Neymar នឹង​ឈ្នះ Ballon d’Or ហើយ ប្រសិន PSG ធ្វើ​រឿង​មួយ​នេះ​បាន

ប្រសិន Neymar ជា​ចំណែក​អាច​ជួយ​ឲ្យ PSG ឈ្នះ​ពាន​អឺរ៉ុប UEFA Champions League នោះ​គេ​នឹង​ឈ្នះ​ពាន​ Ballon d’Or ហើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អតីត​កីឡាករ​ជើង​ចាស់ Kaka។

Kaka ដែល​ជា​កីឡាករ​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ចុងក្រោយ​គេ​បង្អស់​នៅ​ឆ្នាំ ២០០៧ មុន​ដល់​ឈ្មោះ​របស់ Cristiano Ronaldo ឬ Lionel Messi លើក​បណ្ដាក់​គ្នា​ជា​បន្តបន្ទាប់ បាន​ប្រាប់ Globo Esporte ពី​បេក្ខភាព​ដែល​មាន​ភាគរយ​ខ្ពស់​អាច​ឈ្នះ​ពាន​បុគ្គល​មួយ​នេះ​ថា៖ “ដំបូង​បង្អស់​នោះ​គឺ Neymar ដោយ​ខ្ញុំ​ជឿ​ថា Neymar គេ​ជា​កីឡាករ​ល្អ​បំផុត​មួយ​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ការ​ដែល​គេ​អាច​ឈ្នះ​ពាន​នេះ​បាន​ក៏​ស៊ីសង​ទៅ​លើ​ជោគជ័យ​ដែល​គេ​សម្រេច​បាន​ជាមួយ​ក្រុម”។

លោក​សង្កត់​ធ្ងន់៖ “ឥឡូវ​យើង​នឹង​មើល​ការ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Lisbon ប្រសិន​ណា PSG ជា​ម្ចាស់​ជើង​ឯក នោះ Neymar សក្តិសម​ណាស់​នឹង​ឈ្នះ​ពាន​រង្វាន់​នោះ​នាម​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក”។

បញ្ជាក់​ដែរ​ថា PSG បាន​យក​ឈ្នះ Dortmund នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ហើយ​បច្ចុប្បន្ន​កំពុង​កក់​កៅអី​នៅ​វគ្គ ៨ ក្រុម រង់ចាំ​ក្រុម​ដែល​ត្រូវ​តតាំង​គ្នា​សម្រាប់​ព្រឹត្តិការណ៍​នា​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT