សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាដាក់គោលដៅប្រជែងមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២២

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយកិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា កន្លងមកយើងបានប្រឹងប្រែងអនុវត្តការងារឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យទាំងលើឆាកជាតិ និងអន្តរជាតិ។ ជាចក្ខុវិស័យ និងគោលការណ៍រួមរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺរួមគ្នាអភិវរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ព្រលឹងជាតិ និងក៏ជាកីឡាអត្តសញ្ញាណជាតិផងដែរ។ ដូច្នេះឯកឧត្តមស្នើសុំ ការយោគយល់ពីព្រឹទ្ធាចារ្យ និងលោកគ្រូ អ្នកគ្រូ សិស្សគុនល្បុក្កតោទាំងអស់ឲ្យយកស្មារតីជាតិ ស្មារតីព្រលឹងដូនតាមកតម្កល់ឲ្យខ្ពស់ បង្រួបបង្រួមគ្រួសារគុនល្បុក្កតោឲ្យមានការឯកភាពជាធ្លុងមួយ ក្នុងការពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង ចាប់ពីពេលនេះតទៅ ដើម្បីជោគជ័យនៃគុនល្បុក្កតោ ក្នុងដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ដែរថា ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជានេះ ប្រភេទកីឡាគុនល្បុក្កតោមានការងារច្រើនណាស់ ដែលត្រូវធ្វើបន្តទៀត ពីព្រោះគុនល្បុក្កតោគឺជាអត្តសញ្ញាណជាតិ ព្រលឹងជាតិទាំងមូល។ «ក្នុងការដាក់ប្រភេទកីឡាប្រពៃណីជាតិកម្ពុជា ក្នុងស៊ីហ្គេម ២០២៣នេះ មានការលំបាកបន្តិច ដើម្បីបញ្ចុះបញ្ជូលឲ្យប្រទេសមួយចំនួនហ្វឹកហាត់គុនល្បុក្កតោ ទើបយើងអាចរៀបចំការប្រកួតបាន។ យើងត្រូវទៅបង្រៀនគេអំពីច្បាប់ បទបញ្ជានៃការប្រកួត ដើម្បីឲ្យគេចេះពីបច្ចេកទេស ក្នុងការប្រកួតប្រជែងជាមួយយើង។ ចាប់ពីពេលនេះតទៅ យើងត្រូវត្រៀមរៀបចំបទបញ្ជាការប្រកួត ក្នុងកម្រិតអន្តរជាតិ ដោយពិនិត្យលើគោលការណ៍លើប្រភេទកីឡាប្រយុទ្ធមួយចំនួនរបស់អន្តរជាតិ ក៏ដូចជាគោលការណ៍នៃការប្រកួតស៊ីហ្គេម។»
ឯកឧត្តមអនុប្រធានបន្ថែមទៀតថា ដោយសារតែសហព័ន្ធទើបនឹងទទួលបានដំណឹងពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ស្តីអំពីការស្នើសុំការឧបត្ថម្ភលើការរៀបចំកិច្ចប្រជុំ ក្នុងកម្រិតអាស៊ីអាគ្នេយ៍ ដើម្បីរៀនសូត្រពីគ្នាផង ការប្រកួតប្រជែង និងផ្សព្វផ្សាយផងពីប្រភេទកីឡាគុនល្បុក្កតោរបស់កម្ពុជាយើងទៅកាន់ប្រទេសមួយចំនួននៅក្នុងអាស៊ីអាគ្នេយ៍ ដែលទទួលយកការហ្វឹកហាត់គុនល្បុក្កតោ ដូចជាប្រទេសវៀតណាម ហ្វីលីពីន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ាជាដើម ដែលយល់ព្រមជួយដល់គុនល្បុក្កតោ ក្នុងការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
នៅឆ្នាំ២០២២ កម្ពុជានឹងរៀបចំការប្រកួត Pre-SEA Games (មុនការប្រកួតផ្លូវការ) ដែលឲ្យតែប្រភេទកីឡាថ្មី ត្រូវរៀបចំការប្រកួត Pre-SEA Games នេះ ដែលជាគោលការណ៍របស់ស៊ីហ្គេម។ អ្វីដែលជាកង្វល់របស់យើងបច្ចុប្បន្ន គឺគុណភាពកីឡាករ កីឡាការិនីរបស់យើង ដែលយើងគឺជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន គឺយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ឆន្ទៈដ៏មុះមុត ជាពិសេសគឺសាមគ្គីភាពផ្ទៃក្នុង ដើម្បីសម្រួចគោលដៅក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT