១០ ប្រកួត​ចុងក្រោយ កណ្ដាប់​ដៃចូលគោលដៅ ១ លើក​របស់ Floyd មាន​តម្លៃ​ប៉ុន្មាន?

រាប់​តាំង​ពី​ឆ្នាំ ២០១០ រហូត​ដល់​ពេល​ដែល Floyd Mayweather ចូល​និវត្ត​ពី​អាជីព​ជា​អ្នក​ប្រដាល់ បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ ​បាន​តតាំង​ការ​ប្រកួត​ចំនួន ១០ លើក ដោយ​ក្នុង​នោះ​សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ ហើយ​មាន ២ លើកធ្វើឲ្យគូបដិបក្ខបោះបង់ការប្រកួតមុនបញ្ចប់ទឹក ដូច​ជា​ពេល​ប៉ះ​គ្នា​ជាមួយ Victor Ortiz និង​កីឡាករវាយដាក់ទ្រុង Conor McGregor។

នៅ​ចន្លោះ​ពេល​ជាង ៧ ឆ្នាំ​ អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Floyd បាន​ប្រើ​ស្នៀត​កណ្ដាប់​ដៃ​ដាល់​ទៅ​លើ​គូ​ប្រកួត​ចំនួន ៤ ២៧០ លើក មាន ១ ៨៣៣ លើក ដាល់​ចូល​គោលដៅ គិត​ជា​អត្រា​ជោគជ័យ​មាន ៤៣ ភាគរយ។ នេះ​បើ​តាម​របាយការណ៍​ពី​គណនី Dan Canobbio បាន​ចុះ​ផ្សាយ​លើ Twitter។

ជាមួយ​ស្ថិតិ​នេះ ប្រភព​ក៏​បាន​គណនា​ចេញ​ជា​ទំហំ​ទឹក​ប្រាក់​ដែល Floyd ទទួល​បាន​រៀងរាល់​មួយ​លើក​នៃ​ការ​ប្រើ​កណ្តាប់​ដៃ​ដាល់​ចូល​គោលដៅ​មិន​ថា​តែ​ដាល់​ចូល​ត្រង់​ផ្នែក​សៀតផ្កា ចង្កា ឬ​ឆ្អឹងជំនី របស់​គូ​ប្រកួត​ជា​ដើម។

ដោយ​ផ្អែក​តាម​របាយការណ៍​ដែល Forbes ធ្លាប់​ចុះ​ផ្សាយ​ថា Mayweather រក​ចំណូល​បាន ៩១៥ លាន​ដុល្លារ​ពី​ការ​ប្រកួត​ទាំង ១០ លើក​នោះ ក៏​គណនា​ឃើញ​ថា រៀងរាល់​មួយ​លើក​នៃ​ការ​ប្រើ​កណ្ដាប់​ដៃ​ចំ​គោលដៅ​របស់ Floyd គឺ​មាន​តម្លៃ​ប្រមាណ​ជិត ៥០ មុឺន​ដុល្លារ​អាមេរិក ស្រប​ពេល​ដែល​ការ​លើក​ដៃ​ដាល់​ធម្មតា ទោះ​មិន​ចូល​ក្ដី គឺ​ស្មើ​នឹង​ទំហំ​ទឹកប្រាក់​ជា​មធ្យម​ប្រមាណ​ជាង ២០ មុឺន​ដុល្លារ​ឯ​ណោះ៕

ប្រភព៖ BI

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT