ម្ចាស់​អាវ​លេខ ៧ ចាស់ ទាំង ៧ រូប​នៅ Man Utd ពេល​នេះ​ទៅ​ដល់​ណា​ខ្លះ​ហើយ?

ប្រសិន​អ្នក​ជា​អ្នក​គាំទ្រ​ក្លឹប Man Utd ដ៏​ងប់ងុល​ម្នាក់ ជឿ​ថា​បើ​ឲ្យ​រាប់​ឈ្មោះ​កីឡាករ​ធ្លាប់​គ្រង​អាវ​លេខ ៧ នៅ​ Old Trafford យ៉ាង​ហោច​ណាស់​ណាស់​ក៏​អ្នក​រាប់​បាន ៣ រូប​ដែរ។

ជា​ការ​ពិត​រាប់​ទាំង Alexis Sanchez ​ម្ចាស់​អាវ​លេខ ៧ ចាស់​ថ្មី​សរុប​នៅ Man Utd នារយៈពេលជាង ២០ ឆ្នាំចុងក្រោយ មាន​ចំនួន ៨ រូប ដោយ​អ្នក​គ្រង​ដំបូង​បង្អស់​គឺ​អតីត​ជើង​ចាស់​លោក Eric Cantona។ ចាប់​តាំង​ពី​សម័យ​កាល​នោះ អ្នក​ដែល​គ្រោង​អាវ​លេខ ៧ សុទ្ធ​សឹង​ជា​កីឡាករ​ជោគជ័យ​យ៉ាង​សម្បើម តែ​ក្រោយ​ការ​ចាកចេញ​របស់ CR7 នៅ​ឆ្នាំ ២០០៩ អ្នក​បន្ត​វេន​ក្រោយៗ​ហាក់​មិន​ទទួល​បាន​ផ្លែផ្កា ដែល​រុញ​ឲ្យ​លេខ ៧ កាន់​តែ​អស់​តម្លៃ​នៅ​ក្លឹប​បិសាច​ក្រហម។

ត​ទៅ​នេះ​យើង​បង្ហាញ​ពី​អាជីព​បច្ចុប្បន្ន​របស់​អតីត​ម្ចាស់​អាវ​លេខ ៧ ទាំង ៧ រូប​នៅ Man Utd៖

Eric Cantona


ការ​ប្រកាស​ឲ្យ​បោះ​ប្រើប្រាស់​លេខ​លើ​អាវ ធ្វើ​ឡើង​ចាប់​ពី​រដូវ​កាល ១៩៩៣-៩៤ ត​ទៅ ដោយ​ពេល​នោះ​ហើយ​ជា​ពេល​ដែល​ Cantona ក្លាយ​ជា​អ្នក​គ្រង​អាវ​លេខ ៧ មុន​គេ​បង្អស់។ ១៥៦ ប្រកួត​សរុប​នៅ PL កីឡាករ​សញ្ជាតិ​បារាំង​រក​បាន ៧៦ គ្រាប់​និង Assist ៥៦ លើក។ បច្ចុប្បន្ន Cantona បាន​ដក​ខ្លួន​ចេញ​ពី​អាជីព​បាល់ទាត់ ហើយ​ផ្លាស់​មក​ចូលរួម​ក្នុង​វិស័យ​សិល្បៈ​នាម​ជា​តារា​សម្តែង និង​ផលិតករ​ភាពយន្ត។

David Beckham


ត​ដល់​សម័យ​កាល​ឆ្នាំ ១៩៩៨ Beckham បាន​ក្លាយ​ជា​អ្នក​បន្ត​វេន​អាវ​លេខ ៧ បន្ទាប់​ពី Cantona ដោយ​ចន្លោះ​ពេល​បម្រើ​អាជីព​នៅ United កីឡាករ​អង់គ្លេស​ធ្លាប់​ឈ្នះ​ពាន PL ៦ លើក FA Cup ២ លើក និង UCL ១ លើក ក្រោម​ការ​ដឹកនាំ​របស់ Sir Alex Ferguson។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​ក្លឹប​បាល់ទាត់ Inter Miami នៅ​ឯ​លីគ​កំពូល​សហរដ្ឋអាមេរិក និង​មាន​ទ្រព្យ​រយ​លាន​ដុល្លារ។

Cristiano Ronaldo


ជា​កីឡាករ​ទី ៣ ដែល​ប្រើប្រាស់​អាវ​លេខ ៧ នៅ United ហើយ​ភាព​ល្បីល្បាញ​នៃ​លេខ ៧ បាន​ចាប់​ផ្តើម​ផ្ទុះ​កាន់​តែ​ខ្លាំង​នៅ​សម័យ​កាល​ដែល​មាន​វត្តមាន​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ។ ឆ្លង​កាត់​ការ​លេង​ឲ្យ Real Madrid ជាង ១០ ឆ្នាំ ក្រោយ​ចាកចេញ​ពី Old Trafford សព្វថ្ងៃ Ronaldo កំពុង​លេង​ឲ្យ​ក្លឹប Juventus។

Michael Owen


នាម​ជា​អ្នក​បន្ត​វេន​អាវ​លេខ ៧ Owen មិន​មែន​ជា​បុគ្គល​ជោគជ័យ​នោះ​ទេ​នៅ Man Utd។ ក្រោយ​ពី​ការ​ចូល​និវត្ត​នៅ​ឆ្នាំ​ ២០១៣ បុរស​សញ្ជាតិ​អង់គ្លេស ត្រូវ​បាន​គេ​ដឹង​ថា​មាន​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ និង​ជានិច្ចកាល​ក៏​ធ្លាប់​បង្ហាញ​មុខ​នាម​ជា​អ្នក​អធិប្បាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​អង់គ្លេស​មួយ​ផង​ដែរ។

Antonio Valencia


Valencia ដំបូង​ឡើយ​បាន​ប្រើប្រាស់​អាវ​លេខ ២៥ តែ​ដល់​រដូវ​កាល ២០១២/១៣ មាន​ឱកាស​បាន​គ្រង​អាវ​លេខ ៧ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ ដោយសារ​រង​សម្ពាធ​ពេក គេ​បាន​ត្រលប់​មក​ប្រើ​លេខ​អាវ​ចាស់​របស់​គេ​វិញ។ មិន​មាន​ការ​បញ្ជាក់​ច្បាស់​ពី​ទ្រនំ​បន្ទាប់​របស់​គេ​ទេ ក្រោយ​ពី​ទើប​ផុត​កុងត្រា​ជាមួយ​ក្លឹប​ LDU Quito នៅ​ឯ​ប្រទេស​កំណើត​អេក្វាឌ័រ​កាល​ពី​ថ្ងៃ​ទី ៤ ​កក្កដា ឆ្នាំ ២០២០ កន្លង​ទៅ។

Angel di Maria


បិសាច​ក្រហម​បាន​នាំ​យក Di Maria ពី Real Madrid នៅ​តម្លៃ​បំបែក​កំណត់ត្រា​ជិត ៦០ លាន​ផោន ជាមួយ​ការ​ផ្តល់​ជូន​អាវ​លេខ ៧ ជា​កិច្ច​ស្វាគមន៍។ ប៉ុន្តែ​កីឡាករ​អាហ្សង់ទីន ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចងចាំ​ពី​ភាព​ជោគជ័យ​របស់​គេ​អ្វី​នោះ​ដែរ និង​ចុង​ក្រោយ​នេះ​បាន​ផ្ទេរ​មក​លេង​នៅ​ក្លឹប​បារាំង Paris Saint-Germina វិញ។

Memphis Depay


កីឡាករ​ហូឡង់​បាន​ផ្ទេរ​ចេញ​ពី PSG មក Man Utd នៅ​ឆ្នាំ ២០១៥ ហើយ​បាន​ចាកចេញ​ទៅ​ Lyonនា​ ២ ឆ្នាំ​បន្ទាប់​នៅ​សម័យ​កាល​ដឹកនាំ​របស់​លោក Jose Mourinho។ នេះ​ជា​ម្ចាស់​អាវ​លេខ ៧ ចុង​ក្រោយ​បង្អស់​មុន​ត្រូវ​បាន​ផ្ទេរ​មក​ឲ្យ Alexis Sanchez ទល់​សព្វថ្ងៃ៕

ប្រភព៖ GiveMeSports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT