ពែកមី៖ “យ៉ាប់​ណាស់​ខ្ញុំ ទាត់​ឈ្នះ​គេ គេ​ហៅ​អា ទាត់​ចាញ់​គេ គេ​ផុស​ឌឺដង”

ក្រោយ​ពី​ចប់​ការ​ប្រកួត​រវាង​ក្រុម PEKMI FC និង ​ក្រុម​មហាហង្ស នៅ​ជំនួប​មិត្តភាព​កាល​ពី​ពេល​កន្លង​ទៅ​នេះ ក៏​ស្រាប់​តែ​មាន​រឿង​ចម្រូងចម្រាស​ខ្លះ​បាន​ផ្ទុះ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម។

នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ​មិថុនា ឆ្នាំ ២០២០ មាន​គេហទំព័រ​ក្នុង​ស្រុក​មួយ ចុះ​ផ្សាយ​នូវ​អត្ថបទ​​ក្រោម​ចំណង​ជើង​ថា <<បង្កើនមិត្តភាពក្នុងវិស័យសិល្បៈ ក្រុមបាល់ទាត់នាយ ពាក់មី ប្រកួតយ៉ាងស្វិតស្វាញលើទីលានជាមួយក្រុមចម្រុះតារា Mahahang All Stars>> ប៉ុន្តែ​ក្នុង​ខ្លឹមសារ​អត្ថបទ​ហាក់​មាន​ប្រើប្រាស់​ពាក្យ​លែបខាយ​មួយ​ចំនួន ដែល​ប្រធាន​ក្រុម PEKMI FC បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ត្រង់​ខ្លឹមសារ​ថា៖ “យោង​តាម​ការ​ប្រកួត​ជាក់ស្តែង ក្រុម​ទាំង​ពីរ​ក៏​ប៉ះ​គ្នា​ខុស​បច្ចេកទេស​ខ្លះៗ​ផង​ដែរ ខណៈ​ដែល​ក្រុម​មហាហង្ស​ត្រូវ​គេ​កត់​សម្គាល់​ថា​លេង​ត្រូវ​បច្ចេកទេស​បាន​ល្អ លើកលែង​តែ​ក្រុម​ពែកមី ដែល​មាន​កីឡាករ​ខ្លះ​លេង​ប្រើ​កម្លាំង ក្រោយ​ពេល​ព្យាយាម​តាម​រក​គ្រាប់​បាល់​មិន​ទាន់“។

រី​ឯ​អត្ថន័យ​មួយ​ផ្សេង​ទៀត​បាន​ចុះ​ផ្សាយ៖ “ដោយ​បញ្ចប់​ការ​ប្រកួត ក្រុម​ពែកមី ដែល​ជា​ក្រុម​បង្កើត​មុន និង​ល្បី​ឈ្មោះ​ជា​យូរ​មក​ហើយ ក្លាយ​ជា​អ្នក​ចាញ់​យ៉ាង​អាម៉ាស់​នៅ​ក្នុង​តារាង​របស់​វិទ្យាល័យ​ឥន្រ្ទ​ទេវី“។​

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ នៅ​រសៀល​ថ្ងៃ​ដដែល ក៏​ប្រទះ​ឃើញ​ទំព័រ​ហ្វេសប៊ុក Chem Chanra ចែម ចាន់រ៉ា ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​ទំព័រ​ផ្លូវការ​របស់​តារា​កំប្លែង​ល្បី​ឈ្មោះ​លោក ពែកមី បាន​សរសេរ​ឆ្លើយតប​ទៅ​វិញ​ថា៖ “តាភិន អើយ កីឡាករ​ឈ្នះ​ចាញ់​ធម្មតា លោក​វេបសាយ​ចុះ​ឌឺដង​អី ល្ងាចមិញ​ទាត់​ចប់​ភ្លាម​លោក​តា​ភិន​ឯង ដើរ​មក​ឌឺ​ថា​ក្រុម​លោក​គឺ​លោក​ជា​អ្នក​បង្ហាត់ ហើយ​លោក​ខ្ទើយ​ទេ លោក​រាំ​ធ្វើ​ខ្ទើយៗ​ឌឺ​ទៀត យ៉ាប់​ណាស់​ខ្ញុំ ទាត់​ឈ្នះ​គេ​ គេ​ហៅ​អា ​ទាត់​ចាញ់​ គេ​ផុស​ឌឺដង”។

តាម​រយៈ​ការ​បញ្ចេញ​មតិ​ឆ្លើយតប​ទៅ​នឹង​តារាសម្តែងល្បីឈ្មោះលោក ជា សុវណ្ណនរាហ៍ ដែល​បាន​ចោទ​សួរ លោក ពាក់មី បន្ថែម៖ “នឹង​ហើយ​អូន គាត់​ដើរ​មក​និយាយ​ខ្លួន​គាត់ គាត់​រាំ​ធ្វើ​របៀប​ខ្ទើយ មក​ឌឺ​យើង​ដល់​កន្លែង​មាន​ហ្វេន​ដែល​នៅ​ក្បែរ​នឹង​គេ​ឃើញ គេ​លាន់​មាត់​ថា ចុម ទើប​ដឹង​តា​ភិន​នឹង​ខ្ទើយ”៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT