កិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២០ សម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានសម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ស៊ីហ្គេម ឆ្នាំ២០២៣ រួមទាំងកិច្ចការមួយចំនួនទៀត ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសាររួមថា ថ្ងៃនេះគឺជាកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់ CAMSOC ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលខេត្ត ដែលជាអនុប្រធាន និងប្រធានគណៈកម្មការជំនាញទាំងអស់ ដោយកិច្ចប្រជុំបានដឹកនាំដោយសម្តេចពិជ័យសេនា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពការងារ ដោយយើងបានឈានមួយជំហានទៀត ក្នុងភាពកក់ក្តៅមួយ ដែលកន្លងមក CAMSOC មានក្តីព្រួយបារម្ភ ប៉ុន្តែនៅក្នុងកិច្ចប្រជុំបញ្ចប់ឆមាសទី១នៃឆ្នាំ២០២០នេះ យើងលែងមានក្តីបារម្ភខ្លាំងហើយ ដោយយើងបានសម្រេចបានលើការងារជាជំហាន។

«កិច្ចប្រជុំបានឯកភាពលើការសម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា (ឬពាក្យស្លោក) ដោយ៣ទម្រង់នេះយើងបានសម្រេចជាគោលការណ៍ហើយដោយនៅកែសម្រួលតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងពាក្យពេចន៍នៃបាវចនា ខណៈស្លាកសញ្ញា និងនិមិត្តសញ្ញាត្រូវបានឯកភាពទាំងស្រុង។ យើងបានទទួលយកនូវការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាប្រធាន CAMSOC រួចហើយៗយើងបានសម្រចទៅលើយន្តការនៃការប្រកាសជាផ្លូវការ ក្រោយពីសម្រេចចុងក្រោយ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យគណៈកម្មការជំនាញទាំងអស់នៃCAMSOC នឹងចាប់ផ្តើមដំណើរការនាពេលបន្តបន្ទាប់។ កិច្ចប្រជុំបានកែសម្រួលផ្លាស់ប្តូរសមាសភាពអភិបាលខេត្តដូចជាខេត្តកែប ខេត្តកណ្តាល ដែលជាអនុប្រធាន ដោយសម្តេចប្រធានបានប្រគល់ភារកិច្ច ដូចជាការរៀបចំ ការប្រកាសផ្លូវការនៃបេក្ខជនជ័យលាភីស្លាកសញ្ញា និងនិមិត្តសញ្ញា។ ជាមួយគ្នានោះ កិច្ចប្រជុំក៏បានសម្រេចលើការធ្វើពិធីប្រកាសរាប់ថយក្រោយជាផ្លូវការនៃដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានចំនួន១០០០ថ្ងៃគត់។» នេះជាការបញ្ជាក់ជូនបន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន។

អគ្គលេខាធិការបន្ថែមថា សម្តេចពិជ័យសេនាក៏បានឯកភាពលើការបញ្ជូលរបស់កីឡាកងយោធពលខេមរភូមិន្ទ ដើម្បីជួយគាំទ្របន្ថែមដល់ដំណើរការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ ដោយCAMSOCនឹងធ្វើការងារសហការជាមួយក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងក្រសួងអប់រំ យុវជន និងកីឡា ដោយសម្តេចពិជ័យសេនាមានប្រសាសន៍ថា ភាគច្រើនកីឡាករ កីឡាការិនីកងទ័ពក៏ឆ្នើមៗ ដែលធ្លាប់ដណ្តើមបានមេដាយជាច្រើនពីការប្រកួត ផ្សេងៗផងដែរ។ ក្រៅពីនេះសម្តេចពិជ័យសេនាក៏បានណែនាំឲ្យគណៈកម្មការជំនាញផ្សព្វផ្សាយឲ្យបានគគ្រឹកគគ្រេង អំពីដំណើរការស៊ីហ្គេម ឆ្នាំ២០២៣នេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រូវភ្ជាប់ការផ្សព្វផ្សាយជាមួយគ្នានូវវិមាន ឈ្នះឈ្នះ ផងដែរ ពីព្រោះថា វិមាន ឈ្នះ ឈ្នះ គឺជាគោលការណ៍មួយឆ្ពោះទៅរកសន្តិភាព និងឆ្ពោះទៅស៊ីហ្គេម ២០២៣ ដោយស៊ីហ្គេម ឆ្នាំ២០២៣ អាចកើតមានឡើង គឺអាស្រ័យដោយជោគជ័យ នៅក្នុងអត្ថន័យនៃសន្តិភាព។

សូមបញ្ជាក់ថា សម្តេចប្រធានក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាវឌ្ឍនភាពការងារឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ រយៈពេលជាង១០ថ្ងៃ ដែលមានការបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT