Aubameyang ​ចង់​បាន​២៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ទើប​បន្ដ​កុងត្រា​នៅ Arsenal ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​កំពុង​ចរចា​បន្ដ​កុងត្រា​ឱ្យ​ខ្សែ​ប្រយុទ្ធ​ Aubameyang ​ឱ្យ​បន្ដ​លេង​នៅ​ទឹក​ដី Emirate ​ទៀត ​ក្រោយ​ពី​កុងត្រា​របស់​គេ​កៀក​នឹង​អស់​សុពលភាព​ហើយ​។

​Aubameyang ​សល់​កុងត្រា​ត្រឹម​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ​ហើយ​បច្ចុប្បន្ន​នេះ​លោក Arteta ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ​កំពុង​ចរចា​បន្ដ​កុងត្រា​ទៀត​ហើយ។ ​អតីត​កីឡាករ Dortmund ​លើ​កុងត្រា​ថ្មី​របស់​គេ ​គឺ​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល​ដល់​២៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ​​និង​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ឡើង​ទៅ។ ​កត្ដា​ប្រាក់​ឈ្នួល​ខ្ពស់​នេះ​ហើយ ​ទើប​ជា​រឿង​ដែល​ពិបាក​សម្រាប់​ក្រុម Arsenal ​ស្រប​ពេល​រដូវ​កាល​ក្រោយ ​ពួកគេ​មិន​ទាន់​ច្បាស់​ថា​អាច​លេង​ពាន​នៅ​អឺរ៉ុប​ឬ​អត់​នោះ​ទេ។

​កីឡាករ​វ័យ​៣១​ឆ្នាំ​លេង​ឱ្យ​ក្រុម Arsenal ​បាន​១០១​ប្រកួត ​និង​រក​បាន​៦៣​គ្រាប់​មក​ហើយ។ ​ដោយសារ​តែ​សល់​កុងត្រា​តែ​១​ឆ្នាំ​នេះ​ហើយ ពេល​នេះ​ក្រុម​ជា​ច្រើន​មាន​ទាំង Real Madrid ​និង Inter Milan ​សុទ្ធ​តែ​មាន​បំណង​ចង់​បាន​រូបគេ​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT