Klopp ​បើក​ភ្លើង​ខៀវ ​យល់​ព្រម​ទិញ​យក​ Alcantara ​ហើយ​

​លោក Jurgen Klopp ​បាន​យល់​ព្រម​ក្នុង​ការ​ឱ្យ​ក្លឹប Liverpool ទិញ​យក​ខ្សែ​បម្រើ Thiago Alcantara ​មក​រួម​ក្រុម​ហើយ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្នុង​តម្លៃ​ខ្លួន​៣៦​លាន​ផោន​។

​Thiago Alcantara ​បាន​រួម​ចំណែក​ជួយ​ក្រុម Bayern Munich ​ឈ្នះ​ពាន Bundesliga ​នា​រដូវ​កាល​នេះ ​មុន​ពេល​សាមី​ខ្លួន​បង្ហើប​ពី​គម្រោង​ចាកចេញ ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង​។ ​ដោយ​ក្នុង​នោះ ​លោក Klopp ​ពេញ​ចិត្ត​កីឡាករ​អេស្ប៉ាញ​នេះ​ជាង​គេ ​ហើយ​លោក​ក៏​បាន​ចែចូវ​ផង​ដែរ។ ​កាល​ពី​យប់មិញ មាន​ដំណឹង​មក​ថា​ក្រុម Liverpool ​ក៏​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​សាមី​ខ្លួន​ហើយ​ដែរ ​នៅ​ឡើយ​តែ​ចរចា​តម្លៃ​ខ្លួន​បន្តិច​ទៀត​ប៉ុណ្ណោះ។

​កីឡាករ​វ័យ​២៩​ឆ្នាំ ​ដែល​ជា​យុវជន​របស់​ក្រុម Barcelona ​នេះ ​បាន​ចូល​រួម​ជាមួយ​ក្រុម Bayern Munich ​កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ ​ដោយ​បាន​បង្ហាញ​ខ្លួន​១៥០​ប្រកួត ​និង​រក​បាន​១៧​គ្រាប់។ ​ចាប់​តាំង​ពី​ចូល​លេង​ឱ្យ Bayern Munich ​មក ​រូបគេ​តែងតែ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​លីគ​កំពូល​អាល្លឺម៉ង់​រាល់​ឆ្នាំ​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT