កីឡាករ​បាល់ទាត់ ១០ រូប មាន​កម្ពស់​ទាប​បំផុត​ក្នុង​លោក ខ្លះ​ត្រឹម ១,៥៤ ម៉ែត្រ

នៅ​ក្នុង​វិស័យ​បាល់ទាត់ ផ្នែក​កាយសម្បទា​និង​កម្ពស់ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​ជួយ​រុញច្រាន​ឲ្យ​ការ​ប្រកួតប្រជែង​លើ​ទីលាន​មាន​ភាព​អស្ចារ្យ​ខ្លាំង។

ប៉ុន្តែ​សម្រាប់​កីឡាករ​ខ្លះ ក៏​មិន​បាន​ពឹងផ្អែក​លើ​កម្ពស់​ទាំង​ស្រុង​នោះ​ដែរ ត្បិត​ការ​តែត​បញ្ចូល​ទី​មិន​មាន​ឱកាស​ហុច​ឲ្យ តែ​ជំនាញ​ការ​ប្រើប្រាស់​ជើង​ទាំង​សងខាង​របស់​ពួក​គេ​គឺ​ពិត​ជា​មិន​ណយ​ឡើយ។

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា កីឡាករ​រូប​ណា​ខ្លះ​មាន​កម្ពស់​ទាប​បំផុត​ក្នុង​លោក? បើ​និយាយ​ពី​បញ្ជី​ឈ្មោះ​ទាំង ១០ CTS Sports ធ្វើ​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖

១០.Alexis Sanchez កម្ពស់ ១,៦៩ ម៉ែត្រ


ខ្សែ​ប្រយុទ្ធ​វ័យ ៣០ ឆ្នាំ ត្បិត​បើ​កម្ពស់​មិន​សូវ​បាន ប៉ុន្តែ​និយាយ​ពី​គុណភាព​លេង​គឺ​មិន​ធម្មតា​នោះ​ទេ។ លោក​បាន​ចូលរួម​ជាមួយ​ក្លឹប Barcelona នៅ​ឆ្នាំ ២០១១ និង​ក្លាយ​ឈ្មោះ​ជា​កីឡាករ​ទាប​បំផុត​ប្រចាំ​លីគ​អេស្ប៉ាញ។ អ្វី​ដែល​ស្ងើច​សរសើរ​បំផុត​នោះ​គឺ Sanchez នៅ​តែ​ពុះពារ​ទាញ​យក​ភាព​ល្បីល្បាញ​ខ្លាំង រហូត​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​មួយ​រូប​របស់​ក្លឹប Man Utd ទៀត​ផង។

៩.Joe Allen កម្ពស់ ១,៦៨ ម៉ែត្រ


កីឡាករ​កើត​ឆ្នាំ ១៩៩០ រូប​នេះ បច្ចុប្បន្ន​កំពុង​បម្រើ​អាជីព​នាម​ជា​ខ្សែ​បម្រើ​នៅ​ក្លឹប Stoke City និង​ធ្លាប់​មាន​ឈ្មោះ​ជា​កីឡាករ​ទាប​បំផុត​នៅ​ក្នុង​ហ្គេម FIFA 19។

៨.Madson Formagini Caridade កម្ពស់ ១,៦០ ម៉ែត្រ


ផ្នែក​កម្ពស់​មិន​ជា​បញ្ហា ដោយ Madson បាន​ប្រើប្រាស់​ជំនាញ​ដ៏​ប៉ិនប្រសព្វ​របស់​គេ​ក្នុង​ការ​គ្រប់គ្រង​បាល់ ហើយ​បន្ត​អាជីព​ទល់​សព្វថ្ងៃ​នៅ​ឯ​ក្លឹប Fortaleza FC ក្នុង​ប្រទេស​ប្រេស៊ីល។

៧.Levi Porter កម្ពស់ ១,៦០ ម៉ែត្រ


បុរស​វ័យ ៣១ ឆ្នាំ ដែល​ធ្លាប់​លេង​នៅ​ក្លឹប Leicester City ជាប់​ឈ្មោះ​ជា​កីឡាករ​ទាប​បំផុត​ប្រចាំ ក្របខ័ណ្ឌ Premier League។

៦.Maximiliano Moralez កម្ពស់ ១,៥៩ ម៉ែត្រ


ខ្សែ​បម្រើ​ប្រយុទ្ធ​នៅ​ក្លឹប New York City រូប​នេះ ទទួល​បាន​ការ​ស្រលាញ់​ពេញចិត្ត​ពី​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ឯ​សហរដ្ឋអាមេរិក តាម​រយៈ​ភាព​បិនប្រសព្វ​និង​ជំនាញ​នៃ​ការ​លេង​របស់​គេ ជា​ជាង​ការ​មើល​ទៅ​លើ​ផ្នែក​កាយសម្បទា។

៥.Rui Gil Soares de Barros កម្ពស់ ១,៥៩ ម៉ែត្រ


អតីត​កីឡាករ​ព័រទុយហ្គាល់ បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្លឹប Porto B ​ដែល​លោក​ក៏​ធ្លាប់​ជា​កីឡាករ​ជោគជ័យ​មួយ​រូប​ដែរ កាល​នៅ​ជា​កីឡាករ។ បុរស​កម្ពស់​មិន​សូវ​បាន រក​បាន ៤៣ គ្រាប់​នៅ ១៩១ ប្រកួត​សរុប នាម​ជា​កីឡាករ​លេង​នៅ​តំបន់​បម្រើ។

៤.Jafal Rashed Al-Kuwari កម្ពស់ ១,៥៥ ម៉ែត្រ


លោក​បាន​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ឆ្នាំ ២០០៩ ដោយ​លេង​ឲ្យ​ក្លឹប Al-Sadd របស់​ប្រទេស​កាតា។ ប្រកួត​ប៉ះ AC Milan គឺ​ជា​ការ​ឈរ​ជើង​លើ​ទីលាន​ចុង​ក្រោយ​បង្អស់​របស់​ Jafal។

៣.Marcin Garuch កម្ពស់ ១,៥៤ ម៉ែត្រ


កីឡាករ​វ័យ ៣១ ឆ្នាំ សព្វថ្ងៃ​កំពុង​លេង​ឲ្យ​ក្លឹប GSK Belchatow នៅ​ឯ​លីគ​ប៉ូឡូញ​លំដាប់​ទី​ពីរ។ ត្បិត​បើ​មាន​រូបរាង​តូច តែ​ការ​បម្លាស់​ទី​បាល់​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ គឺ​មាន​ភាព​រហ័សរហួន​បំផុត។

២.Daniel Alberto Villalva Barrios កម្ពស់ ១,៥៤ ម៉ែត្រ


ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន ដែល​កំពុង​លេង​នៅ​ក្លឹប Queretaro។ កន្លង​មក​គេ​ក៏​ធ្លាប់​ជា​កីឡាករ​កម្ពស់​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប River Plate ផង​ដែរ។

១.Elton Jose Xavier Gomes កម្ពស់ ១,៥៤ ម៉ែត្រ


កីឡាករ​ប្រេស៊ីល​រូប​នេះ ក៏​មាន​កម្ពស់ ១,៥៤ ម៉ែត្រ​ដូច​គ្នា ប៉ុន្តែ​រាង​ច្រៀក​លេខ​កាន់​តែ​តូច​ជាង​កីឡាករ​ទី​ពីរ​ដូច​បញ្ជាក់​ខាង​លើ​បន្តិច។ ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​កន្លង​មក​ក៏​ធ្លាប់​ជួយ​ឲ្យ​ក្លឹប​ចាស់ Al-Fateh ឈ្នះ​ពាន​លីគ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ទៀត​ផង៕

ប្រភព៖ Sportsshow

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT