ខ្សែបម្រើឆ្នើម Mesut Ozil បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ហើយ ក្រោយពីទទួលបានការរិះគន់ច្រើនពេក មួយរយៈមកនេះ។
ក្រោយពីធ្លាក់ World Cup 2018 នេះ កីឡាករអាល្លឺម៉ង់ទាំងអស់មិនសូវទទួលការរិះគន់ដូច Ozil នោះទេ។ ខ្សែបម្រើរូបនេះ ត្រូវបានអ្នកគាំទ្រដៀមដាមទាំងពីនៅរុស្ស៊ីមកម្ល៉េះ រហូតដល់ប្រទេសអាល្លឺម៉ង់ទៀតនៅតែមានគេរិះគន់ចំពោះទម្រង់លេងរបស់ខ្លួនជានិច្ច។ ដោយសារតែមានពាក្យនិយាយច្រើនដូច្នេះហើយ បានជាសាមីខ្លួនបានដាក់ពាក្យស្នើទៅខាងសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ ថាសុំចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ។
កីឡាករលេងនៅក្លឹបអាជីព Arsenal ខាងលើបាននិយាយថា៖ “ការស្ដីបន្ទោសដែលខ្ញុំទទួលបាន គឺច្រើនគ្រប់គ្រាន់ដែលធ្វើឱ្យខ្ញុំលែងចង់ពាក់អាវជម្រើសជាតិនេះតទៅទៀតហើយ។ ខ្ញុំទទួលបានអារម្មណ៍គេមិនត្រូវការ ហើយគេបានបំភ្លេចរឿងល្អៗជាច្រើនដែលខ្ញុំបានធ្វើឱ្យជម្រើសជាតិអាល្លឺម៉ង់តាំងពីឆ្នាំ២០០៩មក។ ខ្ញុំមានអារម្មណ៍ថាគេកំពុងរើសអើងខ្ញុំ មិនគោរពខ្ញុំទេ។ ខ្ញុំធ្លាប់ពាក់អាវជម្រើសជាតិអាល្លឺម៉ង់ដោយមោទនភាព និងសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែពេលនេះលែងមានទៀតហើយ”។
រឿងដែលអ្នកគាំទ្រជាច្រើនចាប់ផ្ដើមរិះគន់ទៅលើ Ozil គឺក្រោយពីកីឡាកររូបនេះបានទៅជួបប្រធានាធិបតីទួរគី Erdogan ។ រូបគេតែងតែគោរពទៅលើវប្បធម៌របស់ទួរគីដែលជាសញ្ជាតិទី២របស់ខ្លួនជានិច្ច។ ដូច្នេះហើយបានជាធ្វើឱ្យអ្នកគាំទ្រអាល្លឺម៉ង់មិនសប្បាយចិត្ត៕ប្រភព៖ DailyMail