គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាប្រកាសឱ្យអត្តពលិកជម្រើសជាតិជនពិការ​ចូលក្នុងជំ​រំហ្វឹកហាត់

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានរៀបចំពិធីជួ​ប​ជុំកីឡាករកីឡាការិនីរបស់ខ្លួនជាង១០០នាក់ ដែលហ្វឹកហាត់កីឡាប្រមាណ១០ប្រភេទមកជួបជុំគ្នានៅម​ជ្ឈ​មណ្ឌលជាតិនៃ ជនពិការតេជោសែន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីផ្ដល់នូវព័ត៌មានសំខាន់ៗ និងជាពិសេស ពីពេលវេលានៃការចូលមកហ្វឹកហាត់ឡើងវិញក្នុងជំរំប្រមូលផ្ដុំ ក្រោយពីពួកគេត្រូវបានរំសា​យអស់ពេលជាច្រើនខែដោយសារវិបត្តិនៃជំងឺកូវីដ១៩។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ដោ​យ​សារមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា គ្រប់ប្រភេទកីឡាទាំងអស់ ដែ​ល​មានប្រមាណ១០ប្រភេទ មានអត្តពលិក  ចំនួន១២៥នាក់ និង គ្រូបង្វឹក១០នាក់ នឹងត្រូវវិលចូលក្នុងជំរំហ្វឹកហាត់វិញ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ដំណាច់ឆ្នាំ។

ក្នុងចំនួននេះ ខាងក្រសួងអប់រំ យុវជន និងកីឡាបានផ្ដល់ប្រាក់ឧបត្ថម្ភថវិកាប្រចាំខែ ក្នុង​ពេលហ្វឹកហាត់  សម្រាប់កីឡាករ៤០នាក់និង គ្រូបង្វឹក១០នាក់ ប៉ុណ្ណោះ ប៉ុន្ដែដើម្បីឱ្យអត្តពលិកចូលរួមហា​​ត់បានច្រើន គណៈកម្មាធិការប៉ារ៉ាឡាំពិកម្ពុជាបានសម្រេចដោយឯកភាពឱ្យអត្តពលិកធ្វើការហ្វឹកហា​ត់​​ទាំ​ងអស់គ្នា និងបែងចែកថវិកាទាំងនោះឱ្យបានគ្រប់គ្នា។ ឯកឧត្តមបានណែនាំដល់កីឡាករកីឡាការិនីទាំ​ង​អស់ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព និងត្រូវអនុវត្តន៍វិធានការការពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន មិនអាចធ្វេសប្រហែសបានឡើយ។

ជាមួយគ្នានេះ ឯកឧត្តម  ក៏បានជូនដំណឹងផងដែរ ពីការលុបចោលអាស៊ាន ប៉ារ៉ាហ្គេមលើកទី១០ នៅ​ហ្វីលីពីន តាមរយៈ កិច្ចប្រជុំអនឡាញ កាលពីពេលថ្មីៗនេះ របស់ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាជ​ន​​ពិការអាស៊ាន។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT