Ramos សង្ឃឹម​ថា Real Madrid ​នឹង​លើក​ពាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែ​ម្ដង

​ប្រធាន​ក្រុម Sergio Ramos ​រំពឹង​ថា​ក្រុម Real Madrid ​នឹង​ក្លាយ​ជា​ជើង​ឯក La Liga ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែ​ម្ដង ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ Villarreal ។

ក្រោយ​ពី​ឈ្នះ​ក្រុម Granada ​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ​នេះ ​ក្រុម Real Madrid ​កាន់​តែ​កៀក​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ La Liga ​ហើយ។ ​ដោយ​២​ប្រកួត​នៅ​សល់​ខាង​មុខ​នេះ គឺ​ពួកគេ​ត្រូវ​ការ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​សម្រាប់​រដូវ​កាល​នេះ ​ហើយ​បើ​ប្រកួត​ទី​៣៧ ​ឈ្នះ នោះ Real Madrid ​ក្លាយ​ជា​ជើង​ឯក​ស្វ័យ​ប្រវត្តិ​តែ​ម្ដង​។

​ប្រធាន​ក្រុម Ramos ​បាន​និយាយ​ថា​៖ “យើង​អត់​ទាន់​ឈ្នះ​អី​ទេ។ វា​ស្ថិត​ក្នុង​ដៃ​របស់​យើង ​ហើយ​នៅ​សល់​ការ​ប្រកួត​ខាង​មុខ​ទៀត​ដែល​យើង​ត្រូវ​ការ​ឈ្នះ។ ​តាំង​ពី​បើក​រដូវ​កាល​មក គោលដៅ​យើង​គឺ​ឈ្នះ​ពាន​រង្វាន់​នេះ ​ហើយ​បច្ចុប្បន្ន​យើង​កំពុង​ធ្វើ​ការ​លើ​វា។ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​អាច​អបអរ​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT