោទ​សួរ​មក​កាន់ CTS Sports ដោយ​ចង់​ដឹង​ថា តើ​ក្នុង​ប្រកួត​នីមួយៗ ​អាជ្ញាកណ្ដាល​អាច​លើក​កាត​ក្រហម​ប៉ុន្មាន​សន្លឹក?

បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ច្បាស់ការ​មួយ​បាន​ឲ្យ​ដឹង​ថា ចំនួន​កាត​ក្រហម​ឬ​កាត​លឿង​ដែល​អាជ្ញាកណ្ដាល​អាច​ប្រើប្រាស់ គឺ​មិន​កំណត់​នោះ​ទេ ប៉ុន្តែ​ការ​ប្រកួត​នឹង​ត្រូវ​បាន​បញ្ឈប់​ភ្លាមៗ ប្រសិន​ណា​កីឡាករ​ឈរ​ជើង​លើ​ទីលាន​រង​ការ​ពិន័យ ហើយ​សេសសល់​វត្តមាន​តិច​ជាង ៧ នាក់​នៃ​ក្រុម​ម្ខាង។

តាម​ការ​ចែង​នៃ Law 3 ក្នុង​សៀវភៅ​ក្បួនច្បាប់​ FIFA Law Book បាន​កំណត់​ថា ​នៅ​ក្រុម​ម្ខាង​មិន​អាច​មាន​កីឡាករ​តិច​ជាង ៧ រូប​នោះ​ឡើយ អំឡុង​ពេល​លេង​លើ​ទីលាន​ប្រកួត បែប​នេះ​មាន​ន័យ​ថា​ប្រសិន​ក្រុម​ម្ខាង​នោះ មាន​កីឡាករ ៥ រូប​ទទួល​ពិន័យ​កាត​ក្រហម នោះ​ការ​ប្រកួត​នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ស្វ័យប្រវត្តិ។

ក្នុង​ការ​ចែង​នៃ​ច្បាប់​ដដែល​នេះ គឺ​អនុវត្ត​តែ​លើ​កីឡាករ​ជម្រើស​ដំបូង​លើ​ទីលាន​ប៉ុណ្ណោះ អ៊ីចឹង​មាន​ន័យ​ថា​សម្រាប់​អ្នក​ក្រៅ​ទីលាន មិន​ថា​អ្នកចាត់ការ ឬ​កីឡាករ​បម្រុង ទោះ​ត្រូវ​រង​ពិន័យ​កាត​ក្រហម​ប៉ុន្មាន​សន្លឹក ក៏​មិន​ជះ​ឥទ្ធិពល​ដល់​ការ​ប្រកួត​នោះ​ដែរ។

គួរ​រំឭក​ថា​កំណត់ត្រា​នៃ​ការ​ផ្តល់​ជូន​កាត​ក្រហម​ច្រើន​បំផុត​នា​ប្រកួត​ទោល ធ្លាប់​កើត​ឡើង​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Claypole និង Victoriano Arenas នៃ​លីគ​លំដាប់​ទី ៥ របស់​អាហ្សង់ទីន ដែល​កាល​នោះ​គឺ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​ដល់​ទៅ ៣៦ សន្លឹក​ឯ​ណោះ៕

ប្រភព៖ Sports.StackExchange

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT