កែវ សុខផេង ស៊ុតចូលគ្រប់ប្រកួតតាំងពីចូលរួមជាមួយវិសាខា

ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កែវ សុខផេង ចាប់តាំងពីផ្លាស់មកលេងឲ្យក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជា នាពាក់កណ្តាលរដូវកាល ២០១៨ មក គឺតែងតែរកគ្រាប់បាល់បានរហូត គ្រប់ប្រកួតដែលរូបគេបង្ហាញខ្លួន។

ជាក់ស្តែង ត្រឹម ៤ប្រកួតក្នុងជើងទីពីរនេះ កីឡាករវ័យ ២៦ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងក្លាយជាកីឡាករកម្ពុជា ទី ៦ រកគ្រាប់បាល់បានច្រើនជាងគេប្រចាំរដូវកាល​២០១៨នេះ ។

៥គ្រាប់របស់ សុខផេង រកបានក្នុងជំនួបទល់នឹងអគ្គិសនីកម្ពុជា (១គ្រាប់) អង្គរថាយហ្គឺរ (២គ្រាប់) ភ្នំពេញក្រោន (១គ្រាប់) និង អាស៊ីអឺរ៉ុប (១គ្រាប់) ។

គួររំលឹកថា កែវ សុខផេង បានផ្ទេរពីក្លិបភ្នំពេញក្រោន ទៅលេងឲ្យក្លិប PKNP នៅក្នុងក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី កាលពីដើមរដូវកាល ២០១៨កន្លងទៅ តែវិលត្រលប់មកកម្ពុជាវិញ ក្រោយពីចំណាយពេលកន្លះរដូវកាល និងត្រូវបានក្លិបចំណូលថ្មី វិសាខា ចែចូវបានសម្រេច សម្រាប់លេងឲ្យក្លិបក្នុងជើងទីពីរ នៃលីគកំពូលកម្ពុជា ។

បច្ចុប្បន្ន វិសាខា ឈរលេខរៀងទី ២ បណ្តោះអាសន្ន ក្នុងលីគ ប្រកួត ១៥លើក ឈ្នះ ១១ ស្មើ ២ និងចាញ់ ២ មាន ៣៥ ពិន្ទុ តាមពីក្រោយបឹងកេត ៤ពិន្ទុ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT