Jose ​៖​ខ្ញុំ​គួរ​តែ​មាន​មហិច្ឆតា​ធំ​ជាង​ការ​ឈរ​នៅ​លើ​ក្រុម Arsenal ​

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣៥​នៃ​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។

​ជំនួប​ក្រុម​នៅ​ក្រុង​តែ​មួយ​នេះ ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង ​ជា​ពិសេស​មុន​ការ​ប្រកួត​ក៏​មាន​ការ​បោះ​សម្ដី​ដាក់​គ្នា​ច្រើន​ដែរ ​រវាង​អ្នក​គាំទ្រ​កាំភ្លើង​ធំ ​និង​លោក Jose Mourinho ​តែ​ម្ដង។ ​តែ​លទ្ធផល​ក្នុង​ការ​ប្រកួត​ចេញ​មក​គឺ Spurs ​ជា​អ្នក​យក​បាន​៣​ពិន្ទុ ​ដោយ​២​គ្រាប់​របស់​ពួកគេ​ធ្វើ​បាន​ដោយ Son ​នៅ​នាទី​១៩ ​និង​ខ្សែ​ការពារ​ Alderweireld នៅ​នាទី​៨១។ ដោយ​​ឡែក​១​គ្រាប់​របស់ Arsenal ​ធ្វើ​បាន​ដោយ​Lacazette ​នាទី​១៦។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​៖ “រឿង​ដែល​គេ​និយាយ​ថា​ខ្ញុំ​ចង់​តែ​នៅ​លើ Arsenal ​គឺ​ជា​រឿង​របស់​អ្នក​គាំទ្រ​ប៉ុណ្ណោះ។ ខ្ញុំ​គួរ​តែ​មាន​មហិច្ឆតា​ធំ​ជាង​នេះ។ ខ្ញុំ​មិន​ចង់​និយាយ​ពី​ខ្លួន​ឯង​នោះ​ទេ ​ខ្ញុំ​មិន​ចង់​គ្រាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត ដែល​មាន​ចំណាត់​ថ្នាក់​លើ Arsenal ​ឡើយ”។ ​រំលឹក​ថា​ជ័យជម្នះ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ Spurs ​ឡើង​លើ Arsenal ​២​ពិន្ទុ​ហើយ ​ដោយ Spurs ​នៅ​លេខ​៨ ​មាន​៥២​ពិន្ទុ ​និង Arsenal ​នៅ​លេខ​៩​មាន​៥០​ពិន្ទុ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT