ពី​ក្មេង​ដែល​មិន​ចូលចិត្ត​ប៉ះ​កុំព្យូទ័រ​ហ្គេម Heung-min Son ចាប់​រៀន​លេង​បាល់​តាំង​ពី​ចេះ​ដើរ

Heung-min Son ជា​កីឡាករ​បាល់ទាត់​ដ៏​លេចធ្លោ​មួយ​រូប​ប្រចាំ​ក្លឹប​ Tottenham Hotspurs ក៏​ដូច​ជា​អត្តសញ្ញាណ​នៃ​កីឡាករ​ល្អ​បំផុត​តំណាង​ឲ្យ​តំបន់​អាស៊ី។

នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់ Son ក៏​ជឿ​ថា​មាន​អ្នក​គាំទ្រ​ជា​ច្រើន ​មិន​សូវ​បាន​ដឹង​​ពីប្រវត្តិ​កាល​នៅ​កុមារភាព និង​ដំណើរ​ដើមទង​ខ្លះៗ​របស់​លោក​មុន​បោះ​ជំហាន​ក្លាយ​ជា​កីឡាករ​កំពូល​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។

អ្នក​ធ្លាប់​ដឹង​ដែរឬទេ តើ Son ចាប់​ចេះ​លេង​បាល់​តាំង​ពី​ពេល​ណា ចុះនរណា​ជា​អ្នក​ត្រួសត្រាយឲ្យលោកមានថ្ងៃនេះ?

Son Heung-min កើត​នៅ​ថ្ងៃ​ទី ៨ ​កក្កដា ឆ្នាំ ១៩៩២ ​ក្នុង​ទីក្រុង Chuncheon ខេត្ត Gangwon ប្រទេស​កូរ៉េ​ខាង​ត្បូង។ លោក​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​បង្កើត​ទាំង​ពីរ​រូប ដែល​មាន​ម្តាយ​ឈ្មោះ Eun Jakil និង​ឪពុក​ឈ្មោះ Son Woong-Jung។

អាច​ថា​ជា​ក្មេង​ដែល​មាន​ដុង​ស្រលាញ់​បាល់​តាំង​ពី​នៅ​តូច ក៏​ដូច​ជា​បរិយាកាស​នៅ​ជុំវិញ​អូសទាញ ព្រោះ​កាល​ពី​នៅ​តូច​ក៏​មាន​បងប្អូន​ប្រុស​របស់​គេ និង​ឪពុក​ដែល​ជា​អ្នក​ចូលចិត្ត​លេង​បាល់​ផង​ដែរ។ Son ចាប់​ផ្តើម​លេង​បាល់ទាត់ នៅ​ពេល​ដែល​គេ​ចេះ​ក្រោក​ឈរ​ដើរ​តែ​ម្តង ហើយ​គេ​មាន​ចំណង់​ខុស​ពី​ក្មេង​ឯ​ទៀត ដោយ​មិន​ចូលចិត្ត​ការ​លេង​កុំព្យូទ័រ​ហ្គេម ឬ​លេង​របស់របរ​កម្សាន្ត​អ្វី ដែល​ក្រៅ​ពី​បាល់​នោះ​ទេ។

ដូច​បញ្ជាក់​ពី​ខាង​លើ បរិយាកាស​ជុំវិញ​ខ្លួន​ដែល​អូសទាញ Son ខ្លាំង​បំផុត​នោះ គឺ​ឪពុក​របស់​គេ លោក Woong-Jung ដែល​ធ្លាប់​ជា​កីឡាករ​បាល់ទាត់​អាជីព​មួយ​រូប តែ​ដោយសារ​បញ្ហា​របួស លោក​បាន​បោះបង់​អាជីព​តាំង​ពី​នៅ​អាយុ ២៨ ឆ្នាំ។ ការ​ចាប់ផ្ដើម​ហ្វឹកហាត់​ដំបូង​គឺ Son ទទួល​បាន​ការ​ហ្វឹកហាត់​ដិតដល់​ពី​ឪពុក​និង​បង​ប្រុស​បង្កើត​របស់​គេ ពោល​មិនមែន​ទៅ​ចូលរួម​ហ្វឹកហាត់​ជា​លក្ខណៈ​អាជីព​ជាមួយ​ថ្នាល​យុវជន​ណា​នោះ​ឡើយ ដោយ​គេ​នៅ​ជាមួយ​បាល់​មិន​ក្រោម ៦ ម៉ោង​ឡើយ ហើយ​ទម្លាប់​ជា​ប្រចាំ​គឺ Son ត្រូវ​បាន​ឪពុក​បង្គាប់​ឲ្យ​រៀន​ត្រិះ​បាល់​រយៈ​ពេល ៤ ម៉ោង​ជា​រៀងរាល់​ថ្ងៃ។

ដល់​អាយុ ១៤ ឆ្នាំ​ទើប​ឪពុក​របស់ Son បើក​ឱកាស​ឲ្យ​គេ​ទៅ​ចូលរួម​ការ​ប្រកួត​ ហើយ​ទេពកោសល្យ​របស់​គេ​ក៏​បាន​បង្ហាញ​ទៅ​កាន់​មហាជន និង​ពន្លក​នៃ​ភាព​ជោគជ័យ​ក៏​ចាប់​ដុះ​បន្តិច​ម្តងៗ​តាំង​ពី​ពេល​នោះ​មក។

ដោយ​មើល​ឃើញ​ពី​ភាព​ប៉ិនប្រសព្វ​របស់​កុមារ​ស្បែក​ស​រូប​នេះ នៅ​ថ្ងៃ​មួយ​ទ្រនំ​ថ្នាល​យុវជន​នៃ​ក្រុម Hamburger SV របស់​អាល្លឺម៉ង់​បាន​ចាប់​អារម្មណ៍​លើ​រូប​គេ ហើយ​នាំ​យក​គេ​មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ប្រទេស​ខ្លួន​នា​ខែ​វិច្ឆិកា ឆ្នាំ​ ២០០៩។ រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​បន្ទាប់​ចំ​ថ្ងៃ​កំណើត នា​ខែ​កក្កដា Son ទទួល​បាន​ដំណឹង​ល្អ ដោយ​ក្លឹប​បាន​ផ្តល់​កុងត្រា​អាជីព​មួយ និង​បាន​ឈរ​ជើង​នៅ​ឈុត​ធំ​ដល់​ឆ្នាំ ២០១៣ មុន​វិវត្ត​ខ្លួន​ទៅ​ចូលរួម​នៅ​ក្លឹប Bayer Leverkusen។

ត្រឹម​រយៈ​ពេល ២ ឆ្នាំ សមត្ថភាព​លេង​របស់ Son បាន​សុះសាយ​ទៅ​ដល់​ក្លឹប​ក្រៅ​តំបន់ ដោយ​ធ្លាប់​មាន​តាំង​ពី​ក្លឹប Chelsea, Man Utd, Dortmund, Liverpool និង Spurs ជា​ដើម​ចង់​បាន​រូប​គេ តែ​ទី​បំផុត​ត្រូវ​ Spurs ចរចា​ត្រូវរ៉ូវ​នាំ​រូប​គេ​មក​កាន់​ទឹកដី​អង់គ្លេស​ជាមួយ​តម្លៃ​ផ្ទេរ​ចេញ ៣០ លាន​អឺរ៉ូ។ ត្បិត​បើ​ភាព​ជោគជ័យ​ជាមួយ​ពាន​រង្វាន់​នានា Son មិន​ទទួល​បាន​ដូច​កីឡាករ​ដទៃ​ក្តី ប៉ុន្តែ​ធៀប​នឹង​កីឡាករ​ក្នុង​តំបន់​អាស៊ី គឺ Son ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត និង​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្របខ័ណ្ឌ Premier League ធ្វើ​បាន ៥៣ គ្រាប់។

បច្ចុប្បន្ន​នៅ Tottenham គេ​អាច​ទទួល​ប្រាក់​ពលកម្ម​ប្រមាណ ៨,៨ លាន​ដុល្លារ/ឆ្នាំ ឬ​ខ្ទង់​ជិត ១៧ មុឺន​ដុល្លារ/សប្តាហ៍។ ទ្រព្យសម្បត្តិ​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ បើ​តាម​របាយការណ៍​ចុងក្រោយ​គឺ​មាន​ប្រមាណ​ជាង ២០ លាន​ដុល្លារ។

ជ្រៀត​ចូល​រឿង​រសើប​ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន​របស់ Son បន្តិច ដោយ​នោះ​គឺ​ទំនាក់ទំនង​ស្នេហា​របស់ Son ដោយ​គេ​មិន​ធ្លាប់​ប្រកូកប្រកាស​ពី​ស្នេហា​ផ្លូវការ​ជាមួយ​នរណា​ម្នាក់​នៅ​ឡើយ ហើយ​សព្វថ្ងៃ​ទំនង​ជា​នៅ Single ថែម​ទៀត ទោះ​បី​កន្លង​មក​ធ្លាប់​មាន​សង្សារ​មិន​ក្រោម ៤ នាក់​រួច​មក​ហើយ​ក៏​ដោយ៕

ប្រភព៖ LifeBogger

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT