ជំនួប Le Havre-PSG យប់មិញ មាន​អ្នក​ចូល​ទស្សនា ៥ ពាន់​នាក់ តែ​មិន​សូវ​ឃើញ​ពាក់​ម៉ាស​ទេ

បន្ទាប់​ពី​ធ្វើ​ការ​បិទ​រដូវ​កាល​រាង​លឿន​ជាង​គេ​បន្តិច​នៅ Ligue 1 ពេល​នេះ​បាល់ទាត់​បារាំង​បាន​ចាប់​ផ្តើម​ត្រលប់​មក​ប្រកួត​វិញ​ជា​បណ្តើរៗ​ហើយ។ នៅ​ជំនួប​មិត្តភាព​ដំបូង​បង្អស់​ក្នុង​ស្ថានភាព COVID-19 ក្នុង​ប្រទេស​បារាំង គឺ​កើត​ឡើង​រវាង​ក្លឹប Paris Saint-Germain និង Le Havre។

ការ​ប្រកួត​នេះ​បាន​ប្រព្រឹត្តិ​ទៅ ដោយ​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន ដែល​កំណត់​យក​ត្រឹម ៥ ០០០ នាក់។ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ព្រួយបារម្ភ គឺ​គេ​សង្កេត​ឃើញ​អ្នក​គាំទ្រ​ហាក់​មិន​សូវ​មាន​ការ​ប្រុងប្រយ័ត្ន​ទាល់​តែ​សោះ ពោល​គឺ​ភាគ​ច្រើន​មិន​ឃើញ​ប្រើប្រាស់​ម៉ាស និង​រក្សា​គម្លាត​ពី​គ្នា​នោះ​ទេ។

សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ ស្រប​ពេល​ដែល​ការ​រីករាលដាល​នៃ​ COVID-19 នៅ​តំបន់​អឺរ៉ុប ក៏​នៅ​តែ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ។

បញ្ជាក់​ថា​នៅ​ប្រទេស​បារាំង គិត​ត្រឹម​ថ្ងៃ​ទី ១៣ ​កក្កដា ឈរ​ជា​ប្រទេស​ទី ១៨ មាន​ករណី​ឆ្លង​កូវីដ១៩ ច្រើន​ជាង​គេ​បង្អស់ ដោយ​មាន​ដល់​ទៅ ១៧០ ៧៥២ ករណី ហើយ​មាន​អ្នក​ស្លាប់​ច្រើន​ជាង ៣០ ០០០ នាក់៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT