ហុង ផេង ប្តេជ្ញាធ្វើឱ្យកាន់តែល្អ ក្រោយមានឱកាសបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមជាថ្មី

កីឡាករដែលមានវ័យចាស់ជាងគេនៅក្នុងក្លិបបាល់ទាត់បឹងកេត ខ្សែការពារសំបូរបទពិសោធន៍ ហុង ផេង បានបង្ហាញអំពីក្តីរំភើបក្រោយពីរូបគេទទួលបានឱកាសបង្ហាញខ្លួនជាថ្មី និងតួនាទីជាប្រធានក្រុម ដឹកនាំការប្រកួតក្នុងជំនួប ឈ្នះ សូលទីឡូអង្គរ ៣-០ កាលពីថ្មីៗនេះ។

ហុង ផេង បាននិយាយថា៖ “ ខ្ញុំពិតជាសប្បាយចិត្តចំពោះការវិលចូលទីលានវិញ និងរីករាយជាមួយនឹងតំណែងជាប្រធានក្រុម ដែលលោកគ្រូ គីម ភក្តី ផ្តល់ជូន ហើយលទ្ធផលឈ្នះសូលទីឡូ ៣-០នេះ គឺមានរឿងល្អច្រើនដែលយើងបានធ្វើ និងចំណុចខ្លះទៀតត្រូវកែលម្អ ” ។

ច្រើនជាងនេះទៅទៀត កីឡាករវ័យ ៣១ឆ្នាំរូបនេះបានបន្ថែមថា៖ “ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អបន្តទៀត ព្រោះអីយើងទើបតែធ្វើការជាមួយលោកគ្រូ បាន ២-៣សប្តាហ៍ អញ្ចឹងធ្វើឱ្យយើងមានចំណុចខ្វះខាតតិចតួច ” ។

ឆ្លៀតក្នុងឱកាសដែលការប្រកួតដែលស្ថិតក្នុងលក្ខខ័ណ្ឌបិទទ្វារ មិនមានអ្នកគាំទ្រទស្សនាផ្ទាល់នៅកីឡដ្ឋាន ខ្សែការពារដដែលរូបនេះបានអះអាងថា៖ “ ពិតណាស់ វាជារឿងដ៏ក្រៀមក្រំមួយ ប៉ុន្តែនៅលើទីលានកីឡាករទាំងអស់ យល់អំពីកាលៈទេសៈ ដោយយើងខំប្រឹងអស់ពីលទ្ធភាព ព្រោះទោះពួកគាត់មិនបានមកមើលផ្ទាល់ ក៏ពួកគាត់នៅតែទស្សនាតាមទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែរ ” ។

គួររំលឹកថា ហុង ផេង ទទួលបានទំនុកចិត្តពីគ្រូបង្វឹកបណ្តោះអាសន្ន លោក គីម ភក្តី បង្ហាញខ្លួនលើទីលានរយៈពេល ៨៤នាទីនៃការប្រកួតទល់នឹងសូលទីឡូអង្គរ និងត្រូវបានផ្លាស់ប្តូរជំនួសដោយកីឡាករ លី វ៉ាហេទ មុនបញ្ចប់ការប្រកួត ។

នៅថ្ងៃអាទិត្យ ទី ១១ ខែ កក្កដា ឆ្នាំ ២០២០នេះ បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតក្រៅទឹកដីទល់នឹងក្លិបគិរីវង់សុខសែនជ័យ វេលាម៉ោង ៣:៣០នាទីរសៀល ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV Cambodia ៕

 

អត្ថបទនិងរូបភាព៖បឹង​កេត

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT