Zidane ​៖​ឈ្នះ La Liga ​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ឈ្នះ Champions League ​

​អ្នក​ចាត់ការ Zidane ​បាន​ជួយ​ក្រុម Real Madrid ​លើក​ពាន​ La Liga ​រដូវ​កាល​នេះ​បាន​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Villarreal ​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ​។

​រដូវ​កាល​នេះ Real Madrid ​និង FC Barcelona ​ប្រជែង​គ្នា​ខ្លាំង​តាំង​ពី​ដើម​រដូវ​កាល​មក។ ​ដោយ​មុន​ផ្ទុះ​មេរោគ Covid-19 ​ក្រុម Barcelona ​ជា​អ្នក​ឈរ​នៅ​កំពូល​តារាង ​ហើយ Real Madrid ​ស្ថិត​នៅ​លេខ​២។ ​ក្រោយ​មក ​ពេល​ស្ងប់​មេរោគ Covid-19 ​ហើយ​លីគ La Liga ​ចាប់​ផ្ដើម​បើក​វិញ​ លទ្ធផល​ចាប់​ផ្ដើម​ប្រែប្រួល​ខ្លាំង Real Madrid ​បន្ដ​ឈ្នះ​ការ​ប្រកួត​ទាំង​អស់ ហើយ Barcelona ​វិញ​លេង​ស្មើ​៣​ប្រកួត ​និង​ចាញ់​យប់មិញ​ទៀត​ធ្វើឱ្យ​ពាន​ធ្លាក់​លើ​ដៃ​ក្រុម​អធិរាជ​ស​ទៅ​ហើយ។

​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​រហូត​ទទួល​បាន​ពាន​រង្វាន់​នេះ Zidane ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖

“​វា​គឺ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ ព្រោះ​អ្វី​ដែល​សមាជិក​ក្រុម​បាន​ធ្វើ​ពិត​ជា​ល្អ​មែនទែន។ ​ខ្ញុំ​រក​ពាក្យ​មក​និយាយ​មិន​បាន​នោះ​ទេ។ Champions League ​គឺ Champions League ​ប៉ុន្តែ​លីគ​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT