សហព័ន្ធកីឡាបាល់​ទាត់ថៃមិនចង់​ឲ្យ​កីឡាករអបអរគ្រាប់លក្ខណៈជាប្រព័ន្ធ​ហើយបើប៉ះគ្នាឲ្យ​ប៉ះតិចបំផុត

សមាគមកីឡាបាល់ទាត់ថៃ (FAT) បានអំពាវនាវឱ្យមានការចូលរួមពីសំណាក់កីឡាករទាំងអស់ក្នុងលីគកំពូលថៃ ដើម្បីអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ចុងក្រោយ។

ថ្មីៗនេះ FAT បានរៀបចំការប្រជុំជាមួយក្លិប​ទាំងអស់​រួម​ទាំងភាគីពាក់ព័ន្ធ ដែលពួកគេបានពិភាក្សាលើបញ្ហាមួយចំនួនទាក់ទងច្បាប់នានានិងកាលបរិច្ឆេទផ្លូវការនៃការបន្តការប្រកួតលីកបាល់ទាត់ថៃ។

ប្រធានក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ Amnuay Nimmano បានមានប្រសាសន៍ថាលោកបានរៀបចំសេចក្តីព្រាងច្បាប់ដែលគ្រប់ភាគីទាំងអស់ចាំបាច់ត្រូវអនុវត្តហើយលោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីកីឡាករ ដើម្បីកាត់បន្ថយការទំនាក់ទំនងគ្នាជិតស្និទពេកក្នុងពេលប្រកួត។

“យើងបានតាក់តែងច្បាប់បន្ថែម ហើយបានស្នើសុំកិច្ចសហប្រតិបត្តិការពីកីឡាករ ដូចជាមិនអបអរគ្រាប់បាល់ក្នុងពេលប្រកួត។ ដូចគ្នានេះផងដែរ! ពួកគេត្រូវប៉ះពាល់​គ្នាឲ្យ​បាន​តិច​បំផុតឬម​ក៏​បើ​គ្មាន​ការ​ចាំបាច់​ត្រូវ​ប៉ះ​គ្នានោះ​ទេ។

“ យើងនឹងរៀបចំការប្រជុំមួយផ្សេងទៀតនាពេលអនាគត ដើម្បីពិភាក្សាបញ្ហាទាក់ទងនឹង SOP នេះ។ រហូតមកដល់ពេលនេះ យើងមិនទាន់សម្រេចចិត្តលើប្រភេទនៃការដាក់ទណ្ឌកម្មទេ ប្រសិនបើកីឡាករឬក្រុមណាមួយរំលោភលើច្បាប់” ។

ការ​ប្រកួតប្រជែង Thai League 1 និង 2 នឹងបន្តនៅថ្ងៃទី ១៥ ខែកញ្ញានេះ ហើយនឹងបញ្ចប់នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២១ សម្រាប់ T1 និងថ្ងៃទី ២៥ ខែមេសាសម្រាប់ T2 ។ គូប្រជែង T3 នឹងបន្តនៅថ្ងៃទី ៣ ខែតុលា និងបញ្ចប់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ព្រឹត្តិការណ៍ FA Cup របស់ប្រទេសថៃចាប់ផ្តើមនៅថ្ងៃទី ៣០ ខែកញ្ញាហើយការប្រកួតចុងក្រោយគ្រោងធ្វើឡើងនៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២១ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT