ច្បាស់​ហើយ! Bale ​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម Real Madrid ​រដូវ​កាល​ក្រោយ​

បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក Julen Lopetegui ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Real Madrid ​មក ​កីឡាករ Gareth Bale ​នឹង​មិន​ចាកចេញ​ពី​ក្លឹប​នៅ​អេស្ប៉ាញ​នេះ​នោះ​ទេ។

Bale ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ក្លឹប Manchester United ​ចង់​បាន ​ប៉ុន្មាន​រដូវ​កាល​មក​ហើយ។ ខណៈ​ដែល​រដូវ​កាល​នេះ ​ក្រោយ​ពី​សាមី​ខ្លួន​និយាយ​ថា​ចង់​ចាកចេញ​ពី​ក្លឹប Real Madrid ​បន្ទាប់​ពី​លើក​ពាន UEFA Champions League ហើយ​នោះ បិសាច​ក្រហម​កាន់​តែ​មាន​សង្ឃឹម​ថែម​ទៀត។ យ៉ាងណាមិញ វត្តមាន​របស់​អ្នក​ចាត់ការ​ថ្មី Julen Lopetegui ​អាច​នឹង​មិន​ព្រម​អនុញ្ញាត​ឱ្យ​កីឡាករ​វែល​ចាកចេញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​លោក​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​អាវ​លេខ​១១​រូប​នេះ ជា​កីឡាករ​សំខាន់​សម្រាប់​រដូវ​កាល​ក្រោយ។

អតីត​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Bale ​ជា​កូន​សោ​សំខាន់​សម្រាប់​ក្រុម​ទាំង​មូល​នៅ​រដូវ​កាល​ក្រោយ។ លោក​រំពឹង​ថា​រូបគេ​នឹង​លេង​បន្ដ​ជាមួយ​ក្លឹប​មួយ​នេះ​ត​ទៅ​ទៀត ​ហើយ​ចំពោះ​កៅអី​ជម្រើស​១១​នាក់​ដំបូង​ប្រាកដ​ជា​មាន​និច្ច​សម្រាប់​រូបគេ។ តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់ការ​រូប ​នោះ Bale ​ដែល​ជា​កីឡាករ​ស្រលាញ់​ក្លឹប Real Madrid ​ខ្លាំង​នោះ នឹង​មិន​ចាកចេញ​ឡើយ ​បើ​បាន​លេង​ជម្រើស​១១​នាក់​ដំបូង​ជាប់​មែន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT