គ្រូបង្វឹក​ស្ដី​ទីក្លិប​បឹង​កេតឃើញពីចំណុចវិជ្ជមានមួយចំនួនក្នុងជំនួបមិត្តភាព៣​លើក​មុន​ប្រកួត​ក្នុង​លីគផ្លូវការ

ក្រោយពីចូលកាន់តួនាទីជាគ្រូបង្គោលបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ លោក គីម ភក្តី បានដឹកនាំកីឡាករបឹងកេតធ្វើការហ្វឹកហាត់ និងប្រកួតមិត្តភាព៣លើកនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ មុនលីគកំពូលកម្ពុជាត្រឡប់មកវិញនៅចុងសប្តាហ៍នេះ។

ជាមួយនឹងលទ្ធផលដែលមានដូចជា ចាញ់ ណាហ្គាវើលដ៍ ២-០, ស្មើអាស៊ីអឺរ៉ុប ១-១ (រកគ្រាប់បាល់ដោយ ជា វេសលី) និងឈ្នះព្រះខ័នរាជស្វាយរៀង ៣-២ (រកគ្រាប់បាល់ដោយ សៀង ចន្ធា, Kenta និង នូរុណ) គ្រូបង្គោលរូបនេះនិយាយថាគោលដៅរបស់លោកគឺផ្តោតលើចំណុចសំខាន់ដូចជា៖ “ ការ ប្រមូល អារម្មណ៍ កីឡាករ ឱ្យវិលមករកការប្រកួតប្រជែងលើទីលានវិញ លក្ខខណ្ឌ កំលាំង និង របៀបលេង ដែលជាគោលការណ៍ របស់ក្រុម ដើម្បីឱ្យកីឡាករទាំងអស់យល់ និងធ្វើ ” ។

សរុបមកក្រោយពីការប្រកួតសមជើងប៉ុន្មានប្រកួតនេះ លោកបានមើលឃើញពីលទ្ធផលដែលទទួលបានគឺ៖ “ ពួកគាត់យល់ដឹងបានលឿន តែក៏មានចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវហ្វឹកហាត់ដើម្បីកែប្រែឱ្យទៅជាវិជ្ជមានវិញផងដែរ ” ។

ការប្រកួតលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២០ ដោយបឹងកេត នឹងបើកទ្វាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ប្រកួតទល់នឹងក្រុមសូលទីឡូអង្គរ វេលាម៉ោង ៣រសៀល ស្របពេលដែលការប្រកួតមិនមានអ្នកទស្សនានោះឡើយ ៕

អត្ថបទនិងរូបភាព៖បឹងកេត

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT