វីរកីឡាការិនី កែ ឡេង ត្រូវបានរាជរដ្ឋាភិបាលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់​ក្នុងឱកាសចូលនិវត្តន៍ពីអាជីពកីឡាប៉េតង់

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរៀបចំសន្និសីទសារពត៌មាន និងប្រារព្ធពិធីដ៏ធំដើម្បីអបអរសាទរ នៃការចូលនិវត្តន៍ពីអាជីពកីឡាប៉េតង់របស់វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯក​ពិភព​លោក​៤ជំនាន់ជាផ្លូវការ ដើម្បីឱ្យស័ក្តិសមនឹងកិត្តិយសនិងការប្រឹងប្រែងអស់ពីសមត្ថភាពដណ្តើម មេដាយ ជូន​ជាតិជាបន្តបន្ទាប់ នាពេលកន្លងមក ដោយពិធីដ៏អធិកអធមនេះត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

វីរកីឡាការិនី កែ ឡេង ត្រូវបានប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម ស សុខា និង ថ្នាក់ដឹកនាំជាច្រើនរូប ព្រមទាំងកីឡាករ កីឡាការិនីជាច្រើនទៀតផ្តល់ការលើកទឹកចិត្តជូនដល់ម្ចាស់ មេដាយមាស៤ជំនាន់ជាប់ៗគ្នា ដោយនៅលើពិភពលោកមិនទាន់មានកីឡាការិនីណាម្នាក់ អាចដណ្តើមមេ ដាយមាសរហូតដល់៤ជំនាន់ជាប់ៗគ្នាដូចកម្ពុជានៅឡើយទេ។ មេដាយមាសជើងឯកពិភពលោក ដែល លោកស្រី កែ ឡេង ធ្លាប់ដណ្តើមបានរួមមាន៖ នៅប្រទេសបារាំង នៅឆ្នាំ២០១៣, នៅប្រទេសថៃ ឆ្នាំ២០១៥, នៅប្រទេសចិន នៅឆ្នាំ២០១៧ និងកាលពីឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដែលកម្ពុជាទទួល បានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីមេដាយមាសជាប្រវត្តិសាស្ត្រពិភពលោកនេះ លោកស្រី កែ ឡេង បាន ឈ្នះមេដាយមាស ស៊ីហ្គេម លើវិញ្ញាសាវាយយកពិន្ទុ ឆ្នាំ២០១៣ សរុបមេដាយជាតិ និងអន្តរជាតិរបស់ លោកស្រី មានជាង៦០គ្រឿង ក្នុងនោះមេដាយមាសមានចំនួន២៦ ក្នុងអាជីពកីឡា រយៈពេល៣៨ឆ្នាំ ក្នុងនោះក្នុងវិស័យកីឡាប៉េតង់២៣ឆ្នាំ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ​កីឡា​ប៉េតង់កម្ពុជាបានលើកឡើងនូវការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់សម្រាប់លោកស្រី ​ដោយតែងតាំងលោកស្រី កែ ឡេង ជាទីប្រឹក្សាសហព័ន្ធ, តែងតាំងជាគ្រូបង្វឹកសម្រាប់កម្រិតណាមួយ ដើម្បីជួយជ្រោមជ្រែងដល់ការ អភិវឌ្ឍកីឡាប៉េតង់។ ក្រៅពីនេះ តាមរយៈការលើកទឹកចិត្តពិសេសពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី លោក​ស្រី កែ ឡេង ក៏ត្រូវបានតែងតាំង និងផ្ដល់តួនាទីជាបន្ដបន្ទាប់ ក្នុងក្របខ័ណ្ឌកងយោធពល​ខេមរ​​ភូមិន្ទ។ ឯកឧត្ដម​បានលើកឡើងថា ជារួមបទពិសោធន៍ និងជោគជ័យទាំងនេះ គឺជាសមិទ្ធផល​ដ៏ធំធេង​ដែលវីរ​កីឡា​ការិនី កែ ឡេង ខំប្រឹងដើម្បីប្រទេសកម្ពុជា ហើយទោះមានលុយរាប់រយលានក៏មិនអាចទិញបាន​ដែរ។

វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសា​វាយយកពិន្ទុ​បានលើកឡើងដែរថា លោកស្រីនឹងមិនទទួលសំណើទៅបង្ហាត់ក្រៅប្រទេសនោះឡើយ ដោយលោកស្រី​ផ្ដោតលើការបង្ហាត់ និងចែករំលែកចំណេះដឹងដល់ប្អូនៗជំនាន់ក្រោយ ដែលត្រូវការការបណ្ដុះ​បណ្ដាល​​ច្រើន​នៅក្នុងប្រទេសកម្ពុជា។ «ខ្ញុំមិនអាចទទួលបានទេ ព្រោះនៅកម្ពុជាមានកីឡាករ-កីឡាការិនីច្រើន​ណាស់​ត្រូវការ​ការបណ្ដុះបណ្ដាល។ ខ្ញុំនឹងយកបទពិសោធន៍ក្នុងនាមម្ចាស់មេដាយមាស​ពិភពលោក៤​ជំនាន់ ខិតខំបណ្ដុះបណ្ដាលប្អូនៗក្នុងស្រុក ដើម្បីឱ្យពួកគេមានសមត្ថភាពចេញទៅប្រកួតលើ​ឆាកអន្ដរ​​ជាតិ។» នេះគឺជាការបញ្ជាក់ប​ន្ថែមរបស់វីរកីឡាការិនី កែ ឡេង។

វីរកីឡាការិនីប៉េតង់ដ៏ឆ្នើមរបស់កម្ពុជាបានប្រកាសចូលនិវត្តន៍ ក្នុងវ័យ៥៧ឆ្នាំ ដោយ​សារបញ្ហាសុខភាព ពិសេសលើបញ្ហាភ្នែក ណាមួយលោកស្រីក៏ចង់ផ្ដល់ឱកាសឱ្យ​កីឡាការិនីជំនាន់​​​ក្រោយ​​មានឱកាសពង្រឹងសមត្ថភាពលើវិញ្ញាសាវាយយកពិន្ទុ ហើយលោកស្រីក៏នឹងមិនទាន់ទៅណាឆ្ងាយ​ពីវិស័យ​​នេះដែរ ដោយលោកស្រីនឹងចូលរួមអភិវឌ្ឍន៍ជាមួយសហព័ន្ធ និងគ្រូៗបន្ដទៀត ក្នុងគោលដៅស្វែងរកធន​ធាន ក្នុងការដណ្ដើមមេដាយជូនជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT