CAMSOC បន្តពិភាក្សាបន្ថែមជាមួយគណៈកម្មការជំនាញចំនួន៥

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)បានបន្តពិភាក្សាបន្ថែមជាមួយគណៈកម្មការជំនាញរបស់ខ្លួនចំនួន៥ ដើម្បីពិនិត្យសកម្មភាពការងារ ផែនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) ឆ្នាំ២០២៣ នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ក្រោយកិច្ចប្រជុំថា គណៈកម្មការជំនាញទាំង៥នេះ រួមមាន៖ គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន, គណៈកម្មការអ្នកស្ម័គ្រចិត្រ, គណៈកម្មការវេជ្ជសាស្ត្រ និងដូភីង, គណៈកម្មការហ្គេមពត៌មានវិទ្យា និងគណៈកម្មការពិធីការ ដើម្បីឲ្យគណៈអចិន្ត្រៃយ៍ CAMSOC ផ្តល់នូវផែនការសម្រាប់ការអនុវត្ត និងភារកិច្ចចម្បងៗ មួយចំនួន។ គណៈកម្មការជំនាញទាំងនេះនឹងជួយឲ្យដំណើរការស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យមានភាពរលូន ក្នុងការគ្រប់គ្រងដឹកនាំកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជំនាញទាំង៥ ក្នុងចំណោមគណៈកម្មការជំនាញសរុបទាំង១៤ ដែលកំពុងខិតខំធ្វើការបានមួយផ្នែកធំ និងកែសម្រួលខ្លះៗ ដើម្បីសម្រួចគោលដៅឲ្យទទួលបានជោគជ័យ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម វ៉ាត់ ចំរើន ដែលដឹកនាំកិច្ចប្រជុំនាថ្ងៃនេះបានបន្ថែមទៀតថា «ថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញទាំង៥នេះបានយល់អំពីការដឹកនាំរៀបចំហ្គេមនេះ ដែលត្រូវធ្វើអ្វីខ្លះ មានចំណុចអ្វីខ្លះ ដែលជាតម្រូវការចំាបាច់ ឬការងារគាំទ្រ ដូច្នេះពួកគាត់បានយល់ច្បាស់ ដើម្បីរៀបចំគម្រោងនៅក្នុងគណៈកម្មការជំនាញនីមួយៗឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម លោក លោកស្រី ដែលកាន់តួនាទី នៅក្នុងគណៈកម្មការជំនាញទាំងអស់នេះ គឺពួកគាត់ មានបទពិសោធន៍លើការងារទូទៅច្រើនហើយ ដោយគ្រាន់តែបន្ថែមនូវលក្ខណៈពិសេសនៃបទពិសោធន៍ការរៀបចំការប្រកួតកីឡាប៉ុណ្ណោះ។»

ឯកឧត្តមលើកឡើងទៀតថា គណៈកម្មការជំនាញនានាបានចាប់ផ្តើមធ្វើការរបស់ខ្លួនជាបណ្តើរហើយ ពីពេលនេះតទៅ ពីព្រោះនៅឆ្នាំនេះ ជាគោលការណ៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានផ្តល់នូវអនុសាសន៍ឲ្យគ្រប់គណៈកម្មការជំនាញទាំងអស់រៀបរយឲ្យហើយនូវរបៀបរបបឯកសារ និងផែនការរបស់ខ្លួន ហើយគោលដៅនៅឆ្នាំ២០២១ គ្រាន់តែសម្រិតសម្រាំងនូវផែនការបន្តិចបន្តួច ដើម្បីចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២២។ ឯកឧត្តមអគ្គលេខាធិការបានឡើងឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដោយឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ត្រូវបញ្ចប់នូវការងារលាយលក្ខណ៍អក្សរនៃផែនការរបស់ខ្លួនឲ្យហើយ ដើម្បីជាបន្ទាត់ ឬជាត្រីវិស័យ នៅក្នុងការងារដឹកនាំគ្រប់គ្រងរបស់ខ្លួនឲ្យបានយ៉ាងហោចណាស់ចន្លោះពី៧០ទៅ៨០% និងត្រូវបំពេញបន្ថែមនៅក្នុងឆ្នាំ២០២១ ដើម្បីបន្តអនុវត្តសកម្មភាពការងារ នៅឆ្នាំ២០២២ រហូតដល់ដើមឆ្នាម២០២៣ ដែលជាឆ្នាំត្រូវរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តែម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT