រឿង​កម្សត់​និង​ការ​ពិត ៥ យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី Sadio Mane

Sadio Mane ​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​ជា​កីឡាករ​លេង​នៅ​តំណែង​ប្រយុទ្ធ​ដ៏​ជោគជ័យ​មួយ​រូប​ប្រចាំ​តំបន់​អឺរ៉ុប ក្រោយ​ជា​ចំណែក​ជួយ​ឲ្យ​ Liverpool ទទួល​បាន​ផ្លែផ្កា​យ៉ាង​ឆាប់​រហ័ស​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

នៅ​ពី​ក្រោយ​ជីវិត​ពិត​របស់​កីឡាករ​សេណេហ្គាល់ ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ខ្លះៗ​រួច​មក​ហើយ អំពី​ដំណើរ​ខិតខំ​តស៊ូ​របស់ Mane មុន​ឆ្លង​កាត់​មក​ដល់​វិថី​ជោគជ័យ​ទល់​សព្វថ្ងៃ​នេះ។

CTS Sports ធ្វើ​ការ​ច្បិច​លើក​មក​បង្ហាញ​នូវ​ការ​ពិត ៥ យ៉ាង​ពាក់ព័ន្ធ​នឹង​ជីវិត និង​រឿងរ៉ាវ​ខ្លះ​ក្នុង​អាជីព​របស់ Sadio Mane៖

៥.ឪពុកម្តាយ​របស់​គេ​មិន​ធ្លាប់​មាន​លុយ​បញ្ជូន​កូន​ឲ្យ​ទៅ​សាលា​រៀន​ឡើយ


កាល​ពី​នៅ​ក្មេងៗ គ្រួសារ​របស់ Mane មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​គេ​ឲ្យ​ទៅ​សិក្សា​រៀន​សូត្រ​ដូច​ក្មេង​ឯ​ទៀត​ឡើយ។ សាមី​ខ្លួន​ធ្លាប់​បញ្ជាក់​ច្បាស់​អំពី​រឿង​នេះ​ថា៖ “ម្តាយ​ឪពុក​ខ្ញុំ​មិន​ដែល​មាន​ថវិកា​នោះ​ទេ ដោយ​ជា​​រៀងរាល់​ព្រឹក​និង​រៀងរាល់​ល្ងាច ខ្ញុំ​បាន​ត្រឹម​ទៅ​លេង​បាល់ទាត់​ជាមួយ​មិត្តភក្តិ​ក្នុង​ភូមិ​តែ​ប៉ុណ្ណោះ”។

៤.អ្នក​ភូមិ Mane ធ្លាប់​ជួយ​គេ​សម្រេច​ក្តី​ស្រមៃ


ដោយ​មើល​ឃើញ​ដុង​កីឡា​បាល់ទាត់​ពី​កំណើត​របស់ Mane ដល់​ថ្នាក់​សូម្បី​តែ​អ្នកភូមិ​ដែល​មិន​ជាប់​សាច់ឈាម​ផង​នោះ ក៏​ជា​អ្នក​ចូលរួម​ចំណែក​ជួយ​សម្រេច​ក្តី​ស្រមៃ​កីឡាករ​រូប​នេះ​ផង​ដែរ។ ដំបូង​ឡើយ​អាណាព្យាបាល​និង​លោក​ពូ​របស់​គេ​បាន​ត្រឹម​លក់​ដំណាំ​ដាំដុះ ​ឲ្យ​ទៅ​អ្នក​ជិតខាង​គ្រាន់​បាន​លុយ​ខ្លះ តែ​យូរៗ​ទៅ​ដល់​ថ្នាក់​អ្នក​ក្នុង​ភូមិ​នាំ​គ្នា​អង្គាស​ថវិកា​ជួយ​ឲ្យ Mane បាន​ចូល​លេង​បាល់ទាត់​ពេញលេញ​ទៀត​ផង។

ជាមួយ​ទឹកចិត្ត​ដ៏​ធំធេង​នេះ​ហើយ ដែល​រុញ​ឲ្យ Mane ចាំ​ឥត​ភ្លេច ហើយ​មក​ទល់​សព្វថ្ងៃ​បាន​ព្យាយាម​តបស្នង​ត្រលប់​ទៅ​វិញ តាម​រយៈ​ការ​សាងសង់​សាលារៀន មន្ទីរពេទ្យ និង​ឧបត្ថម្ភ​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ភូមិ​របស់​គេ​ទៀត​ផង។

៣.ជា​អ្នក​គ្រោង​កំណត់ត្រា​រក​បាន Hat-Trick លឿន​បំផុត


អំឡុង​ពេល​លេង​ឲ្យ Southampton កីឡាករ​សញ្ជាតិ​សេណេហ្គាល់ ធ្លាប់​រក​បាន ៣ ​គ្រាប់​នៅ​ប្រកួត​ទោល​ប្រើ​ពេល​ត្រឹម ១៧៦ វិនាទី​ប៉ុណ្ណោះ អំឡុង​ពេល​លេង​តតាំង​នឹង Aston Villa។ ជា​ស្ថិតិ​យក​ឈ្នះ​លើ​កំណត់ត្រា​ចាស់​របស់​វីរបុរស Robbie Fowler ដែល​ត្រូវ​ចាយ​ពេល​ដល់​ ៤ នាទី និង ៣៣ វិនាទី​ឯ​ណោះ។

២.ធ្លាប់​ត្រូវ​បាន​អ្នក​គាំទ្រ​វាយប្រហារ​ធ្វើ​បាប


នៅ​ប្រកួត Africa Cup កាល​ពី​ឆ្នាំ ២០១៧ ​គ្រា​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ខកខាន​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ​និង​ក្រុម​ត្រូវ​រង​បរាជ័យ ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង។ ពេល​នោះ​អ្នក​គាំទ្រ​មួយ​ផ្នែក បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ផ្ទះ​សាច់ញាតិ​របស់ Mane ដែល​ត្រូវ​ជា​ពូ​នៅ​ឯ​រដ្ឋធានី Dakar ដោយ​មាន​ការ​ខូចខាត​នៅ​រថយន្ត​តម្លៃ​ជាង ៣ មុឺន​ដុល្លារ​មួយ​ទៀត​ផង។

១.ធ្លាប់​ជា​មនុស្ស​ដែល​រមែង​យឺតយ៉ាវ

កាល​នៅ​លេង​ឲ្យ Southampton កីឡាករ​វ័យ ២៨ ឆ្នាំ​ក៏​ធ្លាប់​ជា​បុគ្គល​ឧស្សាហ៍​មាន​ទម្លាប់​យឺតយ៉ាវ​មួយ​រូប​ផង​ដែរ ដោយ​ទម្លាប់​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នកចាត់ការ​លោក Ronald Koeman អំឡុង​ពេល​ហ្វឹកហាត់​និង​នៅ​ថ្ងៃ​ប្រកួត ប៉ុន្តែ​ក្រោយ​មក​ពេល​ផ្ទេរ​មក Liverpool គឺ​គេ​បាន​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​នោះ​ចេញ​ហើយ៕

ប្រភព៖ Sokkaa

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT