៤ លើក​នេះ មាន​គ្រាប់​បាល់​បញ្ចូល​ទី​កើត​លឿន​បំផុត ខ្លះ​ទើប ៧ វិនាទី​ក្រោយ​ផ្លុំ​កញ្ចែ (វីដេអូ)

ប្រសិនយើងមិនរាប់ម៉ោងបន្ថែម ការប្រកួតពេញម៉ោងលើទីលានគឺមានថេរវេលា ៩០ នាទី ចុះកន្លងមក តើអ្នកធ្លាប់បានដឹងពីគ្រាប់បាល់បញ្ចូលទីណាមួយ ដែលប្រើប្រាស់ពេលវេលាខ្លីបំផុតទេ?

តាមពិតទៅបើ​និយាយ​ថា​ធ្លាប់​មាន​គ្រាប់​បាល់ ប្រើ​ពេល​ត្រឹម ១០ វិនាទី​ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បើក​ការ​ប្រកួត នោះ​អ្នក​អាច​នឹង​មិន​ជឿ​នោះ​ទេ ប៉ុន្តែ​បែបណាមិញ​វា​នៅ​តែ​ជា​ការ​ពិត ដែល​បាន​ចារ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​រួច​ជា​ស្រេច​ហើយ។

ត​ទៅ​នេះ CTS Sports បង្ហាញ ៤ លើក​នៅ​ប្រកួត​នៃ​ការ​តតាំង​ក្លឹប​ធំៗ មិន​រាប់​ក្រុម​ជម្រើស​ជាតិ ដែល​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ប្រើ​ពេល​ខ្លី​បំផុត៖

៤.Alan Shearer ប្រើ​ពេល​ត្រឹម ១០,៤ វិនាទី

នៅ​ជំនួប​រវាង Newcastle United និង Man City កាល​ពី​ឆ្នាំ​ ២០០៣ អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្សល់​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ ដោយ​ប្រើ​ពេល​ត្រឹម ១០,៤ វិនាទី​ក្នុង​ការ​បំប៉ោង​សំណាញ់​ទី។ សម្រាប់​គ្រាប់​បាល់​នេះ គឺ​កើត​ឡើង​ក្រោយ​ការ​ភ្លាត់​ស្នៀត​របស់​អ្នកចាំទី ដែល​មិន​អាច​ផ្តាច់​បាល់​ទាន់​ពេលវេលា ហើយ​ត្រូវ​ស្កាត់​យក​លឿនៗ​ពី​ខ្សែ​ប្រយុទ្ធ​របស់ Newcastle។

៣.Ledley King ​ប្រើ​ពេល​ត្រឹម ១០ វិនាទី

ត្រលប់​ទៅ​ខែ​ធ្នូ ឆ្នាំ ២០០០ អតីត​ខ្សែ​ការពារ​របស់​មាន់​ខ្នាយ​មាស​គឺ Ledley King បាន​បង្កើត​ភាព​អស្ចារ្យ​មួយ​ទល់​ក្លឹប Bradford City តាម​រយៈ​ការ​រក​បាន​គ្រាប់​បាល់​ដើម​តង់ ត្រឹម​ពេល ១០ វិនាទី។ ក្រោយ​កែបាល់​ហើយ​ភ្លាម Ledley បាន​បម្លាស់​ទី​យ៉ាង​រហ័ស និង​ស៊ុត​បាល់​ស្រួច​បញ្ចូល​ទី​ប្រវែង​ចម្ងាយ​ជាង ២២ ម៉ែត្រ។

២.Roy Makaay ​ប្រើ​ពេល​ត្រឹម ១០ វិនាទី

អតីត​ខ្សែ​ប្រយុទ្ធ Roy Makaay ​ប្រើ​ពេល​ត្រឹម ១០ វិនាទី ដែល​ជា​គ្រាប់​បាល់​រហ័ស​បំផុត​នៅ Champions League ​នា​ជំនួប​រវាង Bayern Munich និង Real Madrid។ ពេល​នោះ​គឺ​ជា​កំហុស​របស់ Roberto Carlos ដែល​ទទួល​យក​បាល់​មិន​បាន​ល្អ និង​ស្កាត់​បាន​ភ្លាមៗ ដោយ Hasan Salihamidzic មុន​បញ្ជូន​ឲ្យ Makaay សម្រេច​ទី​ដោយ​ជោគជ័យ។

១.Tim Cahill ប្រើ​ពេល​ត្រឹម ៧ វិនាទី

កីឡាករ​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ បាន​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​កំពូល​នាម​ជា​គ្រាប់​បាល់​លឿន​បំផុត​មួយ​នៅ​ប្រវត្តិសាស្ត្រ​បាល់ទាត់ ក៏​ដូច​ជា​លីគ MLS ប្រើ​ពេល​ត្រឹម ៧ វិនាទី​ប៉ុណ្ណោះ ក្រោយ​កែ​បាល់​ចេញ​ពី​ជើង និង​ទទួល​បាន​ការ​បោះ​បាល់​វែង​ពី​មិត្ត​រួម​ក្រុម ហើយ​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ៕

ប្រភព៖ Sportshow

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT