កីឡាករ ៧ រូប បង្ហាញ​ខ្លួន​នៅ​ក្លឹប​តែ​មួយ​ច្រើន​បំផុត មាន​ម្នាក់​ដល់​ជាង ១ ពាន់​ប្រកួត

Man Utd, Real Madrid និង Barcelona ត្រូវ​បាន​ស្គាល់​ថា​ជា​ក្លឹប​កំពូល​នៅ​តំបន់​អឺរ៉ុប ដែល​កីឡាករ​ជា​ច្រើន​ប្រាថ្នា​ចង់​មក​ចូលរួម។ “លុយ” អាច​ប្រើប្រាស់​ក្នុង​ការ​នាំ​យក​កីឡាករ​ណា​ម្នាក់​មក​ចូលរួម​នៅ​ក្លឹប​នោះ​បាន ប៉ុន្តែ​លុយ​មិន​អាច​ទិញ​ភាព​ស្ម័គ្រស្មោះ ចង​ជើង​ឲ្យ​កីឡាករ​រូប​នោះ​បន្ត​ឈរ​ជើង​រយៈ​ពេល​យូរ​អង្វែង​ឡើយ។

នៅ​ក្នុង​វិស័យ​បាល់ទាត់ ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ទោល​ច្រើន​ជាង ៥០០ ប្រកួត អាច​រាប់​ថា​ជា​កីឡាករ​កាន់​ឆ្នាំ ឬ​ខ្លះ​ជាប់​ឈ្មោះ​ជា​វីរបុរស ប្រសិន​ពួក​គេ​អាច​បង្ហាញ​ទម្រង់​លេង​ល្អ។ ត​ទៅ​នេះ CTS Sports បង្ហាញ​ឲ្យ​ស្គាល់​កីឡាករ ៧ រូប ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ទោល​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់៖

Steven Gerrard បង្ហាញ​ខ្លួន​ឲ្យ Liverpool ចំនួន ៧១០ ប្រកួត

ប្រើ​ពេល ១៧ ឆ្នាំ​នៅ​ហង្ស​ក្រហម អតីត​កីឡាករ​ជើង​ចាស់ Gerrard ក៏​ជាប់​ឈ្មោះ​ជា Legend ​ប្រចាំ​ទឹកដី Anfield មួយ​រូប​ផង​ដែរ។ នៅ ៧១០ ប្រកួត​សរុប កីឡាករ​អង់គ្លេស​រក​បាន ១៨៦ គ្រាប់ និង​ឈ្នះ​ពាន​សរុប​ចំនួន ៨ មាន​ដូច​ជា Champions League, FA Cup, League Cup និង UEFA Super Cup ជា​ដើម ហើយ​ពាន​មួយ​ដែល​លោក​ខកខាន​ឈ្នះ​នោះ​គឺ Premier League។

John Terry បង្ហាញ​ខ្លួន​ឲ្យ Chelsea ចំនួន ៧១៣ ប្រកួត


ក្រោយ​វិវត្ត​ខ្លួន​ចេញ​ពី​ទ្រនំ​យុវជន U18 របស់​តោ​ខៀវ​នៅ​ឆ្នាំ ១៩៩៩ Terry បាន​ផ្ទេរ​មក​ចូលរួម​នៅ​ឈុត​ធំ ហើយ​ឈរ​ជើង​អស់​រយៈ​ពេល ១៨ ឆ្នាំ មុន​ផ្ទេរ​ចេញ​ទៅ Aston Villa។

ចន្លោះ​ពេល​នោះ​ខ្សែ​ការពារ​អង់គ្លេស​បង្ហាញ​ខ្លួន​បាន ៧១៣ ប្រកួត ធ្លាប់​ឈ្នះ​ពាន​សំខាន់ៗ​ដូច​ជា Premier League, Champions League, FA Cup, League Cup និង Europa League ជា​ដើម។

Paul Scholes បង្ហាញ​ខ្លួន​ឲ្យ United ចំនួន ៧១៨ ប្រកួត


ខ្សែ​បម្រើ​ដែល​ប្រកាស​ចូល​និវត្ត​កាល​ពី​ឆ្នាំ ២០១៣ រូប​នេះ ក៏​ជា​ចំណែក​ដ៏​សំខាន់​មួយ​របស់​ United នៅ​សម័យ​កាល​ដឹកនាំ​ដោយ​លោក Sir Alex Ferguson។ Scholes ធ្លាប់​ឈ្នះ​ពាន​ជាមួយ​បិសាច​ក្រហម​ចំនួន ២៧ លើក។

Jamie Carragher បង្ហាញ​ខ្លួន​ឲ្យ Liverpool ចំនួន ៧៣៧ ប្រកួត


ស្ថិត​នៅ​ជំនាន់​ដំណាល​គ្នា​នឹង Gerrard ដោយ Carragher ​ជា​អនុ​ប្រធាន​ក្រុម​របស់ Liverpool ​រយៈ​ពេល​ជាង ១០ ឆ្នាំ ហើយ​មុន​ចាកចេញ​លោក​ក៏​បាន​បន្សល់​កេរ​ឈ្មោះ ជាមួយ​ជោគជ័យ​ឈ្នះ​ពាន​ជា​ច្រើន​ផង​ដែរ។

Paolo Maldini បង្ហាញ​ខ្លួន​ឲ្យ AC Milan ចំនួន ៩០២ ប្រកួត


ខ្សែ​ការពារ​សញ្ជាតិ​អ៊ីតាលី ជា​កីឡាករ​ដាំ​ខ្ទឹម​កាន់​ឆ្នាំ​នៅ AC Milan ដោយ​ប្រើប្រាស់​ពេលវេលា​នៅ​ទី​នោះ​អស់ ២៥ រដូវ​កាល។ លោក​បាន​ចូល​និវត្ត​នៅ​អាយុ ៤១ ឆ្នាំ ក្រោយ​បង្ហាញ​វត្តមាន​ឲ្យ​ក្លឹប​អ៊ីតាលី​ច្រើន​ជាង ៩០០ ប្រកួត និង​ឈ្នះ​ពាន ២៦ លើក រួម​មាន​ទាំង​ពាន UCL ​ចំនួន ៥ លើក។

Ryan Giggs បង្ហាញ​ខ្លួន​ឲ្យ United ចំនួន ៩៦៣ ប្រកួត


Giggs ជា​កីឡាករ Man Utd ដែល​បង្ហាញ​ខ្លួន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប ហើយ​ការ​ខិតខំ​របស់​លោក​ក៏​បាន​ពាំនាំ​នូវ​ជោគជ័យ​រាប់​ភ្លេច នា​សម័យ​កាល​រួម​ជើង​ជាមួយ Beckham និង Scholes ជា​ដើម។ លោក​បាន​ឈ្នះ​ពាន​ចំនួន ៣៣ លើក​ជាមួយ​ក្លឹប​បិសាច​ក្រហម។

Rogerio Ceni បង្ហាញ​ខ្លួន​ឲ្យ Sao Paulo ចំនួន ១ ១៥២ ប្រកួត


ជា​អ្នកចាំទី​ស្មោះស្ម័គ្រ​ជាមួយ​ក្លឹប​បាន​យូរ​អង្វែង​បំផុត ដោយ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ប្រើ​ពេល ២៥ ឆ្នាំ​ជាមួយ​នឹង​ក្លឹប​ Sao Paulo ដោយ​បាន​ឈ្នះ​ពាន​សរុប​ចំនួន ១០ លើក ហើយ​វីរបុរស​ប្រេស៊ីល​បាន​ប្រកាស​ចូល​និវត្ត​កាល​ពី​ឆ្នាំ ២០១៥៕

ប្រភព៖ Football-Stadiums.co.uk

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT