កីឡាករ Andres Iniesta និង Fernando Torres សុទ្ធតែបរាជ័យដូចគ្នា ក្នុងការប្រកួតលើកដំបូងរបស់ខ្លួននៅលីគកំពូលជប៉ុន J-League ។
ខ្សែបម្រើ Iniesta ដែលឈ្នះពានរង្វាន់៣២ពាននៅ FC Barcelona ចូលលេង៣២នាទីចុងក្រោយ ឱ្យក្រុម Vissel Kobe ដែលបរាជ័យក្រោមថ្វីជើងរបស់ Shonan Bellmare ។ អ្នកគាំទ្រជាច្រើនក្នុងចំណោម២៦០០នាក់បាននាំគ្នា លើកទង់ជាតិអេស្ប៉ាញដើម្បីអបអរក្នុងការប្រកួតដំបូងរបស់ Iniesta នៅលីគជប៉ុននេះ។
វីរបុរសរបស់ Barcelona បាននិយាយថា៖ “ពិតជាគួរឱ្យខ្មាសណាស់ដែលបរាជ័យ ព្រោះខ្ញុំមិនចូលចិត្តចាញ់នោះទេ។ ប៉ុន្តែនេះជាជំហានដំបូងសម្រាប់ដំណើរអាជីពថ្មី។ វាជាការប្រកួតនិងបង្ហាញសមត្ថភាពរបស់លីគកំពូលជប៉ុន”។
ដោយឡែកសម្រាប់ Torrres វិញ ក៏មិនខុសពី Iniesta ដែរ ពោលគឺខ្សែប្រយុទ្ធរូបនេះប្ដូរចូលលេង ក្នុងការប្រកួតឱ្យក្រុម Sagan Tosu ចាញ់ក្រុម Vegalta Sendai ក្នុងលទ្ធផល ១-០។ ការងារធ្ងន់របស់អតីតខ្សែប្រយុទ្ធ Chelsea និង Liverpool រូបនេះ នឹងត្រូវជួយក្រុម Sagan ឱ្យផុតពីតំបន់កាត់ចោលក្នុងលីគរបស់ជប៉ុននេះ៕ប្រភព៖ BBC