Wembley ត្រឹម​ឈរ​លេខ ៥ ដោយ​ពហុកីឡដ្ឋាន​ ៤ នេះ​ចាយ​ថ្លៃ​សាងសង់​អស់​ច្រើន​ដាច់​គេ

ការ​សាងសង់​ពហុកីឡាដ្ឋាន​នៅ​តាម​បណ្ដា​ប្រទេស​នីមួយៗ​ គឺ​មាន​គោលបំណង​ប្រហាក់ប្រហែល​គ្នា ខ្លះ​ចង់​បម្រើ​ដល់​ព្រឹត្តិការណ៍​កីឡា ការ​ប្រគំតន្ត្រី ការ​ធ្វើ​សន្និបាត ឬ​ការ​ដំណើរការ​ពិព័រណ៍​ពាណិជ្ជកម្ម​ខ្នាត​ធំ​ណា​មួយ​ជា​ដើម។ ការ​សាងសង់​នូវ​កីឡដ្ឋាន​ខ្នាត​យក្ស អម​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​និង​របស់របរ​ប្រើប្រាស់​ទំនើបៗ ជា​ការ​ពិត​ណាស់​គឺ​ទាមទារ​ខ្ទង់​ចំណាយ​រាប់​រយ​ពាន់​លាន​ដុល្លារ​ឯ​ណោះ។

នៅ​ចក្រភព​អង់គ្លេស Wembley Stadium ​គឺ​ជា​ពហុកីឡាដ្ឋាន​ដ៏​បំផុត​ក្នុង​ផ្ទៃ​ប្រទេស ប៉ុន្តែ​បើ​និយាយ​ពី​ទំហំ​ចំណាយ​គឺ​កីឡដ្ឋាន​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស​មួយ​នេះ ឈរ​ត្រឹម​លេខ​រៀង​ទី ៥ តែ​ប៉ុណ្ណោះ។ ខាង​ក្រោម​ CTS Sports បង្ហាញ​ពហុកីឡាដ្ឋាន​ ៥ ទាមទារ​ការ​ចំណាយ​ខ្ពស់​ដាច់​គេ៖​

៥.Wembley Stadium


ស្ថិត​ក្នុង​ទីក្រុង​ឡុងដុង ចក្រភព​អង់គ្លេស ដោយ​វា​មាន​ទំហំ​ចំណាយ​លើ​ការ​សាងសង់​សរុប ១,៣៥ ពាន់​លាន​ដុល្លារ។ កីឡដ្ឋាន​នេះ​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​ឆ្នាំ ២០០៧ អាច​ទទួល​អ្នក​ទស្សនា​ប្រមាណ ៩០ ០០០ នាក់ ដែល​វា​ជា​កីឡដ្ឋាន​ធំ​បំផុត​លំដាប់​ទី ២ នៅ​តំបន់​អឺរ៉ុប។

៤.AT&T Stadium


ស្ថិត​នៅ​ទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិក ដែល​បញ្ចប់​ការ​សាងសង់​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០០៩ ជាមួយ​ទំហំ​ចំណាយ​ប្រមាណ ១,៤ ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន​កីឡដ្ឋាន​នេះ ត្រូវ​បាន​ប្រើប្រាស់​ជា​ទឹកដី​របស់​ក្រុម​បាល់​ឱប The Dallas Cowboys ហើយ​ផ្នែក​សេសសល់​ឯ​ទៀត​បម្រើ​ដល់​ការ​ប្រកួត​កីឡា​បាល់បោះ ការ​ប្រគំតន្ត្រី និង​ព្រឹត្តិការណ៍​ផ្សេងៗ​ឯ​ទៀត។

៣.Olympic Stadium


Olympic Stadium ស្ថិត​នៅ​ទីក្រុង Montreal ខេត្ត Quebec ប្រទេស​កាណាដា ដោយ​ពហុកីឡាដ្ឋាន​នេះ​សាងសង់​តាំង​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៧០ មក​ម្ល៉េះ ហើយ​ធ្លាប់​បើក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ឆ្នាំ ១៩៧៦។ ទាមទារ​ទំហំ​ចំណាយ​ ១,៤៧ ពាន់​លាន​ដុល្លារ ហើយ​បច្ចុប្បន្ន​ជាប់​ជា​ទឹកដី​ម្ចាស់ផ្ទះ​នៃ​ក្រុម​បាល់ទាត់ និង​បេសបល់​របស់ Montreal។

២.Yankee Stadium


ស្ថិត​ក្នុង​ទីក្រុង New York ដែល​ជា​ពហុកីឡាដ្ឋាន​ធំ​បំផុត​លំដាប់​ទី ២ នៅ​អាមេរិក និង​ក្នុង​សកលលោក។ ទំហំ​ចំណាយ​លើ​ថ្លៃ​សាងសង់​ចាយ​អស់ ១,៥ ពាន់​លាន​ដុល្លារ ដែល​កំពុង​ដើរ​តួ​ជា​ទឹកដី​របស់​ក្រុម​បេសបល់ New York Yankees និង​ក្រុម​បាល់ទាត់ New York City FC។

វា​បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី ២ មេសា ឆ្នាំ ២០០៩ ដោយ​កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​សម្រាប់​ប្រកួត​បេសបល់​ចំនួន​ជាង ៤៧ ០០០ នាក់ និង​កីឡា​បាល់ទាត់​ជិត ២៩ ០០០ នាក់។

១.MetLife Stadium


ជា​ពហុកីឡាដ្ឋាន​ថ្លៃ​បំផុត​ក្នុង​លោក ចាយ​លើ​ថ្លៃ​សាងសង់​សរុប ១,៦ ពាន់​លាន​ដុល្លារ ដោយ​ស្ថិត​នៅ​រដ្ឋ New Jersey សហរដ្ឋអាមេរិក។ វា​ចាប់​ផ្តើម​សាងសង់​នៅ​ឆ្នាំ ២០០៧ ហើយ​បញ្ចប់​ការ​សាងសង់​និង​បើក​ឲ្យ​ដំណើរការ​នៅ​រយៈ​ពេល ៣ ឆ្នាំ​បន្ទាប់។ ក្រុម​បាល់​ឱប​ចំនួន ២ បាន​ទិញ​សិទ្ធ​ក្លាយ​ជា​ម្ចាស់​ទឹកដី​នៃ​កីឡដ្ឋាន​នេះ រួម​មាន The New York Giants និង New York jets៕

ប្រភព៖ Worldatlas

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT