Pep ថា Man City គ្មាន​ចិត្ត​ត្រេកត្រអាល​ចង់​ឈ្នះ​ដូច Liverpool ទើប​របូត​ពាន​ឆ្នាំ​ហ្នឹង

ក្រោយ​រង​បរាជ័យ​ទល់​នឹង​ក្លឹប Chelsea ២-១ អ្នកចាត់ការ​របស់​ក្លឹប Man City លោក Pep Guardiola បាន​បង្ហាញ​ពី​អារម្មណ៍​សោកស្តាយ បន្ទាប់​ពី​មើល​ឃើញ​នូវ​ជ័យជម្នះ​នៃ​ការ​ឈ្នះ​ពាន​របស់​ក្រុម​គូ​ប្រជែង Liverpool ដែល​ខកខាន​អស់​រយៈ​ពេល ៣០ ឆ្នាំ​ហើយ​នោះ។

លោក Pep បាន​ពន្យល់​នូវ​មូលហេតុ​ធំ​មួយ ដោយ​អះអាង​ថា​ក្រុម​របស់​លោក ​មិន​មាន​អារម្មណ៍​ត្រេកត្រអាល​ចង់​ឈ្នះ​ពាន​ខ្លាំង​ដូច​ហង្ស​នា​រដូវ​កាល​នេះ​ទេ ទើប​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ការ​ថ្លោះធ្លោយ​ជា​ច្រើន​ប្រកួត​តាំង​ពី​ដើម​រដូវ​កាល។

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​និយាយ៖ “ប្រហែល​យើង​មិន​មាន​ភាព​ត្រេកត្រអាល​ចង់​ឈ្នះ​ដូច​ជា Liverpool ដោយ​ពួក​គេ​រៀងរាល់​ការ​ប្រកួត​ចាត់​ទុក​ដូច​ជា​ប្រកួត​វគ្គ​ចុងក្រោយ​របស់​គេ​អ៊ីចឹង បែប​នេះ​អាច​ថា​ប្រហែល​យើង​មិន​បាន​ឈាន​ដល់​ចំណុច​ហ្នឹង ជា​ពិសេស​គឺ​ផ្នែក​មួយ​នៃ​ដើម​រដូវ​កាល​ដំបូង ដោយ​វា​ជា​ការ​ពិត ទើប​យើង​នៅ​ក្រោយ​គេ​ដាច់​ឆ្ងាយ”។

លោក​បន្ថែម៖ “Liverpool គឺ​ពិត​ជា​អស្ចារ្យ​ពេញ​មួយ​រដូវ​កាល​នេះ ខណៈ​ដែល​ចាប់ផ្តើម​រដូវ​កាល​ដំបូង​យើង​មាន​ការ​របូត​ពិន្ទុ​ខ្លះ តែ​សម្រាប់ Liverpool បែរ​ជា​មិន​របូត​ទៅ​វិញ យ៉ាងណាមិញ​យើង​នឹង​ព្យាយាម​ប៉ះប៉ូវ​រដូវ​កាល​ក្រោយ ឲ្យ​មាន​ការ​ផ្តោត​ជាង​នេះ ហើយ​យើង​ចាំបាច់​ត្រូវ​រៀនសូត្រ​ពី​វា ដើម្បី​បញ្ចៀស​មិន​ឲ្យ​ជួប​ស្ថានភាព​បែប​នេះ​សារ​ជា​ថ្មី”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT