Privat នៅតែរកគ្រាប់បាល់បន្ថែម ក្នុងបញ្ជី Top Scorers ទោះបីអាស៊ីអឺរ៉ុប បរាជ័យ៤ប្រកួតជាប់គ្នា

ខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន Privat Mbarga របស់ក្លិបអាស៊ីអឺរ៉ុប យូណាយធីត កំពុងតែដឹកនាំបញ្ជីកីឡាករស៊ុតចូលទីច្រើនជាងគេ ( Top Scorers ) ដោយមាន ១៨គ្រាប់ ត្រឹម ១៥ប្រកួត ។

ថ្វីត្បិតតែរកគ្រាប់បាល់បានសឹងគ្រប់ប្រកួតក៏ពិតមែន ប៉ុន្តែក្លិបអាស៊ីអឺរ៉ូប បានជួបបរាជ័យ ៤ប្រកួតក្នុងជើងទីពីរនេះ និងធ្លាក់ពីលេខ៥ ទៅដល់លេខ ៧ ក្នុងលីគ ខណៈមាន ១៨ពិន្ទុ ។

ធ្លាប់ឆ្លើយតបក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ CTS Sport, Privat និយាយថា កត្តាដែលធ្វើឲ្យរូបគេតែងតែរកគ្រាប់បាល់នេះ គឺកើតចេញជំនឿចិត្តលើព្រះជាម្ចាស់ ហើយនិងការខិតខំហ្វឹកហាត់ ក៏ដូចជាបង្ហាញអស់ពីសមត្ថភាពអំឡុងការប្រកួតនិមួយៗ ។

តើអ្នកដឹងទេថា Privat ស៊ុតចូលទី ១១ប្រកួត ក្នុង ១៥ប្រកួត នារដូវកាល ២០១៨នេះ ហើយជាកីឡាករដំបូងគេដែលធ្វើបាន Double Hat-trick ( ៦គ្រាប់ ) ក្នុងមួយប្រកួតនារដូវកាលនេះផងដែរ។

គួររំលឹកថា ក្រុមទាំង ១១ ក្នុងលីគកំពូលកម្ពុជា គិតចាប់តាំងពីបើកឆាកមក មានតែ ក្លិប ណាហ្គាវើល វេស្ទើនភ្នំពេញ និង ភ្នំពេញក្រោន ប៉ុណ្ណោះ ដែល Privat Mbarga ពុំទាន់ស៊ុតចូលទី ខណៈក្លិបពួកគេនឹងត្រូវជួបគ្នាក្នុងជើងទីពីរជាបន្តទៀត ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT