មុន​ជោគជ័យ​មាន​ទ្រព្យ​ជាង ៤៥០ លាន​ដុល្លារ តើ Beckham ធ្លាប់​ហែល​កាត់​រឿងរ៉ាវ​អ្វី​ខ្លះ?

និយាយ​ដល់​អតីត​ម្ចាស់​អាវ​លេខ ៧ ចាស់​នៅ​ក្លឹប​បិសាច​ក្រហម មុន​ចូល​ដល់​សម័យ​កាល Cristiano Ronaldo អ្នក​គាំទ្រ​ប្រាកដ​ជា​ស្គាល់​ច្បាស់​នូវ​កីឡាករ​អង់គ្លេស​មួយ​រូប​ផ្សេង​ទៀត នោះ​គឺ David Beckham។

Beckham អាច​រាប់​ថា​ជា Legend មួយ​រូប​នៅ United ដោយ​លោក​បាន​បង្កើត​ភាព​ជោគជ័យ​រាប់​ភ្លេច​ទាំង​ពាន​ក្នុង​និង​ក្រៅ​លីគ ក្រោម​ការ​ដឹកនាំ​នា​សម័យ​កាល​គ្រូ​តា Sir Alex Ferguson។ បច្ចុប្បន្ន​លោក​កំពុង​កាន់កាប់​ក្លឹប Inter Maimi នៅ​ឯ​លីគ​កំពូល​ក្នុង​ប្រទេស​អាមេរិក និង​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​ច្រើន​ជាង ៤៥០ លាន​ដុល្លារ។

តើ​អ្នក​ធ្លាប់​ដឹង​ទេ Beckham មាន​ដំណើរ​ជីវិត​បែប​ណា​ខ្លះ? ក្នុង​អត្ថបទ​នេះ យើង​នឹង​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​អ្នក​គាំទ្រ ទៅ​តាមដាន​ចំណុច​សំខាន់ៗ​មុន​លោក​ប្រែ​ក្លាយ​ជា​កីឡាករ​បាល់ទាត់ និង​ស៊ីជម្រៅ​ចូល​ដល់​រឿងរ៉ាវ​ឈឺចាប់​មួយ​ក្នុង​ជីវិត​របស់​លោក។

+ជីវប្រវត្តិ

លោក​មាន​ឈ្មោះ​ពេញ David Robert Joseph Beckham កើត​នៅ​ថ្ងៃ​ទី ២ ​ឧសភា ឆ្នាំ ១៩៧៥ ​ក្នុង​ទីក្រុង London ចក្រភព​អង់គ្លេស ដោយ​មាន​ឪពុក​ឈ្មោះ David Edward Alan Beckham ​និង​ម្តាយ​ឈ្មោះ Sandra Georgina West។ Beckham ជា​កូន​ប្រុស​ទោល​ក្នុង​គ្រួសារ ដោយ​មាន​បងប្អូន​បង្កើត​សរុប ៣ រូប​សុទ្ធ​តែ​ជា​ស្រី។ មួយ​គ្រួសារ​គឺ​ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​របស់​ក្លឹប Man Utd តាំង​ពី​ដំបូង ដែល​ហេតុផល​នេះ​ហើយ​ទើប​រុញ​ឲ្យ​លោក​សម្រេច​ចិត្ត​ជ្រើស​យក​ក្លឹប​អង់គ្លេស​មួយ​នេះ​ជា​ទ្រនំ​កាន់​ឆ្នាំ។

Beckham ជា​ក្មេង​ដែល​ស្រលាញ់​បាល់ទាត់​តាំង​ពី​នៅ​តូច ដោយ​មាន​ពេល​មួយ​កាល​នៅ​រៀន គ្រូ​បង្រៀន​ធ្លាប់​សួរ​ថា៖ “តើ​អ្នក​ចង់​ធ្វើ​អ្វី​ពេល​ធំ​ទៅ?” ភ្លាម​នោះ​លោក​ឆ្លើយ៖ “ខ្ញុំ​ចង់​ធ្វើ​ជា​កីឡាករ​បាល់ទាត់ ហើយ​គឺ​ជា​អាជីព​តែ​មួយ​គត់​ដែល​ខ្ញុំ​ចង់​ចាប់​យក”។ ដោយ​មើល​ឃើញ​ដុង​ពី​កំណើត​របស់​កូន ឪពុកម្ដាយ​របស់ Beckham បាន​យក​លោក​ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​របស់ Manchester United តាំង​ពី​អាយុ ៧ ឆ្នាំ ដោយ​គ្រា​នោះ​គឺ​ស្ថិត​នៅ​ចម្ងាយ​ជាង ៣២០ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក។ និយាយ​ពី​កម្រិត​ជីវភាព សម្រាប់ Beckham អាច​ថា​មិន​ជា​លំបាក​ដូច​កីឡាករ​មួយ​ចំនួន​ឯ​ទៀត​នោះ​ទេ ដោយ​គ្រា​នៅ​វ័យ​កុមារ ​ឪពុក​គឺ​ជា​ជាង​ជួសជុល​ផ្នែក​ផ្ទះ​បាយ ខណៈ​ម្ដាយ​គឺ​ជា​ជាង​លេង​ម៉ូដ​សក់ ពោល​ថវិកា​ដែល​ទទួល​បាន​អាច​សម​ល្មម​ឲ្យ​គ្រួសារ​រស់នៅ​ស្រួល​បាន។

+ការចាប់ផ្តើមក្នុងវិស័យបាល់ទាត់

អម​ដោយ​ឆន្ទៈ​និង​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់ បុរស​សញ្ជាតិ​អង់គ្លេស​បាន​ទទួល​ផ្លែផ្កា​ជោគជ័យ​ជា​បណ្ដើរៗ​តាំង​ពី​អាយុ ១៣ ឆ្នាំ ពេល​លោក​ឈ្នះ​ក្នុង​ការ​ប្រកួត Bobby Chalrton Soccers Schools National Skills ហើយ​ក៏​ជា​ពេល​ដែល​ធ្វើ​ឲ្យ​ថ្នាក់​លើ​របស់​ក្លឹប Man Utd ​មើល​ឃើញ​ពី​ទេពកោសល្យ​របស់​លោក និង​បាន​ចុះ​ហត្ថលេខា​នាំ​យក​រូប​លោក​មក​ចូលរួម​នៅ​ពេល​មាន​អាយុ ១៦ ឆ្នាំ។
រហូត​ដល់​ឆ្នាំ ១៩៩២ ពេល​មាន​អាយុ ១៧ ឆ្នាំ​គឺ​ជា​ពេល​ដែល Beckham បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ឈុត​ធំ​របស់​បិសាច​ក្រហម ហើយ​ចន្លោះ​ពេល​នោះ​លោក​បាន​ក្លាយ​ជា​ចំណែក​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​សំខាន់ៗ​រាប់​ភ្លេច និង​អ្វី​ដែល​អស្ចារ្យ​គឺ​ស្ថិត​នៅ​សម័យ​កាល​ឆ្នាំ ១៩៩៩ ជា​ពេល​ដែល United ធ្លាប់​ឈ្នះ​ពាន ៣ ក្នុង​មួយ​រដូវ​កាល​រួម​មាន​ពាន​ Premier League, FA Cup និង UEFA Champions League។

នៅ​ជម្រើស​ជាតិ Beckham ក៏​ធ្លាប់​ជួយ​តោ​កំណាច​អង់គ្លេស​ឡើង​ដល់​វគ្គ​ជម្រុះ World Cup ឆ្នាំ ២០០២ ក្រោយ​ការ​ស៊ុត​បាល់ Free-Kick យក​ឈ្នះ​ចុង​ម៉ោង​ទល់​នឹង​ក្រិច។ នៅ​ឆ្នាំ​ដដែល​នោះ​ក៏​ជា​ពេល​ដែល Beckham ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​លើ​កុងត្រា ៣ ឆ្នាំ មាន​តម្លៃ ២២ លាន​ផោន​ជាមួយ​បិសាច​ក្រហម​ផង​ដែរ។

ប៉ុន្តែ​ពេលវេលា​របស់ Beckham ជាមួយ​ United បាន​ឈាន​ដល់​ពេល​បញ្ចប់ លឿន​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​រាល់​គ្នា ពោល​គឺ​ឆ្នាំ ២០០៣ មាន​ការ​ចរចា​ដ៏​ភ្ញាក់ផ្អើល​មួយ ដែល Real Madrid សម្រេច​នាំ​យក Beckham មក​កាន់​ទឹកដី​អេស្ប៉ាញ។ ហេតុផល​នៃ​ការ​ចាកចេញ​នោះ មាន​ភាគរយ​ខ្ពស់​គេ​ជឿ​ថា ដោយសារ​ភាព​មិន​ចុះ​សម្រុង​នៃ​គ្រូ​សិស្ស ជា​រួម​គឺ​ជាមួយ​អ្នកចាត់ការ​លោក Sir Alex Ferguson។

ដល់​អាយុ ៣២ ឆ្នាំ ជា​ពេល​ដែល Beckham បាន​ចាកចេញ​ពី​ក្លឹប​អេស្ប៉ាញ ហើយ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ LA Galaxy របស់​សហរដ្ឋអាមេរិក ហើយ​ប្រើ​ពេល​នៅ​ទី​នោះ​អស់ ៣ ឆ្នាំ​មាន​តាំង​ពី​ការ​ខ្ចី​ជើង​ចុះ​ឡើង​ទៅ​កាន់​ក្លឹប AC Milan និង PSG។ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នោះ​ហើយ ជា​ក្លឹប​ចុងក្រោយ​នៃ​ការ​ព្យួរស្បែកជើង​របស់​អតីត​ម្ចាស់​អាវ​លេខ ៧ នោះ​គឺ​នៅ​ពេល​លោក​មាន​អាយុ​ ៣៨ ឆ្នាំ។

+រឿងរ៉ាវជាមួយនឹងឪពុក

បង្វែរ​ទៅ​រឿងរ៉ាវ​កម្សត់​របស់ Beckham បន្តិច ដោយ​ដូច​បាន​បញ្ជាក់​ខាង​លើ បើ​និយាយ​ពី​ជីវភាព​មិន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង Beckham ពិបាក​នឹង​ប្រឈម​បំផុត គឺ​ភាព​កក់ក្តៅ​ក្នុង​គ្រួសារ។ ម្តាយ​ឪពុក​របស់ Beckham បាន​លែងលះ​គ្នា នៅ​ឆ្នាំ ២០០២ ក្រោយ​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​អស់​រយៈ​ពេល ៣៣ ឆ្នាំ។ វា​ជា​ពេល​ដែល Beckham និង​បងប្អូន​ស្រី ២ រូប​ឯ​ទៀត ចាប់ផ្តើម​ខឹង​សម្បា​នឹង​ឪពុក​របស់​ខ្លួន​ជា​ខ្លាំង ព្រោះ​ធ្លាប់​ជា​បុគ្គល​ដែល​បាន​និយាយ​ថា​នឹង​មិន​ចាកចេញ​ពី​ម្ដាយ​របស់​លោក​ឡើយ។

ទំនាក់ទំនង​រវាង​ឪពុក​កូន​ចាប់​ផ្តើម​មិន​ចុះ​សម្រុង ហើយ​ការ​រស់នៅ​ត្រូវ​បង្ខំ​ចិត្ត​ឃ្លាតឆ្ងាយ​ពី​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ Beckham បាន​ត្រូវរ៉ូវ​ជាមួយ​ឪពុក​វិញ នៅ​ដង្ហើម​ចុង​ក្រោយ​ពេល​ដែល​លោក​ឪពុក​បាន​ចែកឋាន​នៅ​អាយុ ៥៩ ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ ២០០៧ ដោយសារ​ជំងឺ​គាំង​បេះដូង។ គ្រា​នោះ Beckham ក៏​ស្ថិត​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់​ជាមួយ​នឹង​ឪពុក​នៅ​វិនាទី​ចុងក្រោយ​នៃ​ជីវិត​ផង​ដែរ។

នា​រយៈ​ពេល​ចុង​ក្រោយ ការ​ខឹងសម្បា​ទៅ​លើ​ឪពុក​ដែល​ធ្លាប់​ដើរ​ចេញ​ពី​គ្រួសារ សម្រាប់ Beckham ក៏​លែង​មាន​ត​ទៅ​ទៀត ហើយ​កាល​ពី​បុណ្យ​ទិវា​ឪពុក Father’s Day ប្រធាន​ក្លឹប Maimi រូប​នេះ ក៏​ធ្លាប់​បង្ហោះ​សារ​មួយ​ថា៖ “រីករាយ​ថ្ងៃ​ទិវា​ឪពុក ខ្ញុំ​ចង់​អរគុណ​ដល់​ប៉ា​ដែល​បាន​ផ្តល់​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ”៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT