Aguero វ័យ​រាង​ជ្រេ​ហើយ សមល្មម​ពេល M.City លៃលក​អ្នក​ថ្មី​តែ​សញ្ជាតិ​អាហ្សង់ទីន​ដដែល

ដោយ​មើល​ឃើញ​ពី​កត្តា​អាយុ​របស់ Sergio Aguero កាន់​តែ​ជ្រេ​ខ្ពស់​ហើយ​នោះ ក៏​រុញ​ឲ្យ​ក្លឹប Manchester City ចាប់​ផ្តើម​ចាប់​អារម្មណ៍​ជា​បណ្តើរៗ​ទៅ​លើ​យុវជន​ស្រករ​ក្រោយ នោះ​គឺ Lautaro Martinez។ នេះ​បើ​តាម​របាយការណ៍​ពី Sky Sports បាន​ចុះ​ផ្សាយ។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Inter Milan កន្លង​មក​ល្ហៀងៗ​ថា Barcelona ចង់​បាន​ដូច​គ្នា ប៉ុន្តែ​បើ​និយាយ​ពី​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​ហ៊ាន​ចំណាយ គឺ Man City អាច​មាន​ប្រៀប​ជាង ក្រោយ​ឆ្លង​ផុត​ការ​ល្មើស​ច្បាប់ FFP របស់​សមាគម​បាល់ទាត់​អឺរ៉ុប។

តាម​តម្លៃ​ខ្លួន​របស់ Lautaro ដែល​ជា​តម្លៃ​ផ្តាច់​កុងត្រា​គឺ​ថ្លៃ​ប្រមាណ ១០៨ លាន​អឺរ៉ូ ដែល​សមល្មម​ឲ្យ City លៃលក​លើ​ការ​ផ្តល់​ជូន​សំណើ​មួយ​នេះ។

នា​រដូវ​កាល ២០១៩/២០ ខ្សែ​ប្រយុទ្ធ​វ័យ ២២ ឆ្នាំ រក​បាន ១៨ គ្រាប់​និង Assist ៦ លើក​ហើយ នៅ ៣៩ ប្រកួត​សរុប​ឲ្យ​ក្លឹប Inter Milan៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT