គ្រា​នៅ​ជា​កីឡាករ Klopp ជោគជ័យ​បែប​ណា​ខ្លះ មុន​ដឹកនាំ​ឲ្យ Liverpool ស្គាល់​រសជាតិ​ឈ្នះ​ពាន PL ឆ្នាំ​នេះ?

អ្នកចាត់ការ​លោក Jurgen Klopp បាន​ដឹកនាំ​ឲ្យ​ក្លឹប​ហង្ស​ក្រហម Liverpool ស្គាល់​រសជាតិ​ឈ្នះ​ពាន Premier League ជា​លើក​ដំបូង ​ក្រោយ​ខកខាន​ឈ្នះ​ពាន​លីគ​អស់​រយៈ​ពេល​ ៣០ ឆ្នាំ។

Klopp បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​នាម​ជា​បុគ្គល​ដែល​ទទួល​បាន​ការ​ស្ងើច​សរសើរ​ខ្លាំង​បំផុត​ពី​អ្នក​គាំទ្រ​រាប់​លាន​នាក់​នៅ​ទូទាំង​សកលលោក និង​ជា​បុគ្គល​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​ក្លឹប​ម្ចាស់ដី Anfield មាន​ទម្រង់​លេង​ឡើង​កូដ​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

តើ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ទាំង​នេះ បុរស​វ័យ ៥៣ ឆ្នាំ ​មាន​ដំណើរ​ជីវិត និង​ប្រវត្តិ​ជោគជ័យ​កាល​នៅ​ជា​កីឡាករ​បែប​ណា​ខ្លះ? តោះ​ទៅ​តាមដាន​ជាមួយ CTS Sports ដូច​ត​ទៅ៖

លោក​មាន​ឈ្មោះ​ពេញ Jurgen Norbert Klopp កើត​នៅ​ថ្ងៃ​ទី ២៦ ​មករា ឆ្នាំ ១៩៦៣ ក្នុង​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ ដោយ​មាន​ឪពុក​ឈ្មោះ Norbert Klopp ដែល​ជា​អតីត​កីឡាករ​បាល់ទាត់​មួយ​រូប និង​ម្តាយ​ឈ្មោះ Elisabeth Klopp ដែល​ជា​អតីត​បុគ្គលិក​បម្រើ​ការ​ផ្នែក​លក់។

តាំង​ពី​នៅ​វ័យ​កុមារ Klopp មាន​ក្តីស្រមៃ​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់ និង​ជា​អ្នកចាត់ការ​ដ៏​ជោគជ័យ​មួយ​រូប។ ការ​ចាប់​ផ្តើម​របស់​លោក គឺ​កើត​ឡើង​នៅ​ពេល​លោក​ចូលរួម​លេង​ជាមួយ​ថ្នាល​យុវជន​ Ergenzingen ក្នុង​ប្រទេស​អាល្លឺម៉ង់ នៅ​វ័យ ១៦ ឆ្នាំ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ព្យាយាម និង​មិន​ងាយ​បោះបង់​អ្វី​មួយ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​លេង​សើច​ជាមួយ​អ្នក​រាល់​គ្នា​ផង​ដែរ។

រហូត​ដល់​អាយុ ២៣ ឆ្នាំ ទើប​ Klopp មាន​ឱកាស​វិវត្ត​ខ្លួន​មក​ចូលរួម​នៅ​ឈុត​ធំ​ជាមួយ​ក្លឹប Ergenzingen ដោយ​លោក​អាច​ថា​ជា​មនុស្ស​ដែល​ស្រលាញ់​ស្រុក​កំណើត​ខ្លាំង​បំផុត ព្រោះ​មួយ​អាជីព​ជា​កីឡាករ​បាល់ទាត់ Klopp មិន​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ក្រៅ​ប្រទេស​អាល្លឺម៉ង់​នោះ​ទេ ពោល​គឺ​បន្ត​លេង​ឲ្យ​ក្លឹប​ក្នុង​ស្រុក​មួយ​ចំនួន​ដូច​ជា Pforzheim, Sindlingen, Frankfurt និង Mainz 05។

លោក​បាន​ចំណាយ​ពេល​សឹង​មួយ​អាជីព គឺ​រយៈ​ពេល​ជាង ១០ ឆ្នាំ​ជាមួយ Mainz 05 ដែល​ដំបូង​ឡើយ​លោក​ជា​តំណែងខ្សែប្រយុទ្ធ ប៉ុន្តែ​ក្រោយ​មក​ប្តូរ​ទៅ​លេង​នៅ​តំណែង​ការពារ​ស្លាប​ស្តាំ​វិញ។ សរុប​គ្រាប់​បាល់​ក្នុង​លីគ Klopp ធ្វើ​បាន ៥៦ គ្រាប់​ឲ្យ​ក្លឹប។ និយាយ​ពី​ពាន​រង្វាន់​គឺ Klopp ទទួល​បាន​តែ​ ១ លើក​គត់​នាម​ជា​កីឡាករ​បាល់ទាត់ នៅ​រដូវ​កាល ១៩៨៦/៨៧ ពេល​លេង​ឲ្យ​ក្លឹប Pforzheim បែប​នេះ​អាច​និយាយ​ថា កាល​នៅ​អាជីព​ជា​កីឡាករ​លោក Klopp មិនមែន​ជា​បុគ្គល​ដែល​ទទួល​បាន​ជោគជ័យ​អ្វី​នោះ​ទេ។

រហូត​ដល់​ឆ្នាំ ២០០១ លោក Klopp បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់ ពោល​គឺ​នៅ​ពេល​ដែល​លោក​មាន​អាយុ ៣៨ ឆ្នាំ តែ​លោក​បាន​ទទួល​ឱកាស​ក្លាយ​ជា​អ្នកចាត់ការ​ភ្លាមៗ ដោយ​ចូល​ដឹកនាំ​ជំនួស​លោក Eckhard Krautzun នៅ​ក្លឹប Mainz 05 នោះ​ផ្ទាល់​តែ​ម្តង។ អំឡុង​ពេល​ដឹកនាំ​ក្លឹប​នេះ​រយៈ​ពេល ៧ ឆ្នាំ លោក​ត្រឹម​បាន​ជួយ​ឲ្យ​ក្លឹប​អាច​វិវត្ត​ខ្លួន​ទៅ​ចូលរួម​នៅ Bundesliga លីគ​លំដាប់​ទី ១ របស់​អាល្លឺម៉ង់ និង​ជាប់​ឈ្មោះ​បាន​លេង​នៅ​វគ្គ​ជម្រុះ UEFA Cup រដូវ​កាល ២០០៥/០៦ តែ​ប៉ុណ្ណោះ។

រហូត​ដល់​ឆ្នាំ ២០០៨ លោក Klopp បាន​ទៅ​ដឹកនាំ​ក្លឹប​ Borussia Dortmund ដែល​ទី​នោះ​ហើយ​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​និង​ចាប់ផ្តើម​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទទួល​ស្គាល់​ពី​ភាព​ជោគជ័យ​របស់​លោក។ ជាមួយ Dortmund អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ធ្លាប់​ជួយ​ឲ្យ​ឈ្នះ​ពាន​ Bundesliga ២ លើក German Cup ១ លើក និង German Super Cup ២ លើក ហើយ​ក៏​ធ្លាប់​មាន​ឱកាស​ដឹកនាំ​ក្រុម​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UEFA Champions League ដែរ តែ​មិន​ទទួល​បាន​ជ័យជម្នះ។ស

Klopp បាន​រំកិល​ខ្លួន​ចេញ​មក​ដឹកនាំ​ក្លឹប​ក្រៅ​តំបន់ នៅ​ខែ​តុលា ឆ្នាំ ២០១៥ នោះ​គឺ​ជា​ពេល​ដែល​លោក​ក្លាយ​ជា​អ្នកចាត់ការ​របស់​ហង្ស​ក្រហម Liverpool។ លោក​ជា​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ទី ២ ក្នុង​ប្រវត្តិសាស្ត្រ ដែល​មក​ដឹកនាំ​ក្លឹប​នៅ​អង់គ្លេស បន្ទាប់​ពី​គ្រូ​ចាស់​លោក Felix Magath ដែល​ធ្លាប់​ដឹកនាំ Fulham ក្នុង​ឆ្នាំ ២០១៤។

នៅ​កិច្ច​សម្ភាសន៍​ដំបូង​បង្អស់​នាម​ជា​គ្រូ​បង្វឹក​លោក Klopp ធ្លាប់​មាន​ប្រសាសន៍​ថា៖ “សូម​ផ្តល់​ពេលវេលា​សម្រាប់​ពួក​យើង ដោយ​ខ្ញុំ​ហ៊ាន​ថា​រយៈ​ពេល ៤ ឆ្នាំ​ទៅ​មុខ យ៉ាង​ហោច​ណាស់​យើង​នឹង​បាន​ឈ្នះ​ពាន​រង្វាន់​មួយ”។

ក្រឡេក​មក​មើល​ឆ្នាំ ២០២០ នេះ ពោល​គឺ ៥ ឆ្នាំ​បន្ទាប់​ក្រោយ Klopp ចូល​ដឹកនាំ Liverpool សរុប​ពាន​ធំៗ ៤ ដែល​ក្លឹប​ទទួល​បាន​គឺ​មាន​ដូច​ជា UEFA Champions League, FIFA Club World Cup, UEFA Super Cup និង English Premier League ដែល​ទើប​ប្រកាស​ក្លាយ​ជា​ជើង​ឯក​កាល​ពី​ពេល​ថ្មីៗ។
ផ្សា​ភ្ជាប់​ទៅ​នឹង​ចំណូល​ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​របស់ Klopp បន្តិច ដោយ​អ្នកចាត់ការ​វ័យ ៥៣ ឆ្នាំ​ត្រូវ​បាន​គេ​ដឹង​ថា​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ក្លឹប Liverpool ប្រមាណ ១២ លាន​ដុល្លារ/ឆ្នាំ ឬ​គិត​ជា​សប្ដាហ៍​បាន​ប្រមាណ ២៣៧ ០០០ ដុល្លារ។

ស្រប​ពេល​ដែល​ទំហំ​ទ្រព្យ​សម្បត្តិ​រួម​របស់​លោក គឺ​មាន​ប្រមាណ ៥០ លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ពី Celebrithy Net Worth បាន​ចុះ​ផ្សាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT