អ្នក​ប្រដាល់​លុយ​គរ​ជើង Floyd មាន​ភូមិគ្រឹះ​តម្លៃ ២៥ លាន​ដុល្លារ តើ​ខាង​ក្នុង​មានអ្វីពិសេសខ្លះ?

អ្នក​ប្រដាល់​ចូល​និវត្ត​ Floyd Mayweather ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុគ្គល​មួយ​រូប ដែល​ចូលចិត្ត​សម្ញែង​ទ្រព្យ អម​ការ​រស់នៅ​បែប​ហ៊ឺហា​ចាយ​លុយ​វាល់​លាន​មិន​សំចៃ​ដៃ។

អ្នក​គាំទ្រ​ប្រាកដ​ជា​ធ្លាប់​ដឹង​ខ្លះៗ​ហើយ​អំពី​ការ​ចាយវាយ​របស់ Floyd តួ​យ៉ាង​ដូច​ជា​ការ​ប្រើប្រាស់​នាឡិកា​តម្លៃ ១៨ លាន​ដុល្លារ ការ​កាត់​សក់​ចំណាយ ១ ពាន់​ដុល្លារ​ក្នុង​មួយ​លើក និង​ការ​ជិះ​រថយន្ត​តម្លៃ ៤,៧ លាន​ដុល្លារ​ជា​ដើម។

បន្ត​ទៅ​ជ្រុង​មួយ​ផ្សេង​ទៀត CTS Sports សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ឲ្យ​មក​មើល​តម្លៃ​នៅ​ភូមិគ្រឹះ​តម្លៃ ២៥ លាន​ដុល្លារ របស់​អតីត​អ្នក​ប្រដាល់​វ័យ ៤៣ ឆ្នាំ​វិញ​ម្តង។

ផ្ទះ​នេះ​ត្រូវ​បាន Floyd ទិញ​យក​កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ ស្ថិត​នៅ​ Baverly Hills ជា​ប្លុក​តារា​ល្បីៗ​និង​សម្បូរ​ដោយ​ហាង​ថ្លៃៗ ក្នុង​ទីក្រុង Las Vegas រដ្ឋ Californiaសហរដ្ឋអាមេរិក។ វា​មាន​បន្ទប់​គេង ៦ និង​បន្ទប់​ទឹក​ ១០ ដោយ​ពេល​ដើរ​ចូល​ទៅ ដំបូង​បង្អស់​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​នូវ​ទូ​ដាក់​តាំង​ស្រា​ជា​ច្រើន​ដប រុំព័ទ្ធ​ដោយ​កញ្ចក់​ការពារ​ខាង​ក្រៅ ហើយ​តាម​ដឹង​គឺ​មាន​ដល់​ទៅ ២៥០ ដប និង​សុទ្ធ​សឹង​តែ​ជា​ស្រា​មាន​តម្លៃ​ថ្លៃ។

 

នៅ​ក្បែរ​នោះ​ក៏​មាន​ផ្ទះ​បាយ​ដ៏​ស្រស់​ស្អាត អម​ដោយ​ចុងភៅ​ឯកជន​ស៊ី​ថ្លៃ​កប់​ពពក ស្វាគមន៍​ការ​ចម្អិន​អាហារ​ឆ្ងាញ់ៗ​ជូន Floyd ដែល​មុខ​ម្ហូប​សំខាន់ៗ​លោក​ចូលចិត្ត​មាន​ដូច​ជា​សាច់ក្រក​ទួរគី កន្ទុយ​គោ និង​ស្ប៉ាគីទី​ជា​ដើម។

ក្រោយ​ចម្អិន​រួច គឺ​ Floyd យក​មក​បរិភោគ​នៅ​ទី​នេះ ដែល​មាន​បរិយាកាស​ល្អ អម​ដោយ​ជញ្ជាំង​កញ្ចក់​ដ៏​ធំ​មើល​ធ្លុះ​ទេសភាព​នៅ​ខាង​ក្រៅ បន្ថែម​នឹង​ឡ​ដុត​កម្តៅ ញាំង​ឲ្យ​ការ​ទទួល​ទាន​កាន់​តែ​មាន​ភាព​ពិសេស​ខ្លាំង​បំផុត។

បង្វែរ​ទៅ​មើល​បន្ទប់​ទទួល​ភ្ញៀវ ឬ​សម្រាក​ជជែក​គ្នា​លេង មាន​បន្ទប់​ស្អាតៗ​ដូច​បាន​បង្ហាញ​ស្រាប់….


ឆ្លៀត​ពេល​សម្រាក ប្រសិន Floyd ចង់​ទស្សនា​ភាពយន្ត​ឬ​សារ​មើល​ការ​ប្រកួត​ចាស់ៗ​របស់​លោក ក៏​មិន​ចាំ​បាច់​ទៅ​ណា​ឆ្ងាយ​នោះ​ដែរ ដោយ​នៅ​ខាង​ក្នុង​ក៏​មាន​បន្ទប់ Cinema Room ដែល​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ ១២ នាក់។

អ្វី​ដែល​ភ្ញាក់ផ្អើល គឺ Floyd បាន​ច្នៃ​បង្កើត​ទូតាំង​ស្ករ​គ្រាប់​ដ៏​ធំ​មួយ​ក្នុង​ផ្ទះ​របស់​លោក ដែល​មាន​គ្រប់​ប្រភេទ​នូវ​ស្ករ​គ្រាប់​ដែល​លោក​ចូលចិត្ត។

បន្ត​ទៅ​នេះ​គឺ​ជា​បន្ទប់​គេង និង​បន្ទប់​ទឹក ដែល​សណ្ឋាគារ​លំដាប់​ផ្កាយ​ល្មមៗ​អាច​សុំ​ខ្មាស ព្រោះ​ការ​រចនា​មាន​ភាព​ទាក់ទាញ​ភ្នែក និង​រុញ​ឲ្យ​អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​បន្ទប់​នោះ​មាន​ភាព​ស្រស់​បំព្រង​ខ្លាំង​បំផុត។

ចេញ​ទៅ​ផ្នែក​ខាង​ក្រៅ​វិញ​ម្តង ក៏ Floyd អាច​មក​លំហែ​កាយ​នៅ​ឯ​អាង​ហែល​ទឹក អម​នឹង​ទីធ្លា​ធំ​ទូលាយ អាច​បង្កើត​កម្មវិធី​ខ្នាត​តូច ដូច​ជា​ការ​ឈរ​អាំង​សាច់ ផឹក​ស្រា​ក្រហម​ជុំ​មិត្តភ័ក្ដិ​គ្រួសារ​បាន​តាម​ចិត្ត​ចង់៕​​

ប្រភព៖ BI | រូបភាព៖ Trulia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT