ក្មេងៗ​មាន​ដុង ៣ រូប ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កំពូល​នៅ​ថ្ងៃ​មុខ

នៅ​ក្នុង​វិស័យ​បាល់ទាត់​ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យ​កាល គឺ​យើង​តែងតែ​បាន​ឃើញ​នូវ​យុវជន​ស្រករ​ក្រោយ ដែល​រំកិល​ខ្លួន​ចូល​មក​ប្រលូក​និង​ស្នង​តំណែង​បន្ត​ពី​រៀមច្បង​កំពូលៗ​ជា​ច្រើន។

មុន​ប្រែ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​លំដាប់​កំពូល​មួយ​រូប ចាំ​បាច់​យុវជន​ឬ​ក្មេងៗ​ស្រករ​ក្រោយ​ទាំង​នោះ ត្រូវ​មាន​ឆន្ទៈ​ខិតខំ​ប្រឹងប្រែង បូក​ផ្សំ​នឹង​ទេពកោសល្យ​ឬ​យើង​ហៅ​ថា​ដុង​ពី​កំណើត។ អត្ថបទ​នេះ​យើង​ធ្វើ​ការ​ចម្រាញ់​លើក​មក​បង្ហាញ​ពី​ក្មេងៗ ៣ រូប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ប៉ិនប្រសព្វ​​ខ្លាំង​ក្នុង​ការ​លេង​បាល់​តាំង​ពី​នៅ​វ័យ​កុមារ ពោល​គឺ​ខ្លះ​មិន​ទាន់​មាន​អាយុ ១០ ឆ្នាំ​ស្រួលបួល​ផង​នោះ។

៣.Arat Hosseini


ក្មេង​ប្រុស​ដែល​មាន​អាយុ ៦ ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ថា​ជា <<Messi តូច>> ព្រោះ​ជា​ក្មេង​ដែល​មាន​ដុង​ពី​កំណើត ហើយ​ក៏​ជា​អ្នក​គាំទ្រ Messi ដ៏​ងប់ងុល​ម្នាក់​ផង​ដែរ។ ផ្សា​ភ្ជាប់​នឹង​រឿង​នេះ​កីឡាករ​អាហ្សង់ទីន​ក៏​ធ្លាប់​ផ្តល់​បទ​សម្ភាសន៍​សរសើរ​ដល់​ក្មេង​តូច​នេះ​ថា៖ “អរគុណ​អ្នក​ខ្លាំង​ណាស់ Arat! ខ្ញុំ​បាន​មើល​ឃើញ​ពី​ទេពកោសល្យ​ជា​ច្រើន​របស់​អ្នក វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់”។

Arat ជា​កុមារា​មាន​សញ្ជាតិ​អ៊ីរ៉ង់ ដែល​ជានិច្ចកាល​វីដេអូ​នៃ​ការ​ញាក់​បាល់​ដ៏​ប៉ិនប្រសព្វ​របស់​គេ អម​នឹង​តួខ្លួន​យ៉ាង​រឹងមាំ​ប្រៀបបាន​នឹង​មនុស្ស​ធំ ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​ទូទាំង​សកលលោក​មាន​ការ​ស្ងើចសរសើរ​ជា​ខ្លាំង។

ដំបូង​ឡើយ​គេ​ក៏​ធ្លាប់​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​របស់​ Barcelona ផង​ដែរ ប៉ុន្តែ​រយៈ​ពេល​ចុង​ក្រោយ​គ្រួសារ​របស់ Arat បាន​នាំ​គេ​មក​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស​នា​ឆ្នាំ ២០១៩ ក្រោយ​ទទួល​បាន​សំណើ​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​របស់​ក្លឹប Liverpool។

២.Cristiano Ronaldo Junior
អ្នក​ប្រាកដ​ជា​ស្គាល់​ថា​ច្បាស់​ថា​ក្មេង​តូច​រូប​នេះ គឺ​ជា​កូន​ប្រុស​ច្បង​របស់​តារា​ឆ្នើម Cristiano Ronaldo ដោយ​បច្ចុប្បន្ន​គេ​កំពុង​ហ្វឹកហាត់​ដើរ​តាម​គន្លង​នៃ​អាជីព​របស់​ឪពុក គឺ​នៅ​ថ្នាល​យុវជន​ Juventus ក្នុង​ប្រទេស​អ៊ីតាលី។

មិន​ខុស​ពី​ពាក្យ​គេ​ថា “ពុត​ដែក​ទាន់​នៅ​ក្តៅ” ដោយ​មើល​ឃើញ​ពី​ដុង​ដែល Junior មាន​ស្រាប់​ជាមួយ​វិស័យ​បាល់ទាត់​ផង​នោះ CR7 ដែល​ជា​ឪពុក​បាន​ព្យាយាម​លុតដំ​កូន​ប្រុស​របស់​ខ្លួន​ជា​ខ្លាំង មិន​ថា​តែ​ផ្នែក​កាយ​សម្បទា និង​ឆន្ទៈ​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​លំដាប់​កំពូល។

លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ក៏​បាន​បង្ហាញ​មក​វិញ​ជា​បណ្តើរៗ ដោយ​រាប់​ការ​លេង​ឲ្យ​ឈុត U9 នៅ Juventus កន្លង​មក ២៨ ប្រកួត​សរុប Junior អាច​រក​បាន​ដល់​ទៅ ៥៨ គ្រាប់​និង Assist ១៨ លើក​ឯ​ណោះ។ ចំណុច​លេច​ធ្លោ​របស់​គេ គឺ​ស្រដៀង​ទៅ​នឹង​ឪពុក​ដែរ ទី​មួយ​គឺ ល្បឿន ទី​ពីរ​គឺ ​បច្ចេកទេស និង​ទី​បី​គឺ ការ​បញ្ចប់​ទី។

១.Ariana dos Santos
ក្រឡេក​មក​មើល​កុមារី​អាយុ​ទើប​តែ ៩ ឆ្នាំ​នេះ​វិញ​ម្តង ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ថា​ជា <<Neymar តូច>> ព្រោះ​នាង​កើត​នៅ​ឯ​ប្រទេស​ប្រេស៊ីល ដូច​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប PSG ដែរ។

Ariana បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​នាង តាម​រយៈ​ភាព​រហ័សរហួន​ពេល​នៅ​ជាមួយ​បាល់ ខណៈ​ដែល​កម្លាំង​ក៏​មិន​អន់ ព្រោះ​ពេល​ខ្លះ​នាង​ចូល​តតាំង​ទាំង​ជាមួយ​ក្រុម​បាល់ទាត់​កុមារ​ក្មេង​ប្រុសៗ​ទៀត​ផង៕

https://youtu.be/-piI3k0ZYBE

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT