Bruno ​ជឿ​ថា Rashford ​នឹង​រក​គ្រាប់​បាល់​ជា​ច្រើន​ឱ្យ Man Utd ​នៅ​ថ្ងៃ​មុខ​

​Bruno Fernandes ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​ប្រយុទ្ធ Marcos Rashford ​នឹង​អាច​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ​បើ​ទោះ​ជា​កន្លង​មក​រូបគេ​ខកខាន​ក៏​ដោយ។

របួស​ខ្នង​បាន​ធ្វើ​ឱ្យ Rashford អវត្តមាន​រហូត​ដល់​១៣​ប្រកួត​ឯ​ណោះ​កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​ការ​បើក​រដូវ​កាល​វិញ​នេះ រូបគេ​ក៏​បាន​ជា​សះស្បើយ​និង​អាច​ចូល​លេង​បាន​ផង​ដែរ។ តែ​ការ​ត្រលប់​មក​វិញ​នេះ ​សមត្ថភាព​បញ្ចប់​ទី​របស់​គេ​ហាក់​ដូច​ជា​មិន​ដូច​មុន​ឡើយ ​ដោយ​៦​ប្រកួត​មក​នេះ  រក​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​ដែល​ជា​គ្រាប់​បាល់​ប៉េណាល់ទី​ថែម​ទៀត។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី  សម្រាប់ Bruno ​កីឡាករ​កំពុង​លេចធ្លោ​របស់​បិសាច​ក្រហម Manchester United ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ដដែល។ ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា​៖ “ដូច​ដែល​អ្នក​បាន​ឃើញ Martial ​និង Greenwood ​រក​គ្រាប់​បាល់​បាន​ស្អាត​ៗ​ក្នុង​ការ​ប្រកួត​កន្លង​ទៅ ​ហើយ Rashford ​ក៏​ធ្វើ​បាន​ល្អ​ដូច​គ្នា។ ​រូបគេ​លេង​បាន​ល្អ​និង​ជួយ​ក្រុម​បាន​ច្រើន។ ​យើង​មិន​អាច​មើល​តែ​អ្នក​រក​គ្រាប់​បាល់​បាន​ម្នាក់​នោះ​ទេ​ថា​លេង​ល្អ ​យើង​ក៏​ត្រូវ​មើល​លើ​កីឡាករ​ដទៃ​ទៀត​ដែរ។ ​ខ្ញុំ​ជឿ​ថា​នៅ​ពេល​ខាង​មុខ Rashford ​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​ឱ្យ Man Utd ​មិន​ខាន”៕ប្រភព Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT