ផ្ដើម​ពី​ Fans និង iDol ចុងក្រោយ​ ៤ គូ​នេះ ចាប់​ដៃ​គ្នា​បង្កាត់​ភ្លើង​ស្នេហ៍​ទល់​សព្វថ្ងៃ

កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​មួយ​ចំនួន​ធំ ក្រៅ​ពី​មាន​ទេពកោសល្យ​លើ​ទីលាន​ប្រកួត ​ខ្លះ​ក៏​មាន​ទាំង​រូបរាង​សង្ហារ និង​លក្ខណៈ​សម្បត្តិ​ដ៏​ល្អ​ផង​ដែរ។

ហេតុផល​នេះ​ហើយ​ដែល​បាន​ទាក់ចិត្ត​នារីៗ​ជា​ច្រើន ឲ្យ​មាន​ចិត្ត​បេតី​ទៅ​លើ​ពួក​គេ រហូត​ដល់​ស្រីៗ​ខ្លះ​ក្រៅ​ពី​គាំទ្រ ក៏​មាន​ទាំង​កូន​ចិត្ត​លួច​គិត​ចង់​បាន​កីឡាករ​រូប​នោះ​ជា​គូស្នេហ៍​ទៅ​ថ្ងៃ​មុខ​ទៀត​ផង។

អត្ថបទ​នេះ CTS Sports បង្ហាញ​គូស្នេហ៍​នៃ​កីឡាករ​ ៤ រូប ដែល​ផ្តើម​ចេញ​ពី​ក្តី​ស្រលាញ់​រវាង​ Fans និង iDol ក្នុង​វិស័យ​បាល់ទាត់៖

៤) David de Gea និង Edurne


Edurne Garcia Almagro គឺ​ជា​អ្នក​ចម្រៀង តារា​សម្តែង និង​អ្នក​អធិប្បាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ឯ​ប្រទេស​អេស្ប៉ាញ។ នាង​មាន​ស្រុក​កំណើត​នៅ​ទីក្រុង Madrid ហើយ​បាន​ស្រលាញ់​គាំទ្រ​ David de Gea ជា​ខ្លាំង ដោយ​មើល​ឃើញ​ថា កីឡាករ​រូប​នេះ​គឺ​ជា​អ្នកចាំទី​ល្អ​បំផុត​ក្នុង​ពិភពលោក។

គាំទ្រ​ចុះ​គាំទ្រ​ឡើង ភ្លើង​ស្នេហ៍​រវាង​អ្នក​ទាំង​ពីរ​ក៏​បាន​បញ្ឆេះ​ចេញ​រូបរាង​នៅ​ឆ្នាំ ២០១០ ហើយ​ពួក​គេ​បន្ត​ស្រលាញ់​គ្នា​មក​ទល់​បច្ចុប្បន្ន និង​មាន​ចែកចាយ​នូវ​រូបភាព​ផ្អែមល្ហែម​រាប់​ភ្លេច​នៅ​លើ​បណ្ដាញ​សង្គម​ទៀត​ផង។

៣) Sergio Ramos និង Pilar Rubio


Pilair Rubio Fernandez ​ក៏​ជា​អ្នក​រាយការណ៍​និង​អ្នក​អធិប្បាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​របស់​ប្រទេស​អេស្ប៉ាញ​ដូច​គ្នា ដោយ​នាង​បាន​លួច​ស្រលាញ់ Sergio Ramos ដែល​ជា iDol របស់​ខ្លួន​អស់​រយៈ​ពេល​យូរ​ណាស់​មក​ហើយ ទម្រាំ​តែ​បាន​ចាប់​ដៃ​គ្នា​ក្លាយ​ជា​គូស្នេហ៍​ផ្លូវការ​នៅ​ខែ​កញ្ញា ឆ្នាំ ២០១២។ មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពីរ​មាន​កូន ៣ រូប រួម​មាន Sergio, Marco និង Alejandro។

២) Lionel Messi និង Antonella Rocuzzo


Messi មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Rocuzzo តាំង​ពី​ឆ្នាំ ២០០៨ គ្រា​ដែល M10 ​ទើប​តែ​មាន​អាយុ ២០ ឆ្នាំ។ បើ​និយាយ​ពី​សាច់​ស្គាល់​គ្នា គឺ​ស្គាល់​តាំង​ពី​លោក​នៅ​អាយុ ៥ ឆ្នាំ​មក​ម្ល៉េះ ព្រោះ​ពេល​នោះ Rocuzzo ជា​បងប្អូន​ជីដូន​មួយ ជាមួយ​នឹង​មិត្តភក្តិ​ជិតស្និទ្ធ​របស់ Messi ហើយ Rocuzzo នាង​ហាក់​ចូលចិត្ត​មើល Messi លេង​បាល់​ជា​ខ្លាំង។

ជានិច្ចកាល​នាង​តែងតែ​ទៅ​មើល​បង​ប្រុស ក៏​ដូច​ជា Messi ផ្ទាល់​លេង​បាល់ ហើយ​តែងតែ​រំលេច​វត្តមាន​គាំទ្រ​ពួក​គេ​ជានិច្ច។ ទំនាក់ទំនង​ដ៏​ជិតដិត​មួយ​នេះ បាន​រុញ​ឲ្យ​អ្នក​ទាំង​ពីរ​លួច​មាន​ចិត្ត​លើ​គ្នា ហើយ​ស្ថិត​ក្នុង​ស្នេហា​បែប​លាក់បាំង​អស់​រយៈ​ពេល​ជាង ១ ឆ្នាំ រហូត​ដល់​ខែ​មករា ឆ្នាំ ២០០៩ នៅ​បទសម្ភាសន៍​មួយ​ Messi បាន​ទម្លាយ​ជា​ផ្លូវការ​អំពី​រឿង​នោះ ហើយ​មក​ទល់​បច្ចុប្បន្ន​ពួក​គេ​មាន​កូន ៣ រូប​រួម​មាន Thiago, Mateo និង Ciro។

១) Cesc Fabregas និង Daniella Semann


Daniella ជា​ស្រ្តី​មេម៉ាយ ដែល​មាន​កូន​ប្រុស​ឈ្មោះ Joseph ហើយ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ Fabregas ក្រោយ​ពេល​ដែល​នាង​ទៅ​សុំ​ហត្ថលេខា​របស់​កីឡាករ​អេស្ប៉ាញ​នៅ​ឯ​អាហារដ្ឋាន​មួយ​ក្នុង​ចក្រភព​អង់គ្លេស។

លុះ​ដល់​ឆ្នាំ ២០១១ អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្តើម​ស្រលាញ់​គ្នា ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ។ បញ្ជាក់​ថា Fabregas ទើប​តែ​អាយុ ៣៣ ឆ្នាំ ដែល​ជា​អាយុ​ប្អូន Daniella ដល់​ទៅ ១១ ឆ្នាំ​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT