ក្រុម CFA រៃ​អង្គាស​ថវិកា​បាន​ជាង ១ ៦០០ ដុល្លារ យក​ទៅ​ជួយ​ប្អូន​ស្រី​កើត​ជំងឺ​មហារីក​ខួរ​ឆ្អឹង

ជំនួប​ដ៏​ជក់ចិត្ត​ក្នុង​ <<កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌>> ​របស់​ក្រុម CFA និង PEKMI FC កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​បញ្ចប់​ដោយ​លទ្ធផល ៣-៦។

ក្រោយ​ចប់​ការ​ប្រកួត​ CFA ក៏​បាន​បង្ហាញ​ការ​អរគុណ​ដល់​សមាជិក​ខាង​ក្រុម​បាល់ទាត់ PEKMI FC ទាំង​អស់​ដែល​បាន​សហការ​ចូលរួម ញាំង​ឲ្យ​កម្មវិធី​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​រលូន និង​អរគុណ​ដល់​ក្រុមហ៊ុន​ឧបត្ថម្ភ​ធំ 2MBet ក៏​ដូច​ជា​ក្រុម​ការងារ VEHA Media ដែល​បាន​ជួយ​ដល់​ផ្នែក​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​ផង​ដែរ។

អ្វី​ដែល​មិន​អាច​កាត់ថ្លៃ​បាន គឺ​ទឹកចិត្ត​បងប្អូន​អ្នក​ចូលរួម​ទស្សនា ក៏​ដូច​ជា​សប្បុរសជន​នានា​ដែល​បាន​បរិច្ចាគ​ជា​ថវិកា គាំទ្រ​ដល់​សកម្មភាព​ជួយ​ប្អូន​ស្រី សន សារ៉ាត់ ដែល​ត្រូវ​ការ​ថវិកា​ចាំបាច់​ព្យាបាល​ជំងឺ​មហារីក​ខួរឆ្អឹង។

តាម​ការ​បង្ហើប​ប្រាប់​ពី​តំណាង​ក្រុម​បាល់ទាត់ CFA លោក អៃ សំអូន បញ្ជាក់​ថា​ថវិកា​ដែល​ទទួល​បាន​សរុប​គឺ​មាន ១ ៥៤៤,៥ ដុល្លារ និង ៤៣០ ៥០០ រៀល។

បញ្ជាក់​ថា​នេះ​ជា​ជោគជ័យ​ធំ​លើក​ទី ២ ហើយ​សម្រាប់​កម្មវិធី​ប្រកួត​បាល់ទាត់​សប្បុរសធម៌​ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ក្រុម​បាល់ទាត់ CFA ខណៈ​កន្លង​ទៅ​ក៏​រៃ​ជា​ថវិកា​បាន​ជាង ២ ពាន់​ដុល្លារ​ផង​ដែរ​សម្រាប់​ជួយ​ដល់​កុមារី ស៊ាន ស្រីនិច្ច ដែល​ខ្វះខាត​ថវិកា​ក្នុង​ការ​វះកាត់​ជើង៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT