៤ លើក​ដែល​ខ្សែ​ការពារ/ប្រយុទ្ធ ត្រូវ​បង្ខំ​ចិត្ត​ពាក់​ស្រោមដៃ​ប្តូរ​មក​ធ្វើ​ជា​អ្នកចាំទី

និយាយ​តែ​ក្នុង​ការ​ប្រកួត​ផ្លូវការ តើ​អ្នក​ធ្លាប់​ឃើញ​អ្នកចាំទី​ប៉ុន្មាន​នាក់​ដែល​រង​ពិន័យ​កាត​ក្រហម​និង​ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ? ជួល​ពេល​នោះ​តំណែង​អ្នកចាំទី ក៏​ត្រូវ​បាន​ជំនួស​ដោយ​សមាជិក​ណា​ម្នាក់​របស់​ក្រុម ដែល​ត្រូវ​បាន​សម្រេច​ពី​សំណាក់​អ្នកចាត់ការ។

CTS Sports បង្ហាញ​ពេលវេលា ៤ លើក ដែល​ខ្សែ​ការពារ និង​ខ្សែ​ប្រយុទ្ធ​ធ្លាប់​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ចូល​មក​ចាំ​ទី​ជំនួស អ្នកចាំទី​ដែល​រង​ពិន័យ​កាត​ពី​អាជ្ញាកណ្តាល៖

៤.Kyle Walker


កាល​ពី​ចុង​ឆ្នាំ ២០១៩ កន្លង​ទៅ នៅ​ជំនួប​រវាង Man City ទល់​នឹង Atalanta នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​ Champions League ខ្សែ​ការពារ Kyle Walker ធ្លាប់​ប្តូរ​ចូល​មក​ចាំ​ទី​ជំនួស Claudio Bravo នៅ​ចុង​តង់​អំឡុង​នាទី ៨០ ជាង ដែល​រង​ពិន័យ​កាត​ក្រហម។ Walker ក៏​បាន​សង្រ្គោះ​បាល់ Free Kick ចម្ងាយ​ជាង ២០ ម៉ែត្រ និង​អាច​រក្សា ១ ពិន្ទុ​ឲ្យ City ទៀត​ផង។

៣.Dani Alves

កាល​ពី​ឆ្នាំ ២០១៨ នៅ​ជ័យ​ជម្នះ ៤-១ លើ Sochaux ពាន​រង្វាន់ French Cup អំឡុង​នាទី ៩០ អ្នកចាំទី Kevin Trapp បាន​បណ្តេញ​ចេញ​ពី​ការ​ប្រកួត​ក្រោយ​បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះថ្នាក់។ Alves បាន​ប្តូរ​ចូល​មក​ជំនួស​ភ្លាមៗ និង​ឈរ​ជើង​បាន​ជិត ១ នាទី​មុន​បញ្ចប់​ការ​ប្រកួត ហើយ​គ្មាន​ការ​ស៊ុត​បាល់​ចំ​គោលដៅ​អ្វី​នោះ​ទេ​ពី​ក្រុម​គូ​ប្រជែង។

២.Kevin Großkreutz

ខ្សែ​ការពារ​របស់​ក្លឹប Borussia Dortmund រូប​នេះ​ក៏​ធ្លាប់​ចូល​ចាំ​ទី​ជំនួស​មិត្ត​រួម​ក្រុម Romain Weidenfelelr គ្រា​ត្រូវ​បាន​បណ្តេញ​ចេញ​ផង​ដែរ ដោយ​គេ​បាន​ឈរ​ជើង​ប្រមាណ ១០ នាទី កាល​ប៉ះ Hoffenheim នៅ​ឆ្នាំ ២០១៣។

១.Harry Kane


ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​ធ្លាប់​ប្តូរ​មក​ពាក់​ស្រោមដៃ​ក្លាយ​ជា​អ្នកចាំទី កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ ពេល Tottenham ត្រូវ​តតាំង​ក្លឹប Asteras Tripolis របស់​ប្រទេស​ក្រិក។ ប្រកួត​នោះ Kane រក​បាន Hat-Trick ហើយ​នៅ​ចុង​ម៉ោង​ពេល​អ្នកចាំទី Hugo Lloris បង្ក​កំហុស ​និង Spurs ប្រើប្រាស់​សិទ្ធ​ប្តូរ​កីឡាករ​គ្រប់​គ្នា​ហើយ​នោះ ក៏ Kane ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​មក​ចាំទី​ជំនួស ប៉ុន្តែ​គេ​សង្រ្គោះ​បាល់​មិន​បាន​ល្អ​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT